ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើកវិស័យសិទ្ធិមនុស្សជិត ៤០ស្ថាប័ន ទាមទារឱ្យរដ្ឋមន្ត្រីចំនួន ៤ក្រសួង ដាក់ចំណាត់ការទៅលើលោក ផែង វណ្ណៈ ដែលជាម្ចាស់ទំព័រហ្វេសប៊ុក Pheng Vannak News ចំពោះការប្រមាថ មាក់ងាយ និងបៀតបៀនទៅលើស្ត្រីដែលជាអ្នកសារព័ត៌មាន។
ក្រុមអង្គការក្រៅរដ្ឋាភិបាលទាំងនេះ បានចេញលិខិតចំហមួយកាលពីថ្ងៃទី១៤ ខែកុម្ភៈ ទាមទារឲ្យរដ្ឋមន្ត្រីក្រសួងកិច្ចការនារី អ្នកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា និងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត ដាក់ចំណាត់ការទៅលើលោក ផែង វណ្ណៈ។
នៅក្នុងលិខិតចំហដដែលលើកឡើងថា ការប្រមាថមាក់ងាយរបស់លោក ផែង វណ្ណៈ គឺជាទង្វើអសីលធម៌ និងបំពានយ៉ាងខ្លាំងទៅលើស្ត្រីដែលជាអ្នកយកព័ត៌មាន ហើយក៏ជាការបំពានលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ដែលផ្ទុយស្រឡះពីច្បាប់ស្ដីពីសារព័ត៌មានរបស់ប្រទេសកម្ពុជា។
ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ រួមមានសមាគមការពារសិទ្ធិមនុស្ស និងការអភិវឌ្ឍនៅកម្ពុជា (ADHOC) អង្គការកម្ពុជាដើម្បីស្ត្រីមានវិបត្តិ បណ្ដាញយេនឌ័រ និងអភិវឌ្ឍន៍ អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ និងអង្គការជាច្រើនទៀត អះអាងថា ទង្វើរបស់លោក ផែង វណ្ណៈ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល បន្ទាបតម្លៃស្ត្រី និងតម្លៃរបស់សង្គមកម្ពុជាទាំងមូលផងដែរ ដែលបានចែងអំពីសិទ្ធិសេរីភាពរបស់ពលរដ្ឋកម្ពុជាក្នុងរដ្ឋធម្មនុញ្ញ។
ក្រុមអង្គការសង្គមស៊ីវិលទាំងនេះបង្គាប់ឱ្យលោក ផែង វណ្ណៈ កែតម្រូវនូវពាក្យពេចន៍ដែលខ្លួនបានប្រមាថមាក់ងាយ និងត្រូវចេញមុខសូមទោសជាសាធារណៈចំពោះស្ត្រីរងគ្រោះអ្នកសារព័ត៌មានផងដែរ ចំពោះទង្វើអសីលធម៌របស់ខ្លួនដែលបានប្រព្រឹត្តកាលពីពេលថ្មីៗនេះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីអ្នកសារព័ត៌មានដែលមាននិន្នាការគាំទ្រលោក ហ៊ុន សែន គឺលោក ផែង វណ្ណៈ បានប្រើសម្ដីប្រមាថធ្ងន់ធ្ងរលើស្ត្រីអ្នកសារព័ត៌មានរបស់ វីអូឌី ដោយការបៀតបៀនផ្លូវភេទធ្ងន់ធ្ងរ។
កាលពីថ្ងៃទី៩ ខែកុម្ភៈ សារព័ត៌មាន VOD បានចេញផ្សាយអត្ថបទមួយដែលពាក់ព័ន្ធនឹងលោក ហ៊ុន ម៉ាណែត ដែលបានដើរតួនាទីជំនួសឪពុកក្នុងការចុះហត្ថលេខាផ្តល់ជំនួយឲ្យប្រទេសតួកគី ដែលផ្សាយដោយបុគ្គលិកសារព័ត៌មាន VOD ម្នាក់ឈ្មោះកញ្ញា ប៉ា សុខេង។ ប៉ុន្តែក្រោយការចុះផ្សាយរបស់ វីអូឌី គណនីហ្វេសប៊ុកមួយឈ្មោះ Vannak Pheng ដែលគេស្គាល់គ្រប់គ្នាថាជាគណនីហ្វេសប៊ុករបស់អ្នកសារព័ត៌មានគ្មានក្រមសីលធម៌ម្នាក់ឈ្មោះ ផែង វណ្ណៈ ដែលតែងគាំទ្រលោក ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកថា «បើលោកផ្សាយថា លោកទើបតែយកខ្លួននាងបាន ៣-៤ដង និងធ្លាប់ជូននាងទៅយកកូនចេញម្តងដែរ តើនាងយល់អារម្មណ៍ដែលគេចោទទាំងទទឹងទិសបែបណា?»។

យ៉ាងណាក៏ដោយ សំណេរនេះត្រូវបានគណនីហ្វេសប៊ុកមួយឈ្មោះ Vannak Pheng លុបចោលវិញ ដោយគ្មានមូលហេតុ ឬសុំទោសសាមីខ្លួន គឺកញ្ញា ប៉ា សុខេង អ្វីទាំងអស់។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ អង្គការសង្គមស៊ីវិលជិតមួយរយស្ថាប័ន រួមមានសហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ (អាស៊ីប៉ាស៊ីហ្វិក) អង្គការអ្នករាយការណ៍គ្មានព្រំដែន (RSF) និង Foreign Correspondents’ Club of Japan (FCCJ) ជាដើម បានទាមទារឱ្យក្រសួងពាក់ព័ន្ធ ដូចជាក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ជាដើម ជំរុញឱ្យលោក ផែង វណ្ណៈ ធ្វើការសូមទោសចំពោះស្ត្រីអ្នករាយការណ៍ព័ត៌មានដែលលោក ផែង វណ្ណៈ បានប្រមាថ និងតម្រូវឱ្យបុគ្គលរូបនេះបញ្ឈប់សកម្មភាពបៀតបៀនផ្លូវភេទចំពោះស្ត្រីអ្នករាយការណ៍ព័ត៌មានទៅថ្ងៃមុខបន្តទៀត។
មាត្រា ៣១ នៃរដ្ឋធម្មនុញ្ញចែងថា ពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការ នយោបាយ ដើមកំណើតជាតិ ឋានៈក្នុងសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ។ ការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់។
កាលពីដើមខែមេសា ឆ្នាំ២០១៩ លោក ផែង វណ្ណៈ ធ្លាប់ត្រូវសមត្ថកិច្ចចាប់ឃុំខ្លួនអស់រយៈពេលជាង ២ខែម្តងរួចមកហើយ ក្រោយពីមានបណ្តឹងមួយក្រោមបទចោទជាច្រើនករណី ដូចជាបទបរិហារកេរ្តិ៍ជាសាធារណៈ បទជេរប្រមាថជាសាធារណៈ និងបទគំរាមកំហែងកេរ្តិ៍ ជាដើម៕