38 C
Phnom Penh

ក្រសួង​ព័ត៌មាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​អង្គភាព​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ខេមបូចា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ព័ត៌មាន ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ខេមបូចា (CamboJA) ប្រសិនបើ​អង្គភាព​សារព័ត៌មាន​មួយ​នេះ​មិន​ធ្វើការ​កែតម្រូវ​ឡើងវិញ​ទេ​នោះ បន្ទាប់ពី​សារព័ត៌មាន​មួយ​នេះ​បាន​ចុះផ្សាយ​ទាក់ទិន​នឹង​ការ​លុប​អាជ្ញាប័ណ្ណ​របស់​អង្គភាព​សារព័ត៌មាន​ចំនួន​៣ ពី​សំណាក់​ក្រសួង​ព័ត៌មាន កាលពី​ពេល​ថ្មីៗ​នេះ។

ក្រសួង​ព័ត៌មាន បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន​ទៅ​កាន់​អង្គភាព​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ខេមបូចា កាលពី​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២៣ ថា ការ​សម្រេច​លុប​អាជ្ញាប័ណ្ណ​អង្គភាព​សារព័ត៌មាន​ទាំង​៣ នោះ គឺ​ផ្អែក​លើ​ការ​ប្រមូល​ព័ត៌មាន​ពិត​ពី​ភាគី​ពាក់ព័ន្ធ មិនមែន​ដោយសារតែ​អង្គភាព​សារព័ត៌មាន​ទាំងនោះ​បាន​រាយការណ៍​នូវ​ព័ត៌មាន​ដែល​ប៉ះពាល់​ដល់​តួនាទី​របស់​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ជុំវិញ​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​បន្ទាយមានជ័យ ដូច​ការ​ចុះផ្សាយ​របស់ ខេមបូចា នោះ​ឡើយ។

ប្រភព​ដដែល​លើកឡើង​ថា ការ​កាត់ចោល​នូវ​ចំណុច​សំខាន់​មួយ​ចំនួន​នៃ​ខ្លឹមសារ​បញ្ជាក់​អំពី​ការ​សម្រេច​ចិត្ត​របស់​ក្រសួង​ព័ត៌មាន គឺជា​ចេតនា​បំភាន់​សាធារណជន​ឱ្យ​យល់​ខុស ឬ​យល់​ច្រឡំ​មក​លើ​ក្រសួង​ព័ត៌មាន អំពី​ការ​សម្រេច​ចិត្ត​លុប​អាជ្ញាប័ណ្ណ​របស់​អង្គភាព​សារព័ត៌មាន​ទាំង​៣ យ៉ាង​ធ្ងន់ធ្ងរ កាលពី​ពេល​កន្លង​ទៅ​នេះ។

ក្រសួង​ព័ត៌មាន បញ្ជាក់​ថា ករណី​នេះ​មិនមែន​ជា​ករណី​លើក​ទី​មួយ​ដែល ខេមបូចា បាន​ប្រព្រឹត្ត​ខុស​ឆ្គង​នោះ​ទេ ដូច្នេះ​ការ​ចុះផ្សាយ​ដែល​ខុស​ការពិត​បែប​នេះ គឺជា​ការ​អនុវត្ត​ផ្ទុយ​ទៅ​នឹង​គោលការណ៍​នៃ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ដែល​មាន​ចែង​ក្នុង​ច្បាប់​របប​សារព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងស្រុង។

កាលពី​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០២៣ អង្គភាព​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ខេមបូចា បាន​ចុះផ្សាយ​អត្ថបទ​ជា​ភាសា​អង់គ្លេស​មួយ​ដែល​មាន​ចំណងជើង​ថា Information Ministry Revokes Three Media Licenses Following Reports on Senior Official’s Role in Land Fraud ដែល​មាន​សេចក្តី​ប្រែ​សម្រួល​ថា ក្រសួង​ព័ត៌មាន​ដកហូត​អាជ្ញាប័ណ្ណ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំនួន​បី បន្ទាប់ពី​មាន​របាយការណ៍​ស្ដីពី​តួនាទី​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ការ​ក្លែង​បន្លំ​ដីធ្លី។

ក្នុង​ខ្លឹមសារ​អត្ថបទ​នោះ បញ្ជាក់​ថា The Information Ministry revoked the licenses of three media outlets on Thursday after they published reports exposing a senior government official’s role in land fraud ដែល​មាន​សេចក្តី​ប្រែ​សម្រួល​ថា ក្រសួង​ព័ត៌មាន​បាន​ដកហូត​អាជ្ញាប័ណ្ណ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំនួន​បី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​ពួកគេ​បាន​ផ្សព្វផ្សាយ​របាយការណ៍​ដែល​លាតត្រដាង​តួនាទី​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ក្នុង​ការ​លួច​បន្លំ​ដីធ្លី​កន្លង​មក។

យ៉ាងណា​ក៏ដោយ អង្គភាព​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ខេមបូចា កាលពី​ថ្ងៃទី​២០ ខែ​មីនា បាន​ធ្វើការ​កែតម្រូវ​ឡើងវិញ​បន្ទាប់ពី​រង​នូវ​ការ​ព្រមាន​របស់​ក្រសួង​ព័ត៌មាន ដោយ​បញ្ជាក់​ថា ហេតុផល​ទី​៣ ដែល​លើកឡើង​ដោយ​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សោភ័ណ្ឌ ជុំវិញ​ការ​សម្រេច​ចិត្ត​របស់​ក្រសួង​ក្នុង​ការ​ដកហូត​អាជ្ញាប័ណ្ណ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​បី គឺ​ថា​បណ្ដាញ​សារព័ត៌មាន​ទាំង​៣ នោះ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ពីព្រោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនោះ​ត្រូវ​បាន​ស្នើសុំ​ឱ្យ​ជួយ​ពី​ភាគី​ផ្សេង​ទៀត ដែល​ត្រូវ​បាន​សន្យា​ថា​នឹង​ទទួល​បាន​អត្ថប្រយោជន៍ ប្រសិនបើ​រឿង​នោះ​ត្រូវ​បាន​ដោះស្រាយ។

កាលពី​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៣ ក្រសួង​ព័ត៌មាន​សម្រេច​លុប​អាជ្ញាប័ណ្ណ​របស់​អង្គភាព​សារព័ត៌មាន​ចំនួន​៣ ក្រោម​ហេតុផល​ថា អង្គភាព​សារព័ត៌មាន​ទាំងនោះ​បាន​ប្រព្រឹត្ត​កំហុស​ដោយ​គឃ្លើន​ខាង​ក្រមសីលធម៌​វិជ្ជាជីវៈ​ធ្ងន់ធ្ងរ ដោយ​មិន​ព្រម​អនុវត្ត​តាម​ការ​អប់រំ​ណែនាំ​របស់​ក្រសួង​ជា​អាណាព្យាបាល ដែល​ផ្ទុយ​នឹង​កិច្ចសន្យា​អាជីវកម្ម​របស់​ខ្លួន​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​កន្លងមក មាន​ដូចជា អង្គភាព​សារព័ត៌មាន​កម្ពុជា-អាស៊ាន អង្គភាព​សារព័ត៌មាន​ដំណឹង​ក្នុង​ស្រុក និង​អង្គភាព​សារព័ត៌មាន​រស្មី​កំពង់ចាម ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​តែង​រង​នូវ​ការ​បំភិតបំភ័យ និង​ការ​គំរាមកំហែង​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ជាប់​ជានិច្ច ដូចជា​ការ​ហាមឃាត់​អ្នកកាសែត​មិន​ឲ្យ​ថត​សកម្មភាព​ដែល​អាជ្ញាធរ​បាន​រារាំង​ពលរដ្ឋ​ដែល​ធ្វើ​ការ​តវ៉ា​រឿង​អយុត្តិធម៌​ជាដើម។ ជាង​នេះ​ទៀត ក៏​មាន​ការ​ចាត់​វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នក​សារព័ត៌មាន​ដែល​បាន​ស៊ើបអង្កេត​លើ​ករណី​រសើប​នានា ដូចជា​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា និង​ការ​ចុះផ្សាយ​ពាក់ព័ន្ធ​នឹង​ករណី​នយោបាយ​របស់​បក្ស​កាន់​អំណាច ជាដើម។

អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ដាក់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២២ ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​១៤២ ក្នុង​ចំណោម​ប្រទេស​១៨០ ដោយសារ​តែ​គេ​រក​ឃើញ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​ត្រូវ​បាន​បំផ្លិចបំផ្លាញ និង​បោស​សម្អាត​ដោយ​រដ្ឋាភិបាល​កម្ពុជា ចាប់តាំងពី​អំឡុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ មក ដែល​ធ្វើ​ឱ្យ​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​នេះ​បន្ត​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​រហូត​ដល់​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស