36.1 C
Phnom Penh

ទស្សនៈ​សកម្មជន​ខ្មែរ-អាមេរិកាំង​ពាក់ព័ន្ធ​រឿង​រដ្ឋការ​ថ្មី​អនុវត្ត​វិធានការ​ចាប់​បញ្ជូន​ជនភៀសខ្លួន​ខុស​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក អះអាង​ថា ទីក្រុង​ឡងប៊ិច នៃ​រដ្ឋ​កាលីហ្វ័រញ៉ា នៅតែ​ជា​ទីកន្លែង​មាន​សុវត្ថិភាព​សម្រាប់​ជនភៀសខ្លួន​ដែល​គ្មាន​ឯកសារ​ស្រប​ច្បាប់ ព្រោះ​ក្រុមប្រឹក្សា​ក្រុង​មួយ​នេះ​នឹង​មិន​អនុវត្ត​តាម​ជំហរ​ប្រធានាធិបតី​ថ្មី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ក្នុង​ការ​ចាប់​បញ្ជូន​ជនភៀសខ្លួន​ខុស​ច្បាប់​ទៅ​ប្រទេស​ពួកគេ​វិញ​ឡើយ។

សកម្មជន​ក្នុង​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត លើកឡើង​នៅ​ថ្ងៃទី​២៨ មករា នេះ​ថា អាជ្ញាធរ​ក្រុង​ឡងប៊ិច នឹង​មិន​សហការ​ជាមួយ​រដ្ឋាភិបាល​ថ្នាក់​ជាតិ ឬ​រដ្ឋាភិបាល​សហព័ន្ធ​នៃ​រដ្ឋការ​លោក ដូណាល់ ត្រាំ បង្ហាញ​អត្តសញ្ញាណ​ជនភៀសខ្លួន​ខុស​ច្បាប់ ដើម្បី​ឱ្យ​អាជ្ញាធរ​អាមេរិកាំង​ចាប់​ពួកគេ​ឡើយ។

លោក មួង ណារ៉េត អះអាង​ថា ការ​ដែល​អាជ្ញាធរ​ក្រុង​ឡងប៊ិច ហ៊ាន​អនុវត្ត​ផ្ទុយ​ពី​ជំហរ​គោលនយោបាយ​ប្រធានាធិបតី​បែប​នេះ ដោយសារតែ​ក្រុង​មួយ​នេះ​មាន​ចំណូល​គ្រប់គ្រាន់​ដែល​មាន​ប្រមាណ​ជា ៣៦០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ សម្រាប់​ចំណាយ​លើ​ដំណើរការ​របស់​ខ្លួន រាប់​ចាប់តាំងពី​ប្រាក់បៀវត្សរ៍​មន្ត្រី​រដ្ឋការ​ក្នុង​នាយកដ្ឋាន​ទាំង​ជាង ២០ ឡើង​ទៅ ដោយ​មិន​ចាំបាច់​ពឹង​ផ្អែក​លើ​ថវិកា​ពី​រដ្ឋបាល​ថ្នាក់​ជាតិ​ច្រើន​ឡើយ។

លោក​បន្ត​ថា ព្រោះតែ​ក្រុង​ឡងប៊ិច មាន​ចំណូល​គ្រប់គ្រាន់​បែប​នេះ​ហើយ ទើប​មិន​រង​សម្ពាធ​ពី​រដ្ឋបាល​ថ្នាក់​ជាតិ និង​មាន​ភាព​ឯករាជ្យ​ម្ចាស់ការ​ដោយ​ខ្លួនឯង ប៉ុន្តែ​សម្រាប់​ក្រុង និង​រដ្ឋ​ផ្សេង​ទៀត​ដែល​ពឹង​លើ​ថវិកា​ថ្នាក់​ជាតិ គឺ​ត្រូវតែ​អនុវត្ត​វិធានការ​ចាប់​បញ្ជូន​ជនភៀសខ្លួន​ខុស​ច្បាប់​តាម​ជំហរ​ប្រធានាធិបតី​ថ្មី​នេះ​ដាច់ខាត បើ​មិន​ដូច្នោះ​ទេ រដ្ឋការ​សហព័ន្ធ​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន អាច​នឹង​កាត់​ជំនួយ។

សកម្មជន​ខ្មែរ​រូប​នេះ​លើកឡើង​ថា ក្រៅពី​រដ្ឋ​កាលីហ្វ័រញ៉ា និង​រដ្ឋ​ប្រមាណ​ជា ១០ ផ្សេង​ទៀត គឺ​គ្មាន​សុវត្ថិភាព​សម្រាប់​ជនភៀសខ្លួន​ដែល​រស់នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​ដោយ​គ្មាន​ឯកសារ​ស្រប​ច្បាប់​នោះ​ទេ ក្នុង​នោះ ទីក្រុង​នៃ​រដ្ឋ​ខ្លះ​បាន​ចាប់ផ្តើម​លុប​ច្បាប់​ការពារ​ជនភៀសខ្លួន​ដែល​គ្មាន​ឯកសារ​ស្រប​ច្បាប់​ជា​បណ្តើរៗ​ហើយ ខណៈ​យុទ្ធនាការ​ចាប់​ខ្លួន​ក៏​បាន​ចាប់ផ្តើម​អនុវត្ត​ទ្រង់ទ្រាយ​ធំ​ដែរ​នៅ​ពេល​នេះ​ដែរ។

សកម្មជន​ខ្មែរ​ក្រុង​ឡងប៊ិច រូប​នេះ​គូសបញ្ជាក់​ថា រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ប្រាកដជា​ទទួលយក​ជន​ភៀសខ្លួន​ដែល​គ្មាន​ឯកសារ​ស្រប​ច្បាប់ នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ​ដោយ​ដៃ​ពីរ ដើម្បី​ជា​ការ​ដោះដូរ​កុំ​ឱ្យ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​ខ្លួន ព្រោះតែ​ការ​បដិសេធ​មិន​ទទួល​យក​អ្នក​ត្រូវ​បាន​ចាប់​បញ្ជូន​ខ្លួន​ទាំងនោះ។

លោក មួង ណារ៉េត សង្កត់​ធ្ងន់​ថា ទោះជា​ទីក្រុង​ឡងប៊ិច ជា​ទីក្រុង​សុខសាន្ត​សម្រាប់​ជនភៀសខ្លួន​ខុស​ច្បាប់​ក៏ដោយ ប៉ុន្តែ​អ្នក​ទាំងនោះ​ត្រូវ​ស្វែងយល់​បន្ថែម​ទៀត​ដើម្បី​កុំ​ឱ្យ​អត្តសញ្ញាណ​របស់​គេ​ត្រូវ​បាន​កំណត់​គោលដៅ​ដោយ​អាជ្ញាធរ​ថ្នាក់​ជាតិ ព្រោះ​អាជ្ញាធរ​ក្រុង​ឡងប៊ិច គ្រាន់តែ​មិន​សហការ​បង្ហាញ​អត្តសញ្ញាណ​អ្នក​ខុស​ច្បាប់​ប៉ុណ្ណោះ ប៉ុន្តែ​បើ​អាជ្ញាធរ​ថ្នាក់​ជាតិ​ដឹង ហើយ​ចាប់​ខ្លួន​នោះ អាជ្ញាធរ​ក្រុង​ឡងប៊ិច ក៏​មិន​អាច​ជួយ​បាន​ដែរ។

កាលពី​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៥ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ សម្រេច​ផ្អាក​ទទួល​យក​ជនភៀសខ្លួន​ក្នុង​រយៈពេល ៩០​ថ្ងៃ ដោយ​គិត​ចាប់តាំងពី​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០២៥ នេះ​តទៅ ក្នុង​នោះ​មិន​មែន​មាន​តែ​ជនអន្តោប្រវេសន៍​ដែល​ស្ថិត​ក្នុង​ការ​តាម​ប្រមាញ់​ពី​រដ្ឋបាល​ដែល​លោក​ដឹកនាំ​នោះ​ទេ សូម្បី​ជនភៀសខ្លួន​នយោបាយ​ដែល​លោក ដូណាល់ ត្រាំ គិត​ថា​ជា​បន្ទុក​លើ​សហរដ្ឋ​អាមេរិក ក៏​លោក​មិន​ស្វាគមន៍​ដែរ។

ជនភៀសខ្លួន​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​ក្នុង​ពេល​បច្ចុប្បន្ន​នេះ មាន​ជាង ១៧០​ប្រទេស​នៅ​លើ​ពិភពលោក ទាំង​ជនភៀសខ្លួន​ដែល​គ្មាន​ឯកសារ​គ្រប់គ្រាន់ និង​ជនភៀសខ្លួន​ដែល​ស្រប​ច្បាប់៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស