38 C
Phnom Penh

សហជីព​មកពី​ខេត្ត​ពីរ​ប្រកាស​តវ៉ា​រួម​គ្នា​នៅ​មុខ​ក្រសួង​ការងារ​ស្នើសុំ​វិញ្ញាបនបត្រ​ចុះ​បញ្ជិកា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ថ្នាក់​ដឹកនាំ​សហជីព និង​ស្ថាបនិក​សហជីព​ខាង​វិស័យ​កាត់ដេរ ML INTIMATE APPAREL CAMBODIA និង​រោងចក្រ យ័ន្ត ជា (Yuan Jia) នឹង​ចេញ​មុខ​តវ៉ា​ទាមទារ​នៅ​មុខ​ក្រសួង​ការងារ នៅ​ថ្ងៃ​អាទិត្យ ទី​៥ មីនា ខាងមុខ​នេះ ដើម្បី​ឱ្យ​លោក អ៊ិត សំហេង ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជិកា​សហជីព​ទទួលស្គាល់​ភាព​ស្រប​ច្បាប់​របស់​ពួកគេ។

ថ្នាក់​ដឹកនាំ​សហជីព និង​ស្ថាបនិក​សហជីព​ប្រចាំ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​អូរនាង ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ និង​រោងចក្រ យ័ន្ត ជា (Yuan Jia) ផ្នែក​ផលិត​ឥដ្ឋការ៉ូ ខេត្ត​ព្រះសីហនុ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​នៅ​ថ្ងៃ​ទី​៣ មីនា នេះ​ថា ពួកគេ​នឹង​ធ្វើ​ការ​ជួបជុំ​តវ៉ា​ទាមទារ​នៅ​មុខ​ក្រសួង​ការងារ ដើម្បី​ស្នើ​ឱ្យ​លោក អ៊ិត សំហេង ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​បញ្ជិកា​សហជីព​ដល់​ពួកគេ ដើម្បី​ការពារ​សិទ្ធិ និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​អង្គការ​វិជ្ជាជីវៈ​របស់​ខ្លួន។

ស្ថាបនិក​សហជីព​ខាងលើ​អះអាង​ថា មន្ត្រី​ទទួល​បន្ទុក​ចុះ​បញ្ជិកា​សហជីព​របស់​នាយកដ្ឋាន​ដោះស្រាយ​វិវាទ​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បដិសេធ​ចំពោះ​ការ​ចុះ​បញ្ជិកា​សហជីព​របស់​ខ្លួន​ជាច្រើន​លើក​ច្រើនសា​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ។

សេចក្តី​ប្រកាស​ព័ត៌មាន​នៃ​ក្រុម​សហជីព​ដដែល​នេះ​បញ្ជាក់​ថា ដោយសារតែ​អង្គការ​វិជ្ជាជីវៈ​របស់​ខ្លួន ឬ​សហជីព​មិន​ទាន់​ទទួលស្គាល់​ពី​ក្រសួង​ការងារ ថ្នាក់​ដឹកនាំ​សហជីព​នៃ​រោងចក្រ​ខាងលើ​នេះ​ត្រូវ​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​ថៅកែ​រោងចក្រ​ជា​បន្តបន្ទាប់ ខ្លះ​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ ខ្លះ​ទៀត​មិន​ត្រូវ​បាន​បន្ត​កិច្ចសន្យា រួម​ទាំង​ប្តឹង​ទៅ​ក្រសួង​ការងារ​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន ជំទាស់​នឹង​ការ​ចុះ​បញ្ជិកា​សហជីព​ដែល​ពួកគេ​បាន​បង្កើត​ឡើង​នេះ​ថែម​ទៀត។

ការ​ជួបជុំ​នេះ ធ្វើឡើង​ដើម្បី​ស្នើ​ឱ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​បញ្ជិកា​សហជីព​ដល់​ពួកគេ បន្ទាប់ពី​មន្ត្រី​ទទួល​បន្ទុក​ចុះ​បញ្ជិកា​សហជីព​បាន​បដិសេធ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​នេះ។

មាត្រា​៥ នៃ​ច្បាប់​ស្ដីពី​សហជីព ចែង​ថា គ្មាន​ការ​ប្រកាន់​អ្វី​ទាំងអស់ កម្មករ​និយោជិត និង​និយោជក មាន​សិទ្ធិ​បង្កើត​សហជីព ឬ​សមាគម​និយោជក​តាម​ជម្រើស​របស់​ខ្លួន។

កាលពី​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៦ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ប្រកាស​ស្ដីពី​ការ​ចុះបញ្ជី​សហជីព និង​សមាគម​និយោជក​ថា ដើម្បី​ឱ្យ​សហជីព ឬ​សមាគម​និយោជក​ទទួល​បាន​សិទ្ធិ និង​ផល​ប្រយោជន៍​ដូច​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​សហជីព ឬ​សមាគម​និយោជក ត្រូវតែ​ចុះបញ្ជី​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

សេចក្តី​ប្រកាស​ដដែល​បញ្ជាក់​ថា មាន​តែ​សហជីព និង​សមាគម​និយោជក​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ប៉ុណ្ណោះ ទើប​មាន​ភាព​ស្រប​ច្បាប់។

ទាក់ទិន​នឹង​បញ្ហា​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ចុង​ឆ្នាំ​២០២២ ថា មាន​តែ​សហជីព “មី​កញ្ចប់” ឬ​សហជីព​ស្និទ្ធ​នឹង​ថៅកែ​រោងចក្រ​ប៉ុណ្ណោះ ទើប​អាច​ដំណើរការ​របស់​ខ្លួន​បាន ដោយឡែក​សហជីព​ដែល​ការពារ​សិទ្ធិ​កម្មករ​និយោជិត​តែង​ត្រូវ​រង​នូវ​ការ​រាំង​ខ្ទប់ និង​ការ​រំលោភ​បំពាន​ជា​ប្រចាំ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស