28 C
Phnom Penh

លោក រ៉ុង ឈុន អះអាង​ថា​នឹង​អញ្ជើញ​លោក កឹម សុខា ឱ្យ​ដឹកនាំ​បក្ស​ភ្លើង​ទៀន​ពេល​មាន​សេរីភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន ប្រកាស​អញ្ជើញ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឱ្យ​ទៅ​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន ប្រសិនបើ​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​លើកលែង​ការ​ចោទប្រកាន់ និង​មាន​ការ​បើក​លំហ​សិទ្ធិ​សេរីភាព​ពី​សំណាក់​រដ្ឋាភិបាល​ឱ្យ​គាត់​អាច​វិល​ចូលរួម​ក្នុង​ឆាក​នយោបាយ​ឡើងវិញ។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ដែល​ទើប​នឹង​តែងតាំង​ថ្មី លោក រ៉ុង ឈុន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ចន្ទ ទី​២០ កុម្ភៈ ថា លោក​ហ៊ាន​អះអាង​ជំនួស​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ថា ប្រសិនបើ​លោក កឹម សុខា ត្រូវ​បាន​លើកលែង​ពី​ការ​ចោទប្រកាន់ និង​អាច​ធ្វើ​សកម្មភាព​នយោបាយ​វិញ លោក​នឹង​ទៅ​អញ្ជើញ​លោក កឹម សុខា ឱ្យ​ទៅ​ធ្វើ​ជា​មេដឹកនាំ​គណបក្ស​ភ្លើង​ទៀន​ដោយ​ផ្ទាល់។

លោក រ៉ុង ឈុន បញ្ជាក់​ថា ក្នុង​ករណី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញ មន្ត្រី​ជាន់ខ្ពស់​បក្ស​ភ្លើង​ទៀន​នឹង​ទៅ​ជួប​ជជែក​ជាមួយ​លោក កឹម សុខា ដើម្បី​រួម​បញ្ចូល​កម្លាំង​គ្នា​ក្នុង​ការ​ប្រមូល​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ឆ្ពោះ​ទៅ​រក​ការ​ប្រកួត​ប្រជែង​មួយ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ក្នុង​ការ​បោះឆ្នោត​ខាងមុខ​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ ខណៈ​មាន​មតិ​ខ្លះ​លើកឡើង​ថា សម្ដី​របស់​លោក រ៉ុង ឈុន ហាក់ដូចជា​ការ​បិទ​ផ្លូវ​មិន​ឱ្យ​លោក កឹម សុខា មាន​សេរីភាព​ទៅវិញ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា ការ​អះអាង​របស់​លោក រ៉ុង ឈុន គឺជា​រឿង​ល្អ​សម្រាប់​កសាង​កម្លាំង​អ្នក​ប្រជាធិបតេយ្យ ប៉ុន្តែ​ប្រសិនបើ​រឿង​នេះ​កើតឡើង​មែន នោះ​មាន​ន័យ​ថា​ការ​តស៊ូ​ដើម្បី​យុត្តិធម៌​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ៥​ឆ្នាំ​មក​នេះ គឺ​ឥត​ន័យ​ខ្លឹមសារ​អ្វី​ទាំងអស់។

លោក សេក សុជាតិ លើកឡើង​ថា ភាព​វិជ្ជមាន​សម្រាប់​លោក កឹម សុខា ក្នុង​ការ​ទទួល​បាន​នូវ​សិទ្ធិ​សេរីភាព​ដើម្បី​វិល​ចូល​ឆាក​នយោបាយ​វិញ គឺ​មាន​តិចតួច​បំផុត ដូច្នេះ​ការ​ប្រកាស​របស់​លោក រ៉ុង ឈុន ដែល​ថា​នឹង​ទៅ​អញ្ជើញ​លោក កឹម សុខា មក​ដឹកនាំ​បក្ស​ភ្លើង​ទៀន​បែប​នេះ អាច​ជា​ហេតុផល​មួយ​ធ្វើ​ឱ្យ​លោក កឹម សុខា នឹង​ត្រូវ​រង​នូវ​ការ​រឹតត្បិត​សេរីភាព​កាន់តែ​យូរ​បន្ត​ទៀត​ទៅវិញ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា លោក កឹម សុខា ប្រហែល​ជា​នឹង​មិន​ទៅ​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន​តាម​ការ​អញ្ជើញ​របស់​លោក រ៉ុង ឈុន នោះ​ទេ ព្រោះ​លោក កឹម សុខា នៅតែ​មាន​ជំហរ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល ដែល​ជា​គណបក្ស​មាន​កម្លាំង​នយោបាយ​ធំ និង​មាន​ការ​ទទួលស្គាល់​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​នានា ជាពិសេស​គណបក្ស​នេះ​មាន​ឥទ្ធិពល​នយោបាយ​ស្មើ​នឹង​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ។

កាលពី​ខែ​សីហា ឆ្នាំ​២០២២ ប្រធាន​អនុ​គណៈកម្មការ​ព្រឹទ្ធសភា​ទទួល​បន្ទុក​ទំនាក់ទំនង​ការបរទេស លោក Edward J. Markey ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​សេរីភាព​ឲ្យ​លោក កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០២៣ ខាងមុខ​នេះ។

កាលពី ៥​ឆ្នាំ​មុន គឺ​នៅ​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​ក្រុង​ភ្នំពេញ​ប្រកាស​រំលាយ បន្ទាប់ពី​ប្រធាន​បក្ស លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​សម្រុក​ចូល​ចាប់​ខ្លួន​ទាំង​កណ្តាល​យប់​ដល់​គេហដ្ឋាន​កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ដដែល​នោះ​តាម​បញ្ជា​លោក ហ៊ុន សែន។

ក្រៅពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មន្ត្រី​ជាន់ខ្ពស់​បក្ស​នេះ​ចំនួន ១១៨​នាក់​ដែល​មាន​តួនាទី​ចាប់ពី​គណៈកម្មាធិការ​នាយក​ឡើង​ទៅ ក៏​ត្រូវ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ​ថែម​ទៀត ដែល​ធ្វើ​ឱ្យ​កម្លាំង​នយោបាយ​បក្ស​នេះ​ត្រូវ​បែកខ្ញែក​គ្នា​ជា​បន្តបន្ទាប់ ក្នុង​នោះ​មាន​អ្នក​ខ្លះ​ទៅ​បើក​បក្ស​ថ្មី អ្នក​ខ្លះ​ទៅ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ខណៈ​គណបក្ស​ភ្លើង​ទៀន​ដែល​មាន​ដើម​កំណើត​ពី​គណបក្ស សម រង្ស៊ី និង​ជា​សម្ព័ន្ធមិត្ត​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស ក្នុង​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ចាកចេញ​មក​ធ្វើ​សកម្មភាព​នយោបាយ​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ខាងមុខ​នេះ​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស