35 C
Phnom Penh

ICC ត្រៀម​ចេញ​ដីកា​ចាប់​ខ្លួន​ឧត្តមសេនីយ៍​រុស្ស៊ី​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ប្រកាស​ព័ត៌មាន​ជា​ជំហរ​លើកដំបូង​របស់​ខ្លួន ដោយ​ប្រកាស​ថា តុលាការ​អន្តរជាតិ​នេះ​ត្រៀម​ចេញ​ដីកា​ចាប់​ខ្លួន​ពួក​មន្ត្រី​យោធា​មួយ​ចំនួន ជាពិសេស​គឺ​ឧត្តមសេនីយ៍​រុស្ស៊ី និង​មេទ័ព​បញ្ជាការ​ផ្ទាល់​នៅ​សមរភូមិ​នៅ​លើ​ទឹកដី​អ៊ុយក្រែន ទាំង​ក្នុង​នោះ​រួម​មាន​ទាំង​ក្រុម​ទាហាន​ស៊ីឈ្នួល និង​មេក្រុម​របស់​ក្រុម​នេះ​ទៀត​ផង។

សារព័ត៌មាន The Hill បាន​ឲ្យ​ដឹង​ថា រដ្ឋអាជ្ញា ICC នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ​បាន​កសាង​សំណុំរឿង​ចំនួន ៣​បទ​ចោទ ក្នុង​នោះ​ករណី​ការ​បង្ខំ​ឲ្យ​មាន​ការ​ជម្លៀស ការ​ចាប់​ពង្រាត់​កុមារ​អ៊ុយក្រែន និង​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ប្រឆាំង​នឹង​មនុស្ស​ជាតិ ករណី​វាយប្រហារ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​នៃ​ប្រជាជន​អ៊ុយក្រែន។ ដីកា​ចាប់​ខ្លួន​នេះ ចេញ​ដោយ​ប្រធាន​រដ្ឋអាជ្ញា លោក Karim Khan ដែល​ដីកា​នេះ​ទទួល​បាន​ការ​យល់ព្រម​ដោយ​ចៅក្រម ICC។

គោលដៅ​នៃ​ការ​ចេញ​ដីកា​ចាប់​ខ្លួន​នេះ មិន​បាន​កំណត់​ថា​មន្ត្រី​រុស្ស៊ី ឬ​ឧត្តមសេនីយ៍​រុស្ស៊ី​ឈ្មោះ​ណា​ពិតប្រាកដ​ទេ​ដែល​ប្រឈមមុខ​នឹង​ការ​ចាប់​ខ្លួន ប៉ុន្តែ​មន្ត្រី​រុស្ស៊ី ឧត្តមសេនីយ៍​រុស្ស៊ី​ជាច្រើន​នាក់​ដែល​រដ្ឋអាជ្ញា ICC ត្រូវ​ចេញ​ដីកា​ចាប់​ខ្លួន។

ប្រធាន​រដ្ឋអាជ្ញា ICC លោក Karim Khan ដែល​សម្រេច​ចេញ​ដីកា​ចាប់​ខ្លួន​ពួក​ឧត្តមសេនីយ៍​យោធា​រុស្ស៊ី​នេះ ធ្វើឡើង​បន្ទាប់ពី​លោក​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​គៀវ ដោយ​បាន​ជួប​រដ្ឋអាជ្ញា​អ៊ុយក្រែន និង​ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡេនស្គី។ ក្នុង​ជំនួប​នោះ លោក ហ្សេឡេនស្គី បាន​ស្នើ​ឲ្យ​មាន​សាលាក្ដី​ពិសេស​កាត់ទោស​ឧត្តមសេនីយ៍​រុស្ស៊ី ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ប្រល័យ​ពូជសាសន៍ ហើយ​ជាមួយ​គ្នា​នេះ លោក ហ្សេឡេនស្គី ទទូច​ឲ្យ​មាន​សាលាក្ដី​ពិសេស​នេះ​ប្រព្រឹត្ត​ទៅ​នៅ​លើ​ទឹកដី​អ៊ុយក្រែន។

រដ្ឋអាជ្ញា ICC ដែល​មាន​ជំនាញ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ភស្តុតាង​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​ផ្សេងៗ​នៅ​លើ​ពិភពលោក។

នៅ​ពេល​ដែល​សង្គ្រាម​ផ្ទុះឡើង ក្រុម​រដ្ឋអាជ្ញា​នេះ​បាន​បញ្ជូន​អ្នក​ស៊ើបអង្កេត​របស់​ខ្លួន​ទៅ​ប្រទេស​អ៊ុយក្រែន ដោយ​បាន​ទៅ​ដល់​ទីតាំង​នៃ​ការ​សម្លាប់​ជនស៊ីវិល​ដោយ​កងទ័ព​រុស្ស៊ី នៅ​តំបន់​មួយ​នៅ​ភាគ​ខាងជើង​រដ្ឋធានី​គៀវ ដោយ​ពេល​នោះ​សាកសព​ជនរងគ្រោះ​មាន​ទាំង​មនុស្ស​ស្រី និង​កុមារ ហើយ​ជនរងគ្រោះ​ខ្លះ​ស្លាប់​ដោយ​ដៃ​ចង​ស្លាបសេក​ទៀត​ផង។

ក្រៅពី​នេះ ក្រុម​រដ្ឋអាជ្ញា​បាន​ទៅ​ពិនិត្យ​មើល​រណ្ដៅ​សាកសព​រួម​ជាង ១​ពាន់​សាកសព ដែល​ប្រព្រឹត្ត​ដោយ​កងទ័ព​រុស្ស៊ី នៅ​ទីក្រុង Mariupol។ ការ​ទៅ​ពិនិត្យ​មើល​នេះ ក្រុម​រដ្ឋអាជ្ញា ICC រក​ឃើញ​ភ្លាមៗ​នូវ​អំពើ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ដោយ​កងទ័ព​រុស្ស៊ី។

ក្រោយពី​រក​ឃើញ​សាកសព​ទាំងនោះ អង្គការ​សហប្រជាជាតិ និង​សហភាព​អឺរ៉ុប រួម​ទាំង​សហរដ្ឋ​អាមេរិក ជំរុញ​ឱ្យ​សាលា​ជំនុំជម្រះ​ក្ដី​ពិសេស​កាត់ទោស​ពួក​ឧត្តមសេនីយ៍​រុស្ស៊ី ករណី​ពីរ​ធំៗ គឺ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​អំពើ​ប្រល័យ​ពូជសាសន៍។

ប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី និង​មេដឹកនាំ​ពួក​បស្ចិម​ប្រទេស​មួយ​ចំនួន បាន​ប្រកាស​ថា ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន​នេះ គឺ​មិន​ត្រូវ​ភ្លេច​ឈ្លោះ​លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី ដែល​ជា​អ្នក​បញ្ជា​លើក​ទ័ព​ចូល​លុកលុយ​អ៊ុយក្រែន ហើយ​បង្ក​ឲ្យ​មាន​វិនាសកម្ម​យ៉ាង​ធ្ងន់ធ្ងរ​បំផុត។

ក្រសួង​ការបរទេស​អ៊ុយក្រែន បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​ថា អគារ​របស់​ប្រជាជន រួម​ទាំង​មន្ទីរពេទ្យ សាលារៀន យ៉ាងតិច ៥​ពាន់​ទីតាំង​ត្រូវ​បាន​បាញ់​កម្ទេច​ដោយ​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី។ លោក ហ្សេឡេនស្គី បាន​ទទូច​ភ្លាមៗ​ថា​អំពើ​ឧក្រិដ្ឋ​នេះ​ត្រូវតែ​បង្ខំ​ឱ្យ​លោក វ៉្លាឌីមៀរ ពូទីន ចេញ​មុខ​ទទួល​ខុសត្រូវ។ យ៉ាងណា ប្រធានាធិបតី​អាមេរិក ចូ បៃដិន បាន​ហៅ​លោក ពូទីន ថា​ជា​ឧក្រិដ្ឋជន​សង្គ្រាម​រួច​ទៅ​ហើយ។

ជាមួយ​គ្នា​នេះ ប្រទេស​ហុឡង់ដ៍ ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ និង ICC ស្ថិត​នៅ​ក្នុង​ប្រទេស​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​ហុឡង់ដ៍ បាន​ចេញ​មុខ​រ៉ាប់រង​ឱ្យ​មាន​សាលាជំនុំជម្រះ​ពិសេស​នេះ​កើតឡើង​នៅ​ក្នុង​ទឹកដី​ហុឡង់ដ៍។ ICC និង ICJ គឺជា​ផ្នែក​មួយ​នៃ​តុលាការ​អន្តរជាតិ​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រព្រឹត្ត​ដោយ​ទ័ព​រុស្ស៊ី នៅ​លើ​ទឹកដី​អ៊ុយក្រែន។

តាម​គោលការណ៍ បទបញ្ញត្តិ​ពិសេស​នៃ​សន្ធិសញ្ញា​ទីក្រុង​រ៉ូម ឆ្នាំ​១៩៩៧ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ដែល​មាន​យុត្តាធិការ​ទទួល​ដោះស្រាយ​ពាក្យ​បណ្តឹង​ពាក់ព័ន្ធ​នូវ​បទល្មើស​ព្រហ្មទណ្ឌ​អន្តរជាតិ​ចំនួន​៤ ក្នុង​នោះ​មាន​បទឧក្រិដ្ឋ​ប្រល័យ​ពូជសាសន៍ បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ បទឧក្រិដ្ឋ​សង្គ្រាម និង​បទឧក្រិដ្ឋ​ឈ្លានពាន។

យ៉ាងណាមិញ តុលាការ​នេះ​មិនទាន់​អាច​អនុវត្ត​យុត្តាធិការ​របស់​ខ្លួន​លើ​បទឧក្រិដ្ឋ​ឈ្លានពាន​បាន​ទេ។ តុលាការ​ដែល​មាន​យុត្តាធិការ​ទូលំទូលាយ គឺ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ។ តុលាការ​នេះ​មាន​ដែន​សមត្ថកិច្ច​លើ​ហេតុការណ៍​នៃ​បទឧក្រិដ្ឋ​ឈ្លានពាន ដូចជា​ករណី​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស