29 C
Phnom Penh

សង្គម​ស៊ីវិល​ខកចិត្ត​ក្រោយ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​បដិសេធ​ការ​លើក​ស្លាក​សាខា​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគម​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​កម្ពុជា សម្ដែង​ការ​ខកចិត្ត​ចំពោះ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ដែល​បដិសេធ​មិន​អនុញ្ញាត​ឱ្យ​សមាគម​របស់​ខ្លួន​លើក​ស្លាក​សាខា​ប្រចាំ​ក្រុង​ប៉ោយប៉ែត បើ​ទោះបីជា​ខ្លួន​បាន​ជូនដំណឹង​រួច​ហើយ​ក៏ដោយ។

សមាគម​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ការ​មិន​អនុញ្ញាត​ឱ្យ​សមាគម​របស់​ខ្លួន​លើក​ស្លាក​បែប​នេះ គឺ​បង្ហាញ​ពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព និង​បង្ក​ភាព​ស្មុគស្មាញ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សមាគម ហើយ​ក៏​ជា​ការ​បង្ហាញ​ពី​ការ​អនុវត្ត​ផ្ទុយ​ពី​សេចក្តី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ផង​ដែរ។

សមាគម​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​កម្ពុជា ទាមទារ​ឱ្យ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​លេខ​០៤០ ចុះ​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០១៨ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ខ្លួន​ក្នុង​ការ​លើក​ស្លាក​នៅ​ទីស្នាក់ការ​សាខា​ប្រចាំ​ក្រុង​ប៉ោយប៉ែត នេះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត បដិសេធ​មិន​ឱ្យ​សមាគម​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​កម្ពុជា លើក​ស្លាក​ប្រចាំ​សាខា​របស់​ខ្លួន​កាលពី​ពេល​កន្លងទៅ​នេះ។

សមាគម​អភិវឌ្ឍន៍​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ភ្នំពេញ ដែល​មាន​សមាជិក​ជាច្រើន​នៅ​ទូទាំង​ប្រទេស​ដែល​ជា​អ្នក​ប្រកប​មុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​មាន​ទីស្នាក់ការ​សាខា​របស់​ខ្លួន​នៅ​ក្រុង​ប៉ោយប៉ែត ស្ថិត​ក្នុង​ភូមិ​ទំនប់​ក៥ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ផង​ដែរ។

កាលពី​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ សមាគម​អភិវឌ្ឍន៍​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា បាន​ដាក់​លិខិត​ពីរ​ដាច់ដោយឡែក​ពី​គ្នា ដោយ​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ផង និង​ជូន​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​បន្ទាយមានជ័យ ផង​ដែរ ស្ដីពី​ការ​បើក​ទីស្នាក់ការ​សាខា​របស់​ខ្លួន​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ បន្ទាប់ពី​សមាគម​នេះ​បាន​ទទួលស្គាល់​ជា​ផ្លូវការ​ពី​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៦ មក ប៉ុន្តែ​មិន​ត្រូវ​បាន​អាជ្ញាធរ​ដែនដី​អនុញ្ញាត​ឡើយ។

សមាគម​អភិវឌ្ឍន៍​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា គឺជា​ស្ថាប័ន​ឯករាជ្យ​មួយ​ដែល​មិន​ប្រកាន់​និន្នាការ​នយោបាយ ហើយ​សមាគម​នេះ​បាន​អនុវត្ត​ការងារ​របស់​ខ្លួន​តែ​ទៅ​លើ​ការ​លើក​កម្ពស់​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ក្នុង​ប្រព័ន្ធ ដូចជា​អ្នក​រត់​រ៉ឺម៉ក អ្នក​រត់​កង់បី អ្នក​រត់​ម៉ូតូឌុប និង​កម្មករ​និយោជិត​តាម​រោងចក្រ​នានា​ផង​ដែរ។

រយៈពេល​ចុងក្រោយ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច បាន​រឹត​បន្តឹង​សកម្មភាព​អង្គការ​ក្រៅ​រដ្ឋាភិបាល សមាគម និង​សហជីព ជាដើម ដែល​ធ្វើ​ឱ្យ​លំហ​សេរីភាព​បញ្ចេញមតិ និង​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​កិច្ចការ​សង្គម​ត្រូវ​រួម​តូច ហើយ​នាំ​ឲ្យ​មាន​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ជាបន្តបន្ទាប់​សព្វថ្ងៃ​នេះ។

មាត្រា​៤២ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​បង្កើត​សមាគម និង​គណបក្ស​នយោបាយ។ ចំណែក​មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ ក៏​បាន​ចែង​ដែរ​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌​របស់​ប្រទេស​ជាតិ ខណៈ​សេចក្តី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ដោះស្រាយ និង​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ។

ចំណែក​សេចក្តី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០១៨ បញ្ជាក់​ថា សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់ មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​ធ្វើ​សកម្មភាព​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​ពុំ​ចាំបាច់​ជូនដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស