លោក ហ៊ុន ម៉ាណែត អះអាងថា រដ្ឋាភិបាលនៅតែចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូសហការ និងបន្តការគាំទ្រដោយគ្មានការរើសអើងចំពោះអង្គការសង្គមស៊ីវិលណាដែលធ្វើការងារជួយដល់ពលរដ្ឋខ្មែរពិតប្រាកដ។
លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីសម្ពោធមជ្ឈមណ្ឌលផ្កាឈូក នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នេះថា រាជរដ្ឋាភិបាលតែងស្វាគមន៍ជានិច្ចរាល់អង្គការសង្គមស៊ីវិលដែលធ្វើការងារពិតប្រាកដដើម្បីជួយពលរដ្ឋ និងជួយដល់គ្រប់វិស័យរបស់កម្ពុជា។
នាយករដ្ឋមន្ត្រីកម្ពុជារូបនេះ បញ្ជាក់ថា រាជរដ្ឋាភិបាលតែងគាំទ្រចំពោះសកម្មភាពរបស់អង្គការទាំងឡាយណាដែលធ្វើការងារចេញពីចិត្ត ដើម្បីជួយកម្ពុជាតាំងពីដើមមក ហើយរដ្ឋាភិបាលក៏មិនដែលមានបញ្ហាជាមួយអង្គការសង្គមស៊ីវិលទាំងនោះដែរ។
កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានបង្ហាញរបាយការណ៍របស់ខ្លួនថា លទ្ធផលនៃការធ្វើជំរឿនអង្គការសមាគមរយៈពេល ៦ខែ ក្នុងឆ្នាំ២០២៥ នេះ មានចំនួនជាង ៦ពាន់អង្គការសមាគម។
ជុំវិញបញ្ហានេះ ក្រសួងមហាផ្ទៃ ធ្លាប់បង្ហាញរបាយការណ៍របស់ខ្លួនថា អង្គការសមាគមដែលបានចុះបញ្ជីផ្លូវការមានចំនួនជាង ៦ពាន់ ក្នុងនោះ សមាគមមានចំនួនជាង ២ពាន់ (២៦២៣) ខណៈអង្គការមិនមែនរដ្ឋាភិបាលមានចំនួនជាង ៣ពាន់ (៣៤៨៦)។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា ធ្លាប់បានត្អូញត្អែរថា សិទ្ធិសេរីភាពជាមូលដ្ឋានរបស់អង្គការសង្គមស៊ីវិលកាន់តែរងការរឹតត្បិតខ្លាំងឡើងៗ ខណៈសកម្មជនសង្គមស៊ីវិល និងស្ថាប័នអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ត្រូវរងនូវពាក្យបណ្ដឹងនៅតុលាការជាបន្តបន្ទាប់។
លោក នី សុខា បញ្ជាក់ថា សមាគមអាដហុក កន្លងមក ពិបាកក្នុងការបំពេញការងារដើម្បីគាំពារសិទ្ធិមនុស្សយ៉ាងខ្លាំង ដោយសារតែអាជ្ញាធរតាមឃ្លាំមើល និងបង្កការលំបាកជាបន្តបន្ទាប់។
ទិន្នន័យសង្គមស៊ីវិល បង្ហាញថា រយៈពេលពេញ ១ឆ្នាំក្នុងឆ្នាំ២០២៤ ការរំលោភបំពានសិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជាតាមរយៈការជួបជុំដោយសន្តិវិធី និងការផ្សព្វផ្សាយអំពីសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋរបស់អង្គការក្រៅរដ្ឋាភិបាល បានកើនឡើងរហូតដល់ជាង ៩០%។
ជុំវិញបញ្ហានេះ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ធ្លាប់បានចោទប្រកាន់សកម្មជនសង្គមស៊ីវិល និងសកម្មជនបរិស្ថាន កាលពីពេលកន្លងទៅថា អ្នកទាំងនោះកំពុងធ្វើកិច្ចការក្បត់ផលប្រយោជន៍ជាតិ ដោយជ្រកក្រោមស្លាកអង្គការក្រៅរដ្ឋាភិបាល និងគណបក្សនយោបាយ។
គេសង្កេតឃើញថា សមាគមដែលធ្វើការដោយឯករាជ្យ តែងរងនូវការរឹតត្បិតសកម្មភាពពីរដ្ឋាភិបាលកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដោយចោទប្រកាន់ពីបទផ្សេងៗ ដូចជាចោទថា បានទទួលលុយពីបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ជាដើម។
ជាក់ស្តែង កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា «សង់ត្រាល់» ត្រូវបានរដ្ឋាភិបាលបង្ខំឱ្យផ្តល់ព័ត៌មានពីគណនីដែលបានបើកសម្រាប់ប្រតិបត្តិការនៅធនាគារក្នុងប្រទេសកម្ពុជា ទៅក្រសួងមហាផ្ទៃ ជាកំហិត បន្ទាប់ពីអង្គការសង់ត្រាល់ ចេញផ្សាយរបាយការណ៍ស្ដីពីស្ថានភាពសេរីភាពរបស់សហជីពនៅកម្ពុជា៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

