31 C
Phnom Penh

បទវិភាគ៖ សមាជិក​ណាតូ​នៅ​អឺរ៉ុប​ខាងកើត​កាន់តែ​កក់ក្ដៅ​ប្រឆាំង​ការ​គំរាម​ឈ្លានពាន​ពី​រុស្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ក្រោយពី​បញ្ចប់​ទស្សនកិច្ច​នៅ​រដ្ឋធានី​គៀវ នៃ​ប្រទេស​អ៊ុយក្រែន ដ៏​ភ្ញាក់ផ្អើល ដែល​នៅ​ទីនោះ​លោក​បាន​សច្ចា​នៅ​ចំពោះ​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេឡេនស្គី ថា សហរដ្ឋ​អាមេរិក និង​ណាតូ​មិន​ផ្ដល់​ឱ្យ​រុស្ស៊ី​ឈ្នះ​សង្គ្រាម​ដាច់ខាត ទោះ​ស្ថានភាព​សង្គ្រាម​អាក្រក់​ធ្ងន់ធ្ងរ​យ៉ាងណាក៏ដោយ​នោះ។

សារ​របស់​លោក បៃដិន ធ្វើឡើង​នៅ​ចំពោះ​មុខ​ប្រធានាធិបតី​អ៊ុយក្រែន​ដូចនេះ គឺជា​ការ​លើក​ទឹកចិត្ត​ផ្ទាល់​ចំពោះ​លោក ហ្សឡេនស្គី ចំពោះ​កងទ័ព និង​ប្រជាជន​អ៊ុយក្រែន។

លោក ហ្សេឡេនស្គី មាន​ទឹកចិត្ត និង​សម្ដែង​អារម្មណ៍​អរគុណ​លោក បៃដិន ជា​ខ្លាំង​រហូត​ដល់​លោក​ស្ទុះ​ឱប​លោក បៃដិន ដែល​មើល​ទៅ​គឺជា​ការ​សម្ដែង​ការ​ដឹងគុណ​ដោយ​មិន​អាច​បំភ្លេច​បាន​ឡើយ​ចំពោះ​មេដឹកនាំ​មហាអំណាច​មួយ​នេះ ដែល​ជាន់​ដែនដី​ប្រទេស​មួយ​កំពុង​ធ្លាក់​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម​ដ៏​ធ្ងន់ធ្ងរ​បំផុត។

ក្រោយពី​លោក​ត្រឡប់​ពី​រដ្ឋធានី​គៀវ វិញ លោក បៃដិន បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ប៉ូឡូញ វិញ។ ពេល​នោះ​ហើយ​ដែល​លោក​បាន​បើក​ធ្វើ​វេទិកា​ជា​សាធារណៈ​នៅ​ចំពោះ​អ្នក​នយោបាយ ចំពោះ​មុខ​សមាជិក​សភា ជាពិសេស​គឺ​នៅ​ចំពោះ​មុខ​មេដឹកនាំ​នៃ​ប្រទេស​អឺរ៉ុប​ខាងកើត និង​អឺរ៉ុប​កណ្ដាល សុទ្ធសឹងតែ​ជា​ប្រទេស​សមាជិក​ណាតូ​ដែល​គេ​ហៅថា​កិច្ចប្រជុំ B-9។ មាន​ន័យ​ថា ជំនួប​លោក បៃដិន និង​មេដឹកនាំ ៩​ប្រទេស។

មេដឹកនាំ ៩​ប្រទេស​នោះ គឺ​មាន​ប្រទេស៖

  1. ប៉ូឡូញ
  2. ប៊ុលហ្គារី
  3. ហុងគ្រី
  4. រ៉ូម៉ានី
  5. អេស្តូនី
  6. សាធារណរដ្ឋ​ឆែក
  7. សាធារណរដ្ឋ​ស្លូវ៉ាគី
  8. លីទុយអានី
  9. និង​ឡាតល្វៀ។

នៅ​លើ​វេទិកា​ដែល​រៀបចំ​ឡើង​នៅ​រដ្ឋធានី​វ៉ាសូវី ប្រទេស​ប៉ូឡូញ សុន្ទរកថា​របស់​លោក បៃដិន បាន​រំជួល​ចិត្ត​មេដឹកនាំ និង​អ្នក​នយោបាយ​នៃ​ប្រទេស​ប៉ូឡូញ រួម​នឹង​អ្នក​នយោបាយ​ដែល​មកពី​បណ្ដា​ប្រទេស​ចំនួន ៨ ទៀត។

លោក​ប្រធានាធិបតី បៃដិន បាន​ថ្លែង​ទៅ​កាន់​មេដឹកនាំ​ប្រទេស​ទាំងអស់​នេះ​ដែល​ជា​សមាជិក​ណាតូ ដោយ​អះអាង​ថា សហរដ្ឋ​អាមេរិក និង​ណាតូ មិន​ទុក​ឱ្យ​ប្រទេស​ណា​មួយ​ដែល​មាន​ព្រំដែន​ជាប់​នឹង​រុស្ស៊ី ជាប់​នឹង​អ៊ុយក្រែន រង​ការ​ឈ្លានពាន​បាន​ពី​ប្រទេស​រុស្ស៊ី​នោះ​ទេ។

លោក បៃដិន សច្ចា​ថា សូម្បី​ដី​មួយ​ម៉ែត្រ​ក៏​មិន​ត្រូវ​ឱ្យ​បាត់​ទៅ​ខាង​ទឹកដី​រុស្ស៊ី​ផង​ដែរ។

លោក​បញ្ជាក់​ទៀត​ថា សហរដ្ឋ​អាមេរិក​ត្រូវតែ​ដឹក​មុខ​គេ បើ​ប្រទេស​ណា​មួយ​ធ្លាក់​ចូល​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី ឬ​ក៏​ប្រទេស​សម្ព័ន្ធមិត្ត​រុស្ស៊ី។ លោក បៃដិន បាន​លើកឡើង​ថា មាត្រា​៥ នៃ​ធម្មនុញ្ញ​អង្គការ​យោធា​ណាតូ តម្រូវ​ឲ្យ​ប្រទេស​ជា​សមាជិក​ទាំងអស់​ត្រូវ​តែ​បញ្ចេញ​កាតព្វកិច្ច​របស់​ខ្លួន ដើម្បី​ការពារ​ទឹកដី​ប្រទេស​សមាជិក ហើយ​ត្រូវ​លើក​ទ័ព​អន្តរាគមន៍​វាយ​រុញច្រាន​ប្រទេស​ដែល​ឈ្លានពាន។

សារ​របស់​លោក បៃដិន ទទួល​បាន​ការ​គាំទ្រ និង​ទះ​ដៃ​សាទរ​ព្រោងព្រាត​ពី​អ្នក​នយោបាយ​នៃ​ប្រទេស​ប៉ូឡូញ និង​មេដឹកនាំ​ប្រទេស​ទាំងនោះ។

អ្វី​ដែល​អ្នក​សារព័ត៌មាន​កត់សម្គាល់ គឺ​លោក បៃដិន បាន​ថ្លែង​ថា បើ​គ្មាន​អន្តរាគមន៍​ទាន់​ពេលវេលា​ទេ ម្ល៉េះ​អ៊ុយក្រែន​ត្រូវ​រុស្ស៊ី​លេប​ត្របាក់​បាត់​ទៅ​ហើយ ហើយ​ការ​ដឹកនាំ​របស់​លោក ហ្សេឡេនស្គី ក៏​ត្រូវ​រុស្ស៊ី​ផ្ដួល​រលំ​បាត់​ទៅ​ហើយ គឺ​នៅ​វគ្គ​ដំបូងៗ​នៃ​សង្គ្រាម​រយៈពេល​មួយ​ឆ្នាំ​មក​នេះ។ លោក​បញ្ជាក់​ថា ដោយសារតែ​អន្តរាគមន៍​របស់​ប៉ូឡូញ​នេះ​ហើយ ធ្វើ​ឱ្យ​អ៊ុយក្រែន​ទប់ទល់​បាន​ការ​វាយលុក​យ៉ាង​ខ្លាំង​ពី​សំណាក់​ទ័ព​រុស្ស៊ី។

គេ​នៅ​ចាំ​បាន​ថា នៅ​ពេល​ដែល​រុស្ស៊ី​វាយ​លុក​ចូល​អ៊ុយក្រែន​ភ្លាម ប្រទេស​ប៉ូឡូញ​សម្រេច​បញ្ជូន​សព្វាវុធ​របស់​អង់គ្លេស របស់​អាមេរិក ដែល​មាន​នៅ​លើ​ទឹកដី​ប៉ូឡូញ​ស្រាប់​នោះ ដឹក​ទៅ​ឲ្យ​កងទ័ព​អ៊ុយក្រែន។ សព្វាវុធ​ទាំងនោះ​បាន​នាំ​ឱ្យ​កងទ័ព​អ៊ុយក្រែន​វាយ​រុញច្រាន​មិន​ឱ្យ​កងទ័ព​រុស្ស៊ី​វាយ​ចូល​រដ្ឋធានី​គៀវ បាន​ឡើយ​រហូត​ដល់​វាយ​រុញច្រាន​ទ័ព​រុស្ស៊ី​ឱ្យ​បាក់​ទ័ព​ទៀត​ផង កាលពី​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​២០២២ ដែល​ទ័ព​រុស្ស៊ី​រុល​មក​កៀក​នឹង​រដ្ឋធានី​គៀវ ទៅ​ហើយ​នោះ។

អាវុធ​ដែល​រុញ​ទ័ព​រុស្ស៊ី​ឱ្យ​បាក់​ទ័ព​នោះ ហើយ​បាញ់​កម្ទេច​រថក្រោះ​រុស្ស៊ី​ឆេះ និង​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​ធ្លាក់​ជាច្រើន​នោះ គឺ​អាវុធ​របស់​អង់គ្លេស ឈ្មោះ​ថា Nlaw អាវុធ​របស់​អាមេរិក Javalin និង Stinger ជា​អាវុធ​រ៉ុក្កែត​ស្ពាយ​លើ​ស្មា។ ក្រោយពី​រុស្ស៊ី​បាក់​ទ័ព​ត្រឡប់​ទៅ​ភាគ​ខាងកើត​វិញ សហរដ្ឋ​អាមេរិក និង​សមាជិក​ណាតូ​ផ្សេងៗ​ទៀត​បង្កើន​ការ​ផ្ដល់​អាវុធ​ទៅ​ឲ្យ​អ៊ុយក្រែន​កាន់​តែ​មាន​សន្ទុះ​ខ្លាំង​ឡើង​រហូត​ដល់​ពេលនេះ គឺ​ការ​ផ្ដល់​អាវុធ​កើន​ឡើង​ជា​ពីរ​ជា​បី​ដង។

តាមរយៈ​ការ​ផ្ដល់​អាវុធ​ទៅ​ឲ្យ​អ៊ុយក្រែន​នេះ​ហើយ ធ្វើ​ឲ្យ​មេដឹកនាំ​អឺរ៉ុប​ខាងកើត ៩​ប្រទេស​នេះ​មាន​ភាព​កក់ក្ដៅ​ដែល​ថា​អ៊ុយក្រែន​អាច​នឹង​មិន​ចាញ់​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​នោះ​ទេ។

តែ​នៅ​ពេល​ដែល​លោក បៃដិន ថ្លែង​សច្ចា​ការពារ​មិន​ឱ្យ​ទឹកដី​សមាជិក​ណាតូ​ណា​មួយ​បាត់​សូម្បី​មួយ​ម៉ែត្រ​ទៅ​លើ​អ្នក​ឈ្លានពាន រឹត​ធ្វើ​ឱ្យ​មេដឹកនាំ​អឺរ៉ុប​ខាងកើត ៩​ប្រទេស​នេះ​ដែល​មាន​ព្រំដែន​ជាប់​អ៊ុយក្រែន និង​រុស្ស៊ី​នេះ កាន់​តែ​មាន​ភាព​កក់ក្ដៅ​ក្នុង​ការ​ទប់ទល់​ការ​គំរាមកំហែង​ពី​សំណាក់​មហាអំណាច​រុស្ស៊ី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស