37 C
Phnom Penh

ជំរំ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ភូមា​ដ៏​ធំ​មួយ​ត្រូវ​អគ្គីភ័យ​លេប​ត្របាក់​ខ្ទេចខ្ទី​ខណៈ​មេដឹកនាំ​អាស៊ាន​ស្ងប់ស្ងាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជំរំ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ភូមា​មួយ​កន្លែង​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​បង់ក្លាដេស ត្រូវ​អគ្គីភ័យ​ឆាបឆេះ​លេប​ត្របាក់​កាលពី​ថ្ងៃ​អាទិត្យ ទី​៥ មីនា បណ្ដាល​ឱ្យ​ជនភៀសខ្លួន​យ៉ាង​តិច​ជាង ១​ម៉ឺន ២​ពាន់​នាក់​បាត់បង់​ទីជម្រក។

លោក Emdadul Haque មន្ត្រី​នៃ​អង្គភាព​ពន្លត់​អគ្គីភ័យ​បង់ក្លាដេស ត្រូវ​បាន​សារព័ត៌មាន The Times ដកស្រង់​សម្ដី​ចុះផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​៦ ខែ​មីនា នេះ​ថា អគ្គីភ័យ​បាន​ចាប់ផ្តើម​ឆាបឆេះ​នៅ​រសៀល​ថ្ងៃ​អាទិត្យ ក្នុង​តំបន់​លេខ​១១ នៃ​ជំរំ Kutupalong ក្នុង​ស្រុក Cox Bazar នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​បង់ក្លាដេស។

បើ​តាម​មន្ត្រី​រូប​នេះ​ឲ្យ​ដឹង​ថា អគ្គីភ័យ​បាន​លេប​ត្របាក់​យ៉ាង​លឿន​ទៅ​លើ​ខ្ទម​សង់​ពី​ឫស្សី​ជាប់ៗ​គ្នា​ប្រមាណ ២​ពាន់​ខ្នង​ក្នុង​ជំរំ​របស់​សហគមន៍​មូស្លីម​រ៉ូហ៊ីងយ៉ា ជា​ជនភៀសខ្លួន​មកពី​ប្រទេស​ភូមា មក​ស្នាក់នៅ​ប្រមាណ ១​ម៉ឺន ២​ពាន់​នាក់។ មន្ត្រី​រូប​នេះ​ថា​អគ្គីភ័យ​នេះ​បាន​លេប​ត្របាក់​អស់​ហើយ គឺ​ពុំ​មាន​សល់​អ្វី​ទេ។

បើ​តាម​លោក Mijanur Rahman មន្ត្រី​នគរបាល​បង់ក្លាដេស ទទួល​បន្ទុក​ជនភៀសខ្លួន ឲ្យ​ដឹង​ថា គឺ​ក្នុង​ចំណោម​សំណង់​ដែល​ត្រូវ​បាន​ភ្លើង​ឆាបឆេះ ក៏​មាន​សំណង់​វិហារ​មូស្លីម​ចំនួន ៣០ ព្រមទាំង​សំណង់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជនភៀសខ្លួន​ចំនួន​ជាង ២០​ខ្នង​ត្រូវ​ឆេះ​ខ្ទេច។ តែ​លោក​អះអាង​ថា អគ្គីភ័យ​នេះ​មិន​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ ឬ​រង​របួស​នោះ​ទេ។

អគ្គីភ័យ​តែងតែ​កើតមាន​ជា​ញឹកញាប់​នៅ​តាម​ជំរំ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ភូមា ខណៈ​ពួកគេ​រស់នៅ​ក្នុង​ស្ថានភាព​ជីវភាព​ដ៏​សែន​លំបាក​ជាទីបំផុត។

បើ​តាម​របាយការណ៍​របស់​ក្រសួង​ការពារ​ជាតិ​បង់ក្លាដេស ចាប់តាំងពី​ឆ្នាំ​២០២១ មក​ដល់​ពេល​អគ្គីភ័យ​បាន​ឆេះ​ចុងក្រោយ​នេះ គឺជា​ករណី ២២២​លើក​ហើយ។

ករណី​អគ្គីភ័យ​កាលពី​ខែ​មីនា ឆ្នាំ​២០២១ បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ១៥​នាក់ និង​បាន​បំផ្លាញ​ជម្រក​របស់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ដែល​មាន​ជនភៀសខ្លួន ៥​ម៉ឺន​នាក់​រត់​ចេញពី​ប្រទេស​ភូមា។

ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ប្រទេស​បង់ក្លាដេស បាន​និយាយ​ថា ការ​ធ្វើ​អន្តរាគមន៍​ដើម្បី​ពន្លត់​អគ្គីភ័យ​នេះ​ដូច​មាន​ភាព​យឺតយ៉ាវ ដែល​នាំ​ឱ្យ​ការ​ឆេះ​រាលដាល​យ៉ាង​លឿន។

ចាប់តាំងពី​ការ​បាញ់​ប្រហារ​ដោយ​កងទ័ព​ភូមា ទៅ​លើ​សហគមន៍​មូស្លីម​រ៉ូហ៊ីងយ៉ា នៅ​ក្នុង​តំបន់​រ៉ាខើយ ភាគ​ខាងលិច​ប្រទេស​ភូមា នៅ​ខែ​សីហា ឆ្នាំ​២០១៧ សហគមន៍​ដ៏​ធំ​នេះ​ជាង ៧៤​ម៉ឺន​នាក់​បាន​រត់​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​បង់ក្លាដេស និង​ប្រទេស​ជិតខាង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

ក្រៅពី​ទៅ​នៅ​ប្រទេស​បង់ក្លាដេស សហគមន៍​មូស្លីម​រ៉ូហ៊ីងយ៉ា​ភូមា រត់​ទៅ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ដែរ។ ការ​រស់នៅ​របស់​ពួកគេ​ក្នុង​ជំរំ​មាន​ភាព​លំបាក​ជា​ខ្លាំង ដោយសារ​ការ​ជួយ​ទំនុក​បម្រុង​តិចតួច​ពី​អង្គការ​សហប្រជាជាតិ និង​ពី​ប្រទេស​ក្នុង​តំបន់។

ភ្លាមៗ​ក្រោយពី​សហគមន៍​មូស្លីម​រ៉ូហ៊ីងយ៉ា រត់​តាម​ទូក​ទៅ​នៅ​ប្រទេស​ជិតខាង ហើយ​ពួកគេ​មួយ​ចំនួន​លង់​ទឹក​ស្លាប់ មាន​ទាំង​កុមារ​ផង​ដែរ ដោយសារ​ទូក​របស់​ពួកគេ​លិច​នៅ​កណ្ដាល​សមុទ្រ។

គេ​សង្កេត​ឃើញ​សហគមន៍​អន្តរជាតិ ជាពិសេស​សមាគម​អាស៊ាន​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ទៅ​លើ​ពួក​យោធា​ភូមា ដោយ​បាន​ជំរុញ​ឱ្យ​បញ្ឈប់​ការ​វាយប្រហារ ហើយ​ទាមទារ​ឱ្យ​មាន​ការ​ធានា​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​សហគមន៍​នេះ។

តែ​ករណី​អគ្គីភ័យ​លេប​ត្របាក់​ជំរំ​ជនភៀសខ្លួន​របស់​សហគមន៍​នេះ សមាគម​អាស៊ាន​មិនទាន់​ឃើញ​ប្រតិកម្ម​នៅឡើយ​នោះ​ទេ។ គេ​ឃើញ​តែ​ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការ​សហប្រជាជាតិ និង​អង្គការ​សង្គ្រោះ​កុមារ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​អំពាវនាវ​រក​ជំនួយ​ជាបន្ទាន់​ដើម្បី​ជួយ​កុមារ​រាប់​ម៉ឺន​ពាន់​នាក់​ដែល​ជម្រក​របស់​ពួកគេ​ត្រូវ​អគ្គីភ័យ​លេប​ត្របាក់។

សហគមន៍​មូស្លីម​រ៉ូហ៊ីងយ៉ា រង​នូវ​ការ​កាប់​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ ការ​រំលោភ​បំពាន​ផ្លូវភេទ និង​ការ​ដុត​បំផ្លាញ​ផ្ទះសម្បែង បង្ក​ឡើង​ដោយ​កងទ័ព​ភូមា។ ក្រុម​អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​សហប្រជាជាតិ អះអាង​ថា ប្រតិបត្តិការ​របស់​ពួក​យោធា​ភូមា​មាន​ចេតនា​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា។

បើ​តាម​ការ​ស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ ការ​បង្ក្រាប​នោះ​បាន​អនុវត្ត​ដោយ​ចេតនា​លើ​ការ​ប្រល័យ​ពូជសាសន៍ ហើយ​បាន​ផ្តល់​អនុសាសន៍​ឱ្យ​កាត់ទោស​ឧត្ដមសេនីយ៍ Min Aung Hlaing មេដឹកនាំ​រដ្ឋប្រហារ​យោធា​នៅ​ភូមា និង​ពួក​ឧត្តមសេនីយ៍ ៥​នាក់​ផ្សេង​ទៀត​ពី​បទ​ប្រល័យ​ពូជសាសន៍។

ចំពោះ​ការ​ចោទប្រកាន់​ពី​បទ​ប្រល័យ​ពូជសាសន៍​នេះ ប្រទេស Gambia តំណាង​ឱ្យ​អង្គការ​អន្តរជាតិ​មូស្លីម​ពិភពលោក បាន​ប្ដឹង​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ តាំងពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ដោយ​ចោទប្រកាន់​ពួក​យោធា​ភូមា កំពុងតែ​អនុវត្ដ​អំពើ​ប្រល័យ​ពូជសាសន៍​ប្រឆាំង​នឹង​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា។

ក្នុង​សំណុំ​រឿង​នេះ តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ របស់​អង្គការ​សហប្រជាជាតិ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហុឡង់ដ៍ កំពុង​ដំណើរការ​សវនាការ​ជុំវិញ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​ភាគតិច​មូស្លីម​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ការ​បង្ក្រាប​យ៉ាង​ព្រៃផ្សៃ ប្រព្រឹត្ត​ដោយ​ពួក​យោធា​នា​អំឡុង​ឆ្នាំ​២០១៧ ដែល​មេ​រដ្ឋប្រហារ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ឧត្តមសេនីយ៍ Min Aung Hlaing ក៏​មាន​ឈ្មោះ​ផង​ដែរ​ក្នុង​ឋានៈ​ជា​មេបញ្ជាការ​កងទ័ព​ភូមា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស