35 C
Phnom Penh

សហរដ្ឋ​អាមេរិក​ព្រមាន​ទៅ​ពលរដ្ឋ​របស់​ខ្លួន​ត្រូវ​ចាកចេញ​ពី​រុស្ស៊ី​ជាបន្ទាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​កាន់តែ​សាហាវ​ខ្លាំង​ទៅៗ​នៅ​ពេលនេះ ជាពិសេស​គឺ​នៅ​ភាគ​ខាងកើត​ប្រទេស។ ក្រោយ​ខួប​មួយ​ឆ្នាំ​នៅ​ថ្ងៃទី​២៤ ខែ​កុម្ភៈ ខាងមុខ​នេះ រុស្ស៊ី​អាច​នឹង​មាន​ផែនការ​ថ្មី​ផ្សេង​ទៀត​ទៅ​លើ​ប្រទេស​អ៊ុយក្រែន និង​ទៅ​លើ​ផល​ប្រយោជន៍​របស់​ពួក​បស្ចិម​ប្រទេស​ដែល​មាន​នៅ​លើ​ទឹកដី​រុស្ស៊ី។

បន្ថែម​លើស​ពី​នេះ ក៏​មាន​ការ​ព្រមាន​ថា ពលរដ្ឋ​ក្រុម​បស្ចិម​ប្រទេស ជាពិសេស​ពលរដ្ឋ​អាមេរិកាំង​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​រុស្ស៊ី អាច​ប្រឈម​នឹង​ការ​ចាប់​ខ្លួន ឬ​ករណី​បង្ក​គ្រោះថ្នាក់​ដោយ​ប្រការ​អ្វី​មួយ។ នៅ​ថ្ងៃទី​១៣ ខែ​កុម្ភៈ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ក្រុង​មូស្គូ ដែល​បាន​ទទួល​ការ​ណែនាំ​ពី​ក្រសួង​ការបរទេស​របស់​ខ្លួន បាន​ព្រមាន​ជា​ចំហ​ទៅ​កាន់​ពលរដ្ឋ​អាមេរិក ដែល​នៅ​បន្ត​ស្ថិត​ក្នុង​ប្រទេស​រុស្ស៊ី ត្រូវតែ​ចាកចេញ​ពី​ប្រទេស​នេះ​ជាបន្ទាន់។

ការ​ប្រកាស​របស់​ស្ថានទូត​អាមេរិក ដោយ​ផ្អែក​លើ​ស្ថានការណ៍​សឹក​ដែល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​កាន់តែ​អាក្រក់ និង​ធ្ងន់ធ្ងរ ជាពិសេស​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ភាគ​ខាងកើត​ប្រទេស។

ការ​ព្រមាន​នេះ ក៏​កើតឡើង​ទន្ទឹម​នឹង​ខួប​មួយ​ឆ្នាំ​ជិត​ចូល​មក​ដល់។ ខួប​មួយ​ឆ្នាំ​ដែល​រុស្ស៊ី​លើក​ទ័ព ២៥​ម៉ឺន​នាក់​វាយ​លុក​ចូល​អ៊ុយក្រែន នឹង​ចូល​មក​ដល់​នៅ​សប្ដាហ៍​ក្រោយ​នេះ។

ក្នុង​ខួប​មួយ​ឆ្នាំ​នេះ​ហើយ​ដែល​របប​នៅ​ក្រុង​មូស្គូ ក្រោម​ការ​ដឹកនាំ​របស់​ជន​ផ្ដាច់ការ វ៉្លាឌីមៀរ ពូទីន អាច​នឹង​ចាត់​វិធានការ​ថ្មី​ទៀត​ទៅ​លើ​ប្រទេស​អ៊ុយក្រែន ជាមួយ​នឹង​ការ​សងសឹក​ពួក​បស្ចិម​ប្រទេស​ដែល​សហរដ្ឋ​អាមេរិក​ឈាន​មុខ​គេ ក្នុង​ការ​ផ្ដល់​សព្វាវុធ​ទៅ​ឱ្យ​អ៊ុយក្រែន និង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​ប្រទេស​រុស្ស៊ី។

តាម​សេចក្ដី​ប្រកាស​របស់​ស្ថានទូត​អាមេរិក​នៅ​ក្រុង​មូស្គូ ការ​ប្រព្រឹត្ត​ទៅ​លើ​ពលរដ្ឋ​អាមេរិក​អាច​មាន​ការ​ចាប់​ខ្លួន ដោយ​ចោទ​អ្វី​មួយ​របស់​អាជ្ញាធរ​រុស្ស៊ី ឬ​ការ​ចាប់​ពង្រាត់ ឬ​ករណី​ផ្សេងៗ​ទៀត​ដោយ​ក្រុម​សម្ងាត់​ណា​មួយ ឬ​ដោយ​ក្រុម​ភេរវកម្ម។

ដោយ​ឃើញ​ផលវិបាក​ទាំងនេះ​អាច​កើតមាន ស្ថានទូត​អាមេរិក​ព្រមាន​ពលរដ្ឋ​របស់​ខ្លួន​ដែល​នៅ​មិន​ទាន់​ចាកចេញ​ពី​ប្រទេស​រុស្ស៊ី ត្រូវតែ​ចាកចេញ​ជាបន្ទាន់ ហើយ​ពលរដ្ឋ​ណា​ដែល​ចង់​មក​កាន់​ប្រទេស​រុស្ស៊ី គឺ​មិន​ត្រូវ​មក​ដាច់ខាត។

ស្ថានទូត​ប្រកាស​ទៀត​ថា បើ​ពលរដ្ឋ​មាន​ទុក្ខ​ធុរៈ​មិន​អាច​ចាកចេញ ត្រូវ​មក​កាន់​ស្ថានទូត​អាមេរិក​ដើម្បី​ឱ្យ​ស្ថានទូត​ជួយ​ដោះស្រាយ គឺ​ស្ថានទូត​នឹង​ផ្ដល់​ជំនួយ​សេវាកម្ម​ភ្លាមៗ។

សេចក្ដី​ប្រកាស​របស់​ស្ថានទូត​អាមេរិក​បន្ត​ថា ឆាប់ៗ​នេះ រុស្ស៊ី​នឹង​ធ្វើ​កំណើន​ទ័ព​ជា​ថ្មី​ទៀត​ដើម្បី​ប្រមូល​កម្លាំង​ត្រៀម​ទៅ​សមរភូមិ​នៅ​លើ​ទឹកដី​អ៊ុយក្រែន ហើយ​ពេល​នោះ អាជ្ញាធរ​រុស្ស៊ី​អាច​នឹង​ចាប់​ខ្លួន​ពលរដ្ឋ​បរទេស ដោយ​ហេតុផល​ថា​ជា​ក្រុម​ចារកម្ម​នៅ​លើ​ទឹកដី​រុស្ស៊ី ហើយ​ការ​កេណ្ឌ​ទ័ព​ជា​ថ្មី​នេះ​អាច​បង្ក​ឱ្យ​ពលរដ្ឋ​រុស្ស៊ី​ធ្វើការ​តវ៉ា​ជា​ថ្មី​ទៀត​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​មូស្គូ ដែល​ពេល​នោះ​នឹង​មាន​ការ​បង្ក្រាប និង​ចាប់​ខ្លួន​អ្នក​តវ៉ា។

តាម​ការ​ព្រមាន​នេះ ពលរដ្ឋ​អាមេរិក​ដែល​មាន​មុខជំនួញ​តូច​ក្ដី​ធំៗ​ក្ដី ក៏​ត្រូវ​រក​ពេលវេលា​ដើម្បី​ប្រមូល​ធនធាន​របស់​ខ្លួន​ចាកចេញ​ដែរ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​តួកគី Anadolu ដែល​ស្រង់​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក នៅ​ក្រុង​មូស្គូ នៅ​ថ្ងៃទី​១៣ កុម្ភៈ នេះ។

យ៉ាងណា ការ​ព្រមាន​របស់​ស្ថានទូត​អាមេរិក​នៅ​រុស្ស៊ី ធ្វើឡើង​ក្រោយពី​អគ្គ​រដ្ឋអាជ្ញា​នៃ​សហព័ន្ធ​សហរដ្ឋ​អាមេរិក Merrick Garland កាលពី​ពេល​ថ្មីៗ​នេះ បាន​ចេញ​ដីកា​បង្គាប់​ទៅ​រដ្ឋការ​លោក បៃដិន ឱ្យ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី ជាពិសេស​ទុន​ហិរញ្ញវត្ថុ​របស់​រុស្ស៊ី ដែល​មាន​នៅ​លើ​ទឹកដី​អាមេរិក ដែល​ក្រសួង​រតនាគារ​អាមេរិក​រក​ឃើញ​ជាង ៥​ពាន់​លាន​ដុល្លារ ដោយ​ត្រូវ​រឹបអូស​ដើម្បី​ទូទាត់​នឹង​អំពើ​វិនាសកម្ម​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន ដោយ​ប្រគល់​ទៅ​ឲ្យ​រដ្ឋាភិបាល​លោក​ប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី។

លោក​អគ្គ​រដ្ឋអាជ្ញា Merrick Garland បាន​ចេញ​ដីកា​ដូចនេះ​ខណៈ​លោក​បាន​ជួប​នឹង​អគ្គ​រដ្ឋអាជ្ញា​អ៊ុយក្រែន ដែល​មក​ជួប​លោក​ផ្ទាល់​នៅ​ក្រុង​វ៉ាស៊ីនតោន ដោយ​ស្នើ​ឱ្យ​អាមេរិក​មាន​វិធានការ​នេះ​ទៅ​លើ​ប្រទេស​រុស្ស៊ី។

ទុន​ហិរញ្ញវត្ថុ​របស់​រុស្ស៊ី​មាន​នៅ​លើ​ទឹកដី​អាមេរិក ជាង ៥​ពាន់​លាន​ដុល្លារ​នេះ គឺ​យ៉ាងហោចណាស់​ទ្រព្យសម្បត្តិ​របស់​សេដ្ឋី​រុស្ស៊ី ជិត ៤០​នាក់ ក៏​មាន​ក្នុង​ការ​រឹបអូស​នេះ​ដែរ។ ករណី​នេះ​ដែល​អ្នក​សង្កេតការណ៍​យល់​ថា អាច​នឹង​នាំ​ឱ្យ​រដ្ឋាភិបាល​លោក ពូទីន ធ្វើការ​សងសឹក​អាមេរិក។

ណា​មួយ​ទៀត ការ​ព្រមាន​នេះ​កើតឡើង​ស្រប​ពេល​ដែល​សេតវិមាន​ជូនដំណឹង​ថា លោក​ប្រធានាធិបតី ចូ បៃដិន នឹង​ធ្វើ​ដំណើរ​ទៅ​អឺរ៉ុប ដើម្បី​បើក​វេទិកា​ជាមួយ​ក្រុម​មេដឹកនាំ​អឺរ៉ុប អំពី​ខួប​មួយ​ឆ្នាំ​នៃ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ហើយ​ជាមួយ​គ្នា​នោះ លោក បៃដិន នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ប៉ូឡូញ ដើម្បី​សួរ​សុខទុក្ខ​កងទ័ព​អាមេរិក​នៅ​លើ​ទឹកដី​នៅ​អឺរ៉ុប​ខាងកើត​មួយ​នេះ។

ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​២ របស់​លោក បៃដិន ទៅ​កាន់​ប្រទេស​ប៉ូឡូញ នេះ ត្រូវ​គេ​រំពឹង​ថា លោក បៃដិន នឹង​ទៅ​ពិនិត្យ​ស្ថានការណ៍​តាម​ព្រំដែន​ប៉ូឡូញ និង​អ៊ុយក្រែន។

នៅ​លើ​ទឹកដី​ប៉ូឡូញ លោក បៃដិន នឹង​ជួប​ប្រធានាធិបតី​ប៉ូឡូញ ដែល​ប៉ូឡូញ ជា​ប្រទេស​ដ៏​ខ្លាំង​នៅ​អឺរ៉ុប​ខាងកើត ក្នុង​ការ​ចេញ​មុខ​ប្រឆាំង​នឹង​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ តែ​ប៉ូឡូញ គឺជា​សមាជិក​ណាតូ​ដ៏​សំខាន់​មួយ​ដែល​រុស្ស៊ី​ចាត់ទុក​ថា​ជា​ប្រភព​ចែកចាយ​អាវុធ​ទៅ​ឱ្យ​ទ័ព​អ៊ុយក្រែន និង​ជា​ផ្លូវ​ដឹកជញ្ជូន​អាវុធ​របស់​ពួក​បស្ចិម​ប្រទេស​ចូល​ទឹកដី​អ៊ុយក្រែន។

បច្ចុប្បន្ន នៅ​លើ​ទឹកដី​ប៉ូឡូញ​មាន​កងទ័ព​អាមេរិក កងទ័ព​បារាំង អាល្លឺម៉ង់ អង់គ្លេស ហើយ​សម្រាប់​សហរដ្ឋ​អាមេរិក បាន​ដំឡើង​រួច​ហើយ​ប្រព័ន្ធ​មីស៊ីល​ប៉ាទ្រីយ៉ូត នៅ​តាម​ព្រំដែន​ប៉ូឡូញ​ជាប់​នឹង​អ៊ុយក្រែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស