38.8 C
Phnom Penh

ក្រុម​អង្គការ​ប្រកាស​ធ្វើ​យុទ្ធនាការ​៨​ថ្ងៃ​ដើម្បី​អបអរ​សាទរ​ខួប​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​លើក​ទី​១១២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អង្គការ​សមាគម​ដែល​ធ្វើការ​លើ​វិស័យ​ការពារ​សិទ្ធិមនុស្ស ប្រកាស​ធ្វើ​យុទ្ធនាការ​រយៈពេល ៨​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៨ ខែ​មីនា ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​នៅ​ប្រទេស​កម្ពុជា នឹង​អបអរ​សាទរ​ខួប​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​លើក​ទី​១១២។

ក្រុម​អង្គការ​សង្គម​ស៊ីវិល ដូចជា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC) ជាដើម បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​កាលពី​ថ្ងៃទី​១ ខែ​មីនា ថា ពួកគេ​នឹង​ប្រារព្ធ​កម្មវិធី​ខួប​លើក​ទី​១១២ នៃ​ទិវា​អន្តរជាតិ​នារី​ក្រោម​ប្រធានបទ គាំពារ​ស្ត្រី និង​ក្មេងស្រី ដើម្បី​យុត្តិធម៌​ទាំងអស់​គ្នា​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី និង​សមភាព​យេនឌ័រ​នៅ​ប្រទេស​កម្ពុជា។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ខាង​លើ​អះអាង​ថា គោលបំណង​នៃ​ការ​ប្រារព្ធ​កម្មវិធី​នេះ គឺ​ដើម្បី​រម្លឹក​ដល់​ការ​តស៊ូ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ស្ត្រី ក្មេងស្រី និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ជា​ស្ត្រី​នៅ​គ្រប់​វិស័យ។ ជាង​នេះ​ទៀត ក៏​ដើម្បី​បង្ហាញ​ដល់​សាធារណជន​ឱ្យ​បាន​ជ្រាប​អំពី​តម្រូវការ បញ្ហា ប្រឈម​របស់​ស្ត្រី និង​ក្មេងស្រី ព្រមទាំង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​នូវ​តម្រូវការ​ចាំបាច់ ទុក្ខ​កង្វល់​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​គាំពារ​សង្គម និង​ភាព​អយុត្តិធម៌​សម្រាប់​ស្ត្រី និង​ក្មេងស្រី​រងគ្រោះ​ផង​ដែរ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងនោះ​បញ្ជាក់​ថា ចាប់ពី​ថ្ងៃទី​០១ ខែ​មីនា ពួកគេ​នឹង​ចេញ​ផ្សាយ​ខិត្តប័ណ្ណ​ជា​រៀងរាល់​ថ្ងៃ និង​ចេញ​ផ្សាយ​វីដេអូ​ចំនួន ៧​ឃ្លីប ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៧ ខែ​មីនា ថែម​ទៀត ដែល​លើកឡើង​នូវ​សំណើ​ឱ្យ​មាន​ការ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ចំនួន ១៧​ចំណុច​តាម​វិស័យ​នីមួយៗ។ ជាង​នេះ​ទៀត នៅ​ថ្ងៃទី​៨ ខែ​មីនា ក៏​នឹង​មាន​ការ​រៀបចំ​កម្មវិធី​ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដែល​មាន​អ្នក​ចូលរួម​ចំនួន​ប្រមាណ ៥០០​នាក់​ផង​ដែរ។

អ្នក​គ្រប់គ្រង​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ មីនា នេះ​ថា បញ្ហា​របស់​កម្មករ​និយោជិត​ជា​ស្ត្រី​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ គឺជា​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​ជា​ប្រព័ន្ធ ព្រោះ​បញ្ហា​ទាំងអស់​នោះ​ពាក់ព័ន្ធ​ទាំង​វិស័យ​សង្គម សេដ្ឋកិច្ច និង​នយោបាយ​របស់​កម្ពុជា​យ៉ាង​ខ្លាំង។

លោក​បន្ថែម​ថា ក្នុង​វិស័យ​សង្គមកិច្ច ស្ត្រី​ទទួល​បាន​ការ​គាំពារ​នៅ​មាន​កម្រិត​នៅឡើយ ស្ត្រី​ដែល​ជា​កម្មករ​និយោជិត​ត្រូវ​បាន​បាត់បង់​ឱកាស​ក្នុង​ការ​ចូលរួម​កសាង​សមត្ថភាព និង​ចលនា​សង្គម ដោយសារ​សម្ពាធ​ការងារ ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ប្រាក់​ឈ្នួល​ទាប ជាដើម។

ចំណែក​សកម្មជន​សិទ្ធិមនុស្ស​ជា​ស្ត្រី​តែងតែ​ទទួល​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​គ្រប់​រូបភាព ដូចជា​ការ​ចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ ការ​ប្រើប្រាស់​អំពើ​ហិង្សា​ទាក់ទង​នឹង​សកម្មភាព​តស៊ូ​មតិ ក្នុង​ការ​ការពារ​សិទ្ធិ​ការងារ ការ​លើក​កម្ពស់​សិទ្ធិមនុស្ស និង​ការពារ​ផលប្រយោជន៍​របស់​ស្ត្រី​ដូច​គ្នា ជាដើម។

លោក ឃុន ថារ៉ូ អះអាង​ថា ដោយឡែក​វិស័យ​សេដ្ឋកិច្ច ស្ត្រី​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ដែល​ជា​កម្លាំង​ពលកម្ម​យ៉ាង​សកម្ម ក៏ប៉ុន្តែ​ស្ត្រី​នៅ​ទី​ជនបទ និង​ក្រីក្រ បាន​បាត់បង់​ឱកាស​ក្នុង​ការ​ពង្រឹង​សមត្ថភាព ចំណេះដឹង ជំនាញ ដើម្បី​ប្រែ​ក្លាយ​ទៅ​ជា​ធនធាន​មនុស្ស​ប្រកប​ដោយ​សក្ដានុពល​រហូត​មក។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា ចំណែក​វិស័យ​នយោបាយ​វិញ ស្ត្រី​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​កាន់​អំណាច​ទទួល​បាន​ឱកាស​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ។ ផ្ទុយទៅវិញ ស្ត្រី​ដែល​មាន​និន្នាការ​ប្រឆាំង​តែងតែ​ទទួល​រង​នូវ​ការ​ចោទប្រកាន់​ផ្នែក​នយោបាយ នៅ​ពេល​ដែល​ពួកគេ​ហ៊ាន​ក្រោក​ឈរ និង​ចូលរួម​ទាមទារ តវ៉ា ដើម្បី​យុត្តិធម៌​សង្គម និង​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ជាដើម។

បែប​នេះ​ក្តី ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន តែង​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្ត​ទុកដាក់​ជានិច្ច​ក្នុង​ការ​លើក​កម្ពស់​ស្ត្រី​រហូត​បង្កើត​បាន​ជា​ពាក្យ​ស្លោក​ថា ស្ត្រី​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ជាតិ​សព្វថ្ងៃ​នេះ។

យ៉ាងណាក៏ដោយ សិទ្ធិ​ស្ត្រី​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា តែង​រង​នូវ​ការ​រំលោភ​បំពាន​ពី​សំណាក់​រដ្ឋាភិបាល​ជានិច្ច។ ជាក់ស្តែង ក្រុម​ស្ត្រី​ដែល​ធ្វើការ​តស៊ូ​មតិ សកម្មជន​សិទ្ធិមនុស្ស កញ្ញា សេង ធារី និង​មេដឹកនាំ​សហជីព​នៃ​បុគ្គលិក​កម្មករ​ខ្មែរ កញ្ញា ឈឹម ស៊ីថរ កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌ បន្ទាប់ពី​ពួកគេ​ចេញ​មុខ​ទាមទារ​ឱ្យ​កម្មករ និង​ពលរដ្ឋ​រងគ្រោះ។

ជាង​នេះ​ទៀត សកម្មជន​នយោបាយ ដូចជា​កញ្ញា កឹម តុលា ដែល​ជា​អតីត​មេឃុំ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ១៨​ខែ រួម​ជាមួយ​សកម្មជន​ដែល​ជា​ស្ត្រី​ជាច្រើន​ផ្សេង​ទៀត។ លើស​ពី​នេះ ស្ត្រី​អ្នក​សារព័ត៌មាន​ដែល​ជា​បុគ្គលិក​របស់​អង្គភាព​សារព័ត៌ វីអូឌី ដែល​ត្រូវ​បាន​បិទ ក៏​ត្រូវ​រង​នូវ​ការ​ប្រមាថ​កេរខ្មាស​ពី​អ្នកសារព័ត៌មាន​ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស