32.9 C
Phnom Penh

បណ្ដាញ​សហគមន៍​ព្រៃឡង់​ថា​អាជ្ញាធរ​មិន​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​សត្វព្រៃ​ព្រៃឡង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ រក​ឃើញ​បទល្មើស​ជាច្រើន​ករណី​បាន​កើតឡើង​នៅ​ក្នុង​តំបន់​អភិរក្ស​សត្វព្រៃ​ព្រៃឡង់​យ៉ាង​អនាធិបតេយ្យ ដែល​ជា​ទង្វើ​របស់​ក្រុមហ៊ុន​រកស៊ី​ឈើ​ខុស​ច្បាប់​មួយ​ចំនួន ខណៈ​អាជ្ញាធរ ឬ​មន្ត្រី​ឧទ្យានុរក្ស​មិន​បាន​ចុះ​ស៊ើបអង្កេត ឬ​ចុះ​អន្តរាគមន៍​ឡើយ។

បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ​ថា ក្នុង​រយៈពេល ៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ខ្លួន​បាន​រក​ឃើញ​បទល្មើស​ព្រៃឈើ​បន្ថែម​ទៀត​ដោយ​គ្មាន​ការ​ស៊ើបអង្កេត និង​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ​ឡើយ ក្នុង​នោះ​ពួកគេ​បាន​រក​ឃើញ​គល់ឈើ​ដែល​បាន​កាត់​រួច​ចំនួន ៧២​គល់ ដែល​ជា​ប្រភេទ​ឈើ​ស្រឡៅ ឈើទាល ផ្ចឹក សុក្រំ ឈ្លីក និង​គគីរ ជាដើម។

ប្រភព​ដដែល​លើកឡើង​ថា ក្រៅពី​ឈើ​ដែល​ត្រូវ​កាប់​បំផ្លាញ និង​ដឹកជញ្ជូន​ទៅ​អស់ ពួកគេ​ក៏​បាន​ឃើញ​ភស្តុតាង​ជាច្រើន​ទៀត​នៅ​នឹង​ទីតាំង​ផ្ទាល់ ដូចជា​ឈើ​ឃ្នាប ឈើ​ក្តារ ឈើ​ឃ្លុំ ដែល​សរុប​មាន​ចំនួន​ជាង ២៩​ម៉ែត្រ​គូប។ ក្រៅពី​នេះ​ក៏​រក​ឃើញ​គោយន្ត​ចំនួន ១៧​គ្រឿង រណារ​យន្ត ១៥​គ្រឿង មនុស្ស ៣៨​នាក់ ម៉ូតូ ៨​គ្រឿង ប្រេងសាំង និង​ម៉ាស៊ូត​ជាច្រើន​ប៊ីដុង​ធំ និង​អាវុធ​កែច្នៃ​ចំនួន ១៧​ដើម​ផង​ដែរ។

បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ បញ្ជាក់​ថា ការ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​សត្វព្រៃ​ព្រៃឡង់​នៅ​ពេលនេះ គឺ​កំពុង​កើតមាន​យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុង​ទីតាំង​មួយ​ចំនួន ដូចជា​ចំណុច​វាលស្មាច់ ចំណុច​អូរពីរ ចំណុច​ដំណាក់ភ្ញៀវ ចំណុច​ព្រៃ​ស្រុកចាស់ ចំណុច​បុស្សរាំង និង​ចំណុច​ជាំប្រមេរុ ផង​ដែរ។

ក្រមព្រហ្មទណ្ឌ​មាត្រា​៥២៨ ចែង​ថា មន្ត្រី​រាជការ​សាធារណៈ​មិន​ប្ដឹង​បរិហារ និង​មិន​អើពើ​បង្ក្រាប​បទល្មើស​ឋិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ​ដល់ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល​ដល់ ៦​លាន​រៀល។ ប៉ុន្តែ​កន្លងមក​ត្រូវ​គេ​មើល​ឃើញ​មន្ត្រី​ដែល​អនុវត្ត​ខុស​ពី​មាត្រា​នេះ មិន​ទទួល​រង​ទណ្ឌកម្ម ឬ​ពិន័យ​ទេ តែ​បែរ​ជា​ត្រូវ​ដំឡើង​ឋានៈ​បុណ្យ​ស័ក្តិ​ទៅវិញ។

ជាក់ស្តែង ឧកញ៉ា លីម ប៊ុណ្ណា ហៅ​ឧកញ៉ា ខ្នា និង​នាយករង​ការិយាល័យ​បំភ័ន្ត​អក្ខរៈ​នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ចាប សារ៉ន ដែល​គេ​ដឹង​ឮ​គ្រប់​គ្នា​ថា​ជា​ឧក្រិដ្ឋជន​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​នេះ ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​របស់​លោក ហ៊ុន សែន និង​ត្រូវ​បាន​ដំឡើង​ឋានៈ​ពី​មន្ត្រី​ទាប​ទៅ​ជា​មន្ត្រី​ថ្នាក់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ផង​ដែរ បើ​ទោះបីជា​ពួកគេ​ល្បីល្បាញ​ខាង​បទល្មើស​ព្រៃឈើ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ព្រៃឡង់​យ៉ាងណា​ក៏ដោយ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ បណ្ដាញ​សហគមន៍​ព្រៃឡង់​ជាច្រើន​នាក់​នៅ​ខេត្ត​ព្រះវិហារ បាន​ត្អូញត្អែរ​អំពី​ការ​កាប់​បំផ្លាញ​ដើមឈើ​ធំៗ​រាប់​រយ​ដើម​ពី​សំណាក់​ក្រុមហ៊ុន ម៉ាខល ឡូជីស្ទីក ឬ​ក្រុមហ៊ុន​៩៧ ដែល​មាន​ដើមឈើ​សុក្រំ ដើម​ឈ្លីក ដើម​ផ្ចឹក ដើម​រាំង ដើម​ត្រាច ដើម​ឈើទាល និង​ដើម​ផ្ដៀក ជាដើម។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​០៤ ខែ​កញ្ញា ឆ្នាំ​២០២២ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា រិះគន់​ថា ការ​ចោទប្រកាន់​ថា ព្រៃឈើ​នៅ​កម្ពុជា​កំពុង​បន្ត​រង​នូវ​ការ​កាប់​បំផ្លាញ គឺជា​ចេតនា​បង្កប់​សារ​នយោបាយ និង​ជា​យុទ្ធនាការ​មួយ​ដែល​ប្រឆាំង​នឹង​កម្ពុជា​ដើម្បី​បំភ្លៃ បំផ្លើស និង​បំប៉ោង​របស់​ក្រុម​អ្នក​ស្រឡាញ់​ព្រៃឈើ​តែ​សម្បក​ក្រៅ។

ទាក់ទិន​នឹង​ករណី​នេះ សកម្មជន​ព្រៃឈើ លោក ហេង ស្រស់ ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ទាំងអស់​នៅ​ជុំវិញ​តំបន់​ព្រៃឡង់​សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ និង​ទទួល​បាន​សំណូក​ពី​ជនល្មើស​ទាំងអស់ ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​មិន​ចាត់​វិធានការ​បង្ក្រាប និង​ដាក់​ទោសពៃរ៍​លើ​ពួក​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​ទាំងនោះ​ទេ។

លោក ហេង ស្រស់ អះអាង​ថា អ្នក​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ទាំងនោះ​តែងតែ​និយាយ​ទាំង​ទឹកមុខ​ញញឹម​ថា ពួកគេ​មិន​ខ្លាច​មន្ត្រី​បរិស្ថាន​ទាំងនោះ​ឡើយ ព្រោះ​ពួកគេ​បាន​បង់​លុយ​ឱ្យ​មន្ត្រី​ទាំងនោះ​រួច​អស់​ហើយ មុន​ពេល​ដែល​ពួកគេ​ចូល​មក​កាប់​ឈើ​នៅ​ក្នុង​តំបន់​ព្រៃឡង់​នេះ។

បែប​នេះ​ក្តី អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​របាយការណ៍​មួយ​កាលពី​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២២ ថា ព្រៃឈើ​ចំនួន ៦២៧១​ហិកតារ ត្រូវ​បាន​កាប់​បំផ្លាញ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ ក្នុង​នោះ​មាន​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ និង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ដែល​ជា​ការ​កាប់​ឈើ​ខុស​ច្បាប់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ និង​កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច​នៅ​តំបន់​នោះ​យ៉ាង​ធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស