30 C
Phnom Penh

អគ្គលេខាធិការ​ណាតូ​ស្នើ​លោក ហ្សេឡេនស្គី ចូលរួម​ប្រជុំ​មេដឹកនាំ​កំពូល​ណាតូ​នៅ​ខែ​កក្កដា​ខាងមុខ​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គលេខាធិការ​យោធា​ណាតូ Jens Stolthenberg បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​កំពូល​នៃ​មេដឹកនាំ​ណាតូ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ នេះ​នៅ​ប្រទេស​លីទុយអានី អាច​នឹង​មាន​វត្តមាន​ប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ចូលរួម​ផង​ដែរ។

កាល​បង្ហើប​ព័ត៌មាន​នេះ​របស់​លោក Stolthenberg ត្រូវ​បាន​បញ្ជាក់​បន្ថែម​ដោយ​ឯកអគ្គរដ្ឋទូត​អ៊ុយក្រែន​ប្រចាំ​នៅ​ប្រទេស​លីទុយអានី គឺ Petro Beshta ហើយ​ត្រូវ​បាន​ចុះផ្សាយ​ដោយ​សារព័ត៌មាន​អ៊ុយក្រែន Prada នៅ​ថ្ងៃទី​១ មីនា នេះ។

នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន LRT លោក Stolthenberg បាន​អះអាង​ថា លោក​បាន​ស្នើ​លោក ហ្សេឡេនស្គី ឲ្យ​មក​ចូលរួម​ប្រជុំ​កំពូល​មេដឹកនាំ​ណាតូ ដែល​លោក​ថា​វត្តមាន​របស់​មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ នឹង​ក្លាយ​ជា​សញ្ញា​ដ៏​រឹងមាំ​មួយ​នៃ​កម្លាំង​សាមគ្គីភាព និង​ការ​គាំទ្រ​របស់​សម្ព័ន្ធភាព​ណាតូ ក្នុង​ការ​ផ្ដល់​ជំនួយ​យោធា និង​សម្ភារៈ​សឹក​ទៅ​ឲ្យ​អ៊ុយក្រែន។

លោក​អគ្គលេខាធិការ​ណាតូ​រូប​នេះ សង្ឃឹម​ថា​លោក ហ្សេឡេនស្គី នឹង​មាន​លទ្ធភាព​ចូលរួម​ប្រជុំ ប៉ុន្តែ​លោក​ពុំ​បាន​បញ្ជាក់​ថា មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ​ជា​សមភាគី​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​ណាតូ​ដែរ​ឬ​ទេ។ ចំណែកឯ​ឯកអគ្គរដ្ឋទូត​អ៊ុយក្រែន​ប្រចាំ​លីទុយអានី បាន​បញ្ជាក់​ថា វត្តមាន​របស់​លោក ហ្សេឡេនស្គី អាច​នឹង​មាន​ក្នុង​ជំនួប​កំពូល​ណាតូ​នោះ ហើយ​លោក ហ្សេឡេនស្គី ពិត​ជា​មាន​ផែនការ​ចង់​ចូលរួម​កិច្ចប្រជុំ​នេះ​ជា​ខ្លាំង។

បើ​លោក ហ្សេឡេនស្គី ចូលរួម​ប្រជុំ​ណាតូ​នៅ​ប្រទេស​លីទុយអានី គឺជា​លើក​ទី​៣ ហើយ​ដែល​មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ​ចាកចេញ​ពី​ប្រទេស​ចាប់តាំងពី​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​រយៈពេល​ជាង ១​ឆ្នាំ​មក​នេះ។

ការ​បង្ហើប​ព័ត៌មាន​របស់​អគ្គលេខាធិការ​ណាតូ ដែល​ថា​លោក ហ្សេឡេនស្គី នឹង​មាន​វត្តមាន​នៅ​ឯ​កិច្ចប្រជុំ​កំពូល​ណាតូ​នៅ​ខែ​កក្កដា ខាងមុខ​នេះ ក៏​ធ្វើឡើង​បន្ទាប់ពី​មេដឹកនាំ​ណាតូ​រូប​នេះ​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ហ្វាំងឡង់ ដោយ​បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ហ្វាំងឡង់ អ្នកស្រី Sanna Mirella Marin កាលពី​ថ្ងៃទី​២៨ កុម្ភៈ ហើយ​ជា​ទស្សនកិច្ច​ដែល​លោក Stolthenberg ទៅ​សម្របសម្រួល​ជាមួយ​នឹង​មេដឹកនាំ​ហ្វាំងឡង់ ដើម្បី​បញ្ជាក់​ពី​អនាគត​ហ្វាំងឡង់ អាច​នឹង​ក្លាយ​ជា​សមាជិក​ណាតូ​រួម​ជាមួយ​នឹង​ប្រទេស​ស៊ុយអែត ហើយ​អ៊ុយក្រែន ទៀត​ផង។

មេដឹកនាំ​ណាតូ​រូប​នេះ​បញ្ជាក់​ទៀត​ថា អ៊ុយក្រែន​ទំនង​មិន​អាច​ក្លាយ​ជា​ប្រទេស​ឯកោ​នោះ​ទេ។ លោក​ថា ទោះជា​យូរ​យ៉ាងណា​ក៏ដោយ ជាពិសេស​ក្រោយពី​សង្គ្រាម​បិទ​បញ្ចប់ អ៊ុយក្រែន​នឹង​ក្លាយ​ជា​សមាជិក​អង្គការ​យោធា​ណាតូ។

លោក​បញ្ជាក់​ទៀត​ថា សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​បច្ចុប្បន្ន​នេះ បាន​បង្ហាញ​ជំហរ​ថា​អ៊ុយក្រែន​ត្រូវការ​អង្គការ​ណាតូ​ជា​បង្អែក​របស់​ខ្លួន ព្រោះតែ​រុស្ស៊ី​ជា​អ្នក​បង្ក​ការ​ឈ្លានពាន​លើ​ប្រទេស​ជិតខាង​មួយ​នេះ។

ចំណែកឯ​អ្នកស្រី​នាយករដ្ឋមន្ត្រី​ហ្វាំងឡង់ វិញ បញ្ជាក់​ថា គេ​មិន​ត្រូវ​ទុក​ឲ្យ​អ៊ុយក្រែន​រងគ្រោះ​ដូចនេះ​ទៀត​ទេ ព្រោះតែ​អ៊ុយក្រែន​ដែល​គ្មាន​ខ្នង​បង្អែក​នេះ​ហើយ ដែល​គ្មាន​សម្ព័ន្ធភាព​រឹងមាំ​នេះ​ហើយ បាន​ក្លាយ​ទៅ​ជា​ចំណុច​ឈ្លានពាន​របស់​រុស្ស៊ី។

អ្នកស្រី​បញ្ជាក់​ទៀត​ថា រុស្ស៊ី​បច្ចុប្បន្ន​នេះ​ពុំ​បោះបង់​ចោល​មហិច្ឆតា​ឈ្លានពាន​របស់​ខ្លួន​នោះ​ទេ។ បើ​តាម​នាយករដ្ឋមន្ត្រី​ស្ត្រី​នៃ​ប្រទេស​ហ្វាំងឡង់​រូប​នេះ ការ​ដែល​ហ្វាំងឡង់ ស៊ុយអែត សុំ​ចូល​ជា​សមាជិក​ណាតូ ក៏​ជា​ផ្នែក​មួយ​បារម្ភ​ដូច​ករណី​អ៊ុយក្រែន​នេះ​ផង​ដែរ។

ហ្វាំងឡង់ និង​ស៊ុយអែត ជា​ប្រទេស​ដែល​មាន​ព្រំដែន​ជាប់​នឹង​រុស្ស៊ី។ ហ្វាំងឡង់​មាន​ព្រំដែន​គោក​ជាប់​នឹង​រុស្ស៊ី ដល់​ទៅ ១៣០០​គីឡូម៉ែត្រ ហើយ​ស៊ុយអែត​វិញ​មាន​ព្រំដែន​ជាប់​នឹង​សមុទ្រ​នៃ​ប្រទេស​រុស្ស៊ី។ ហ្វាំងឡង់ និង​ស៊ុយអែត កំពុង​ដើរ​លើ​វិថី​ឆ្ពោះ​ទៅ​រក​សមាជិក​នៃ​អង្គការ​យោធា​ណាតូ។

ប្រទេស​ដែល​បាន​ផ្ដល់​សច្ចាប័ន​ជា​សមាជិក​ណាតូ​មាន ២៨​ប្រទេស ប៉ុន្តែ​នៅ​សល់​ប្រទេស​ពីរ​ទៀត​ដែល​ពុំ​ទាន់​បាន​ផ្ដល់​សច្ចាប័ន​នោះ គឺ​ហុងគ្រី និង​តួកគី។ ករណី​ហ្វាំងឡង់ ទំនង​នឹង​ក្លាយ​ជា​សមាជិក​ណាតូ​ទី​៣១ មុន​ប្រទេស​ស៊ុយអែត ខណៈ​ដែល​តួកគី និង​ហុងគ្រី បង្ហើប​ឱ្យ​ដឹង​ថា សភា​របស់​ប្រទេស​ពួកគេ​នឹង​ផ្ដល់​សច្ចាប័ន​ឱ្យ​ហ្វាំងឡង់​នៅ​ពេល​ឆាប់ៗ​នេះ។

លោក​អគ្គលេខាធិការ​ណាតូ Stolthenberg អះអាង​ថា ហ្វាំងឡង់​អាច​នឹង​ក្លាយ​ជា​សមាជិក​ទី​៣១ របស់​ណាតូ នៅ​ក្នុង​អំឡុង​នៃ​ជំនួប​កំពូល​មេដឹកនាំ​ណាតូ​នៅ​ខែ​កក្កដា ខាងមុខ​នេះ។ ចំណែកឯ​ស៊ុយអែត ក៏​លោក​រំពឹង​ថា​ក៏​អាច​មាន​ឱកាស​ក្លាយ​ជា​សមាជិក​ណាតូ​ទី​៣២ នៅ​អំឡុង​ពេល​នោះ​ដែរ។

យ៉ាងណា អ៊ុយក្រែន​ដែល​បាន​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​ណាតូ​ទាំង​មុន​សង្គ្រាម និង​អំឡុង​សង្គ្រាម​ដែល​រុស្ស៊ី​ឈ្លានពាន​នេះ គឺ​បេក្ខភាព​ប្រទេស​អ៊ុយក្រែន​ទទួល​បាន​ការ​គាំទ្រ​យ៉ាងតិច​ពី​ប្រទេស​សមាជិក​ណាតូ​ជិត ២០​ប្រទេស ដែល​ភាគច្រើន​សុទ្ធសឹងតែ​ជា​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត ប៉ុន្តែ​ដើមចម​ដែល​បង្ក​ឱ្យ​មាន​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ក៏​អាច​កើត​ចេញពី​អ៊ុយក្រែន ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​ណាតូ​នេះ​ដែរ ព្រោះតែ​ទីក្រុង​មូស្គូ អះអាង​ថា បើ​ណាតូ​យល់ព្រម​តាម​សំណើ​របស់​អ៊ុយក្រែន​ជា​សមាជិក​របស់​ខ្លួន គឺ​វា​ផ្ដើម​ទៅ​រក​ចលនា​អសន្តិសុខ​យ៉ាង​ខ្លាំង​មក​លើ​ដែនដី​ប្រទេស​រុស្ស៊ី។

ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន ព្រមាន​ជាច្រើន​លើក​ប្រឆាំង​នឹង​អ៊ុយក្រែន ដោយ​ប្រាប់​ឱ្យ​ដក​ពាក្យ​ជាបន្ទាន់​នូវ​ការ​ស្នើសុំ​ជា​សមាជិក​របស់​ណាតូ។ គេ​នៅ​ចាំ​បាន​ថា មុន​សង្គ្រាម​ផ្ទុះឡើង​នៅ​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ អ៊ុយក្រែន​សម្រេច​ទៅ​យក​ពាក្យ​សុំ​របស់​ខ្លួន​ពី​ណាតូ​មក​វិញ។

តែ​ទីបំផុត រុស្ស៊ី​នៅតែ​បង្ក​ការ​ឈ្លានពាន​លើ​អ៊ុយក្រែន ក្រោម​លេស​ថា​ជា​ប្រតិបត្តិការ​សឹក​ពិសេស​ដើម្បី​ទៅ​រំដោះ​ប្រជាជន​រុស្ស៊ី​ដែល​កំពុង​រង​ទុក្ខ​ទោស និង​សម្លាប់​រង្គាល​ពី​សំណាក់​អាជ្ញាធរ​អ៊ុយក្រែន នៅ​ក្នុង​តំបន់​ដុនបាស់ នៅ​ភាគ​ខាងកើត​អ៊ុយក្រែន។

យ៉ាង​នេះ​ក្ដី អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ណាតូ​អាច​នឹង​ឆក់​យក​អ៊ុយក្រែន​ជា​សមាជិក​របស់​ខ្លួន​នៅ​ពេល​ណា​ដែល​សង្គ្រាម​បិទ​បញ្ចប់ ក្នុង​ស្ថានភាព​មួយ​ដែល​អ៊ុយក្រែន​អាច​រុញ​កងទ័ព​រុស្ស៊ី​ឲ្យ​ចេញពី​ទឹកដី​របស់​អ៊ុយក្រែន​ទាំងស្រុង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស