29.3 C
Phnom Penh

ក្រសួង​ការងារ​ប្ដេជ្ញា​ពង្រឹង​អនុវត្ត​ច្បាប់​ការងារ​និង​សហជីព​ដើម្បី​ធានា​ការពារ​សិទ្ធិ​កម្មករ​និយោជិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្ដេជ្ញា​ពង្រឹង​អនុវត្ត​ច្បាប់​ស្ដីពី​ការងារ ច្បាប់​ស្ដីពី​សហជីព ច្បាប់​ស្ដីពី​ប្រាក់ឈ្នួល​អប្បបរមា ច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ ដើម្បី​ធានា​ការពារ​សិទ្ធិ​សេរីភាព​កម្មករ​និយោជិត​ទៅ​ថ្ងៃ​មុខ។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ជូនដំណឹង​បន្ទាប់ពី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២ កាលពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ​ថា ក្រសួង​នឹង​ពង្រឹង​យន្តការ​អធិការកិច្ច​ការងារ និង​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​អធិការកិច្ច​អន្តរ​ស្ថាប័ន និង​បន្ត​យកចិត្ត​ទុកដាក់​លើក​កម្ពស់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​សហគ្រិន និង​កម្មករ​និយោជិត​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដើម្បី​ទទួល​បាន​នូវ​ការ​ការពារ​សិទ្ធិ ជំនាញ​វិជ្ជាជីវៈ​ឲ្យខាងតែ​បាន។

ក្រសួង​ការងារ​លើកឡើង​ថា កន្លងមក តាមរយៈ​នៃ​ការ​ដោះស្រាយ​វិវាទ​ការងារ​របស់​ក្រសួង​បាន​ធ្វើ​ឱ្យ​អត្រា​ដោះស្រាយ​វិវាទ​ការងារ​ទាំង​កម្រិត​ផ្សះផ្សា និង​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​មាន​អត្រា​ខ្ពស់​ប្រមាណ​ជាង ៩០​ភាគរយ ដែល​ឆ្លុះបញ្ចាំង​ពី​ភាព​ល្អ​ប្រសើរ​នៃ​យន្តការ​ផ្សះផ្សា​វិវាទ​របស់​ក្រសួង​រហូត​មក។

អ្នក​គ្រប់គ្រង​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ កុម្ភៈ នេះ​ថា ការងារ​សមរម្យ​សម្រាប់​កម្មករ​និយោជិត គឺ​ត្រូវ​ផ្ដោត​សំខាន់​លើ​ការ​លើក​កម្ពស់​ស្តង់ដារ​ការងារ ប្រាក់ឈ្នួល​រស់នៅ​សមរម្យ លក្ខខណ្ឌ​ការងារ​ល្អ រួម​ទាំង​សុវត្ថិភាព​ការងារ​សម្រាប់​កម្មករ​និយោជិត ជាពិសេស​ប្រសិទ្ធភាព​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ ដើម្បី​ធានា​ដល់​ការ​លើក​កម្ពស់​ទំនាក់ទំនង​ការងារ​ផង​ដែរ។

លោក ឃុន ថារ៉ូ លើកឡើង​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​សង្កេត​ឃើញ​ថា​មាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល​កម្មករ​កំពុង​ជួបប្រទះ ជាពិសេស​សេរីភាព​ក្នុង​ការ​ចូលរួម​ជាមួយ​សហជីព​ត្រូវ​ទទួល​រង​នូវ​ការ​គំរាមកំហែង ការ​បដិសេធ​បញ្ជិកា​សហជីព​ពី​ការ​បញ្ឈប់​ពី​ការងារ​ដោយ​ខុស​ច្បាប់​នៅ​ពេល​កម្មករ​ចូលរួម​បង្កើត​សហជីព ការ​បិទ​រោងចក្រ​ដោយ​មិន​មាន​ការ​ទូទាត់​សំណង​ត្រឹមត្រូវ រួម​ទាំង​ការ​ព្យួរ​ការងារ​ខុស​នីតិវិធី ជាដើម។

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​បញ្ជាក់​ថា ដោយសារ​កម្សោយ​យន្តការ​ធ្វើ​អធិការកិច្ច​ការងារ និង​យន្តការ​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ ដោយ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ធ្វើការ​ចោទប្រកាន់ ប្រឆាំង​មេដឹកនាំ​សហជីព ក្នុង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព ក្នុង​ការ​ចងក្រង ការ​ចរចា និង​ការ​ធ្វើ​កូដកម្ម ជាពិសេស​ដូចជា​ករណី​ណាហ្គា​វើលដ៍ ជាដើម សុទ្ធសឹងតែ​ជា​ឧបសគ្គ​ធ្ងន់ធ្ងរ​សម្រាប់​កម្មករ​ខ្មែរ​សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ នាយករង​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស លោក Phil Robertson រិះគន់​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រទេស​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​សិទ្ធិ​ការងារ​អន្តរជាតិ​សំខាន់ៗ ប៉ុន្តែ​ប្រទេស​នេះ​បាន​បរាជ័យ​យ៉ាង​ខ្លាំង​ក្នុង​ការ​អនុវត្ត​តាម​អនុសញ្ញា​អន្តរជាតិ​ទាំងនេះ​រហូត​មក។

លោក Robertson រិះគន់​ថា ការ​រំលោភ​បំពាន​លើ​សហជីព និង​សិទ្ធិ​ការងារ​របស់​កម្មករ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទៅ​ខាង​និយោជក ដោយ​មិន​ខ្វល់​ពី​ការ​រំលោភ​សិទ្ធិ​នានា​លើ​កម្មករ​និយោជិត គឺជា​បញ្ហា​ដែល​កំពុង​កើត​នៅ​កម្ពុជា ដែល​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ដោះស្រាយ​បន្ទាន់​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២២ សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីកាឌូ បាន​អះអាង​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កម្មករ​និយោជិត​បាន​ប្រើប្រាស់​សិទ្ធិ​ក្នុង​ការ​បង្កើត​អង្គការ​វិជ្ជាជីវៈ​ក្នុង​សហគ្រាស គ្រឹះស្ថាន​ដែល​ពួកគេ​ធ្វើការ​តាម​កំណត់​ច្បាប់ ប៉ុន្តែ​ថៅកែ​ក្រុមហ៊ុន​មួយ​ចំនួន​ប្រើប្រាស់​ល្បិច​គ្រប់​រូបភាព ដើម្បី​បណ្តេញ​កម្មករ​និយោជិត​ដែល​ជា​សហ​ស្ថាបនិក​សហជីព​ចេញពី​ការងារ​របស់​ពួកគេ និង​មាន​ករណី​បិទ​ទ្វារ​រោងចក្រ​ដោយ​មិន​មាន​ការ​ទូទាត់​សំណង​តាម​ច្បាប់​ស្ដីពី​ការងារ​ជា​ធរមាន ជាដើម ដែល​ជា​ទង្វើ​រំលោភ​សិទ្ធិ​កម្មករ​និយោជិត​យ៉ាង​ធ្ងន់ធ្ងរ។

មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌​របស់​ប្រទេស​ជាតិ ខណៈ​សេចក្តី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ដោះស្រាយ និង​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ ប៉ុន្តែ​រដ្ឋាភិបាល​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា បាន​អនុវត្ត​ផ្ទុយ​ពី​មាត្រា​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទាំងស្រុង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស