កូនប្រុសមេដឹកនាំក្រាញអំណាចដែលត្រៀមស្នងតំណែងជានាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត អះអាងថា សមយុទ្ធនាគមាសកម្ពុជា-ចិន ឆ្នាំ២០២៣ នេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់ដំណើរការទៅមុខនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ។
បេក្ខជនអនាគតនាយករដ្ឋមន្ត្រីបក្សកាន់អំណាច លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីបើកសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា-ចិន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នេះថា ផ្តើមចេញពីទំនាក់ទំនងក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ និងការបង្កើតចំណងការទូតរហូតមកដល់បច្ចុប្បន្ននេះ កម្ពុជា-ចិនមានកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ រួមទាំងវិស័យយោធាផងដែរ។
កូនប្រុសមេដឹកនាំក្រាញអំណាចតត្រកូលនៅកម្ពុជា លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា សមយុទ្ធនាគមាសនេះ គឺជាផ្នែកមួយនៃយន្តការអនុវត្តក្នុងក្របខ័ណ្ឌនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ស្របពេលដែលឆ្នាំ២០២៣ នេះ ត្រូវបានកំណត់ជាឆ្នាំមិត្តភាពកម្ពុជា-ចិន ដែលប្រទេសទាំងពីរបានប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងដើម្បីថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ផងដែរ។
ការចូលរួមសមយុទ្ធនាគមាសជំនួសអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត ត្រូវបានដំឡើងឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ផ្កាយមាស៤ កាលពីពេលថ្មីៗនេះ ក្រោយពីព័ត៌មានលេចធ្លាយថា ចិនកំពុងងាកទៅរកលោក ទៀ បាញ់ ដើម្បីធ្វើជាខ្នងបង្អែករបស់កងទ័ពចិននៅកម្ពុជាកាលពីពេលកន្លងទៅនោះ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៣ មីនា នេះថា ការដំឡើងឋានន្តរស័ក្តិលោក ហ៊ុន ម៉ាណែត ជានាយឧត្តមសេនីយ៍ផ្កាយមាស៤ ស្របពេលដែលគាត់មានតួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទផងនោះ មិនមែនត្រឹមតែបង្ហាញឱ្យឃើញពីការរៀបផែនការក្តោបក្តាប់អំណាចឆ្ពោះទៅកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តពីលោក ហ៊ុន សែន ប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីទប់ស្កាត់ទំនាក់ទំនងចិនជាមួយអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោក ទៀ បាញ់ ផងដែរ។
លោក ម៉ែន ណាត អះអាងថា គេក៏អាចមើលឃើញកាន់តែច្បាស់ពីការប្លន់អំណាចរបស់លោក ហ៊ុន សែន ពីមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាឱ្យកូនខ្លួនឯង ដូចដែលគាត់ធ្លាប់ប្លន់អំណាចពីលោក ប៉ែន សុវណ្ណ និងលោក ចាន់ ស៊ី កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ដូច្នោះដែរ ព្រោះលោក ហ៊ុន ម៉ាណែត នឹងឆ្ពោះទៅកាន់កងកម្លាំងប្រដាប់អាវុធនៃកងយោធពលខេមរភូមិន្ទឱ្យកាន់តែរឹងមាំមួយកម្រិតទៀត បន្ទាប់ពីគាត់បានក្តោបក្តាប់ និងរៀបចំកម្លាំងកងទ័ពជើងគោកឱ្យក្លាយជាកម្លាំងផ្ទាល់ខ្លួនឯងរួចហើយនោះ។
លោកបន្ថែមថា ផែនការបន្ទាប់ លោក ហ៊ុន ម៉ាណែត នឹងត្រូវកម្ចាត់កូនមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចទាំងអស់ដែលមិនឯកភាពនឹងតំណែងជានាយករដ្ឋមន្ត្រីរបស់គាត់ ហើយក៏ដើម្បីផ្តាច់ទំនាក់ទំនងចិនជាមួយអ្នកទាំងនោះឱ្យងាកមករកគាត់តែមួយប៉ុណ្ណោះនៅថ្ងៃមុខ ដើម្បីធានាសុវត្ថិភាពអំណាចបន្តពីឪពុករបស់ខ្លួនសម្រាប់ត្រកូលហ៊ុនទៅថ្ងៃក្រោយ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បុរសខ្លាំងក្រាញអំណាចផ្ដាច់មុខនៅកម្ពុជា លោក ហ៊ុន សែន អះអាងថា ការដំឡើងឋានន្តរស័ក្តិឱ្យកូនប្រុសបង្កើតរបស់គាត់ លោក ហ៊ុន ម៉ាណែត គឺជាផែនការឆ្ពោះទៅរកការក្តោបក្តាប់អំណាច ដើម្បីគ្រប់គ្រងអំណាចជានាយករដ្ឋមន្ត្រីនាពេលខាងមុខ។ លោក ហ៊ុន សែន គំរាមថា គ្មាននរណាអាចរារាំងផែនការនេះបានឡើយ។
មេដឹកនាំខ្មែរកាងអំណាចតត្រកូល លោក ហ៊ុន សែន ព្រមានថា អំណាចជានាយករដ្ឋមន្ត្រីគឺធំជាងអ្វីៗទាំងអស់ កុំថាឡើយឋានៈត្រឹមពាក់ផ្កាយ សូម្បីពាក់ដល់លោកខែ ក៏នាយករដ្ឋមន្ត្រីអាចដកចេញពីតំណែងបានដែរ៕