31 C
Phnom Penh

ICC នឹង​បើក​ការិយាល័យ​របស់​ខ្លួន​នៅ​អ៊ុយក្រែន ក្រោម​ជំនួយ​របស់​បស្ចិម​ប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គ​រដ្ឋអាជ្ញា​ប្រទេស​អ៊ុយក្រែន និង​រដ្ឋអាជ្ញា​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ហៅ​កាត់ ICC បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ មីនា នេះ លើ​ឯកសារ​មួយ​ស្ដីពី​កិច្ចព្រមព្រៀង​ឈាន​ដល់​ការ​បង្កើត​ការិយាល័យ​របស់​តុលាការ ICC នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

តាម​សារព័ត៌មាន​អ៊ុយក្រែន The Kyiv Post បាន​រាយការណ៍​ថា កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​ក្រោយ​មួយ​សប្ដាហ៍​បន្ទាប់ពី​តុលាការ ICC បាន​ចេញ​ដីកា​ចាប់​ខ្លួន​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន​ចំពោះ​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន។

អគ្គ​រដ្ឋអាជ្ញា​អ៊ុយក្រែន លោក Andriy Kostin ដែល​តំណាង​ឱ្យ​ប្រទេស​អ៊ុយក្រែន ចាត់ទុក​កិច្ចព្រមព្រៀង​បង្កើត​ការិយាល័យ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ថា​ជា​ការ​ចាប់ផ្តើម​បើក​ជំពូក​ថ្មី​ក្នុង​កិច្ចសហការ​ទ្វេភាគី​ក្នុង​ការ​ចាប់​ជន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នៅ​លើ​ទឹកដី​អ៊ុយក្រែន ហើយ​បញ្ជូន​ទៅ​ជំនុំជម្រះ​ក្ដី​នៅ​ទីស្នាក់ការ​កណ្ដាល​របស់ ICC នៅ​ទីក្រុង​ឡាអេ ប្រទេស​ហុឡង់ដ៍។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចេញពី​តុលាការ ICC នៅ​ក្រុង​ឡាអេ អគ្គ​រដ្ឋអាជ្ញា​អ៊ុយក្រែន សាទរ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដែល​បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក ពូទីន ប្រធានាធិបតី​រុស្ស៊ី ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទៅ​លើ​ប្រជាជន​អ៊ុយក្រែន។

លោក Andriy Kostin បញ្ជាក់​ថា​ការ​បង្កើត​ការិយាល័យ​របស់​តុលាការ ICC នៅ​លើ​ទឹកដី​អ៊ុយក្រែន គឺជា​ការ​ផ្ដល់​ជំនឿ​ទុកចិត្ត​ដល់​ប្រជាជន​អ៊ុយក្រែន ថា​ជន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​នឹង​មិន​អាច​រួច​ខ្លួន​បាន​ឡើយ។ លោក​ជឿ​ថា តុលាការ​នេះ​ប្រកាន់​ជំហរ​ឯករាជ្យ និង​មិន​មាន​និន្នាការ​យោធា​ឡើយ។

ចំណែក​ចៅក្រម​តុលាការ ICC គឺ Peter Lewis ថ្លែង​អរគុណ​ចំពោះ​ប្រទេស​អ៊ុយក្រែន ដែល​សង្ឃឹម​ថា ICC នឹង​កាន់តែ​រឹងមាំ​ក្នុង​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​បន្ថែម​ទៀត​លើ​សំណុំរឿង​ឧក្រិដ្ឋ​ដែល​ប្រព្រឹត្ត​នៅ​លើ​ទឹកដី​អ៊ុយក្រែន។

ចាប់តាំងពី​តុលាការ​អន្តរជាតិ​នេះ​ដំណើរការ​នៅ​ឆ្នាំ​២០០២ នៅ​ការិយាល័យ​កណ្តាល​នៅ​ក្រុង​ឡាអេ ប្រទេស​ហុឡង់ដ៍ តុលាការ​នេះ​មាន​ការិយាល័យ​របស់​ខ្លួន​ចំនួន ៧ ដូចជា​នៅ​ក្នុង​ប្រទេស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ Congo ប្រទេស Uganda សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល ប្រទេស Ivory Coast ប្រទេស Georgia និង​ប្រទេស Mali។

របប​នៅ​ក្រុង​មូស្គូ ដែល​មិន​ទទួល​ដែន​យុត្តាធិការ​របស់ ICC ដែល​បាន​ចេញ​ដីកា​ចាប់​ខ្លួន​ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន បាន​គំរាមកំហែង​យ៉ាង​ខ្លាំង​ទៅ​លើ​ក្រុម​ចៅក្រម និង​រដ្ឋអាជ្ញា​តុលាការ ICC។

អតីត​ប្រធានាធិបតី​រុស្ស៊ី Dmitry Medvedev ដែល​បច្ចុប្បន្ន​ជា​នាយករង​ទី​១ នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​រុស្ស៊ី បន្ទាប់ពី​លោក ពូទីន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​វាយប្រហារ​ខ្លាំងៗ​ដោយ​គំរាម​បាញ់​គ្រាប់​មីស៊ីល​ល្បឿន​លឿន​ជាង​សំឡេង​កម្ទេច​ទីស្នាក់ការ​កណ្ដាល​របស់ ICC នៅ​ក្រុង​ឡាអេ ប្រទេស​ហុឡង់ដ៍។ មិន​តែប៉ុណ្ណោះ លោក Medvedev ក៏​បាន​ព្រមាន​ថា ប្រទេស​ណា​ដែល​ហ៊ាន​ចាប់​ខ្លួន​លោក ពូទីន គឺ​ស្មើ​នឹង​ការ​ប្រកាស​សង្គ្រាម​ជាមួយ​រុស្ស៊ី។

ទាក់ទង​នឹង​ដំណើរ​រឿងក្ដី​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន នេះ សន្និសីទ​អន្តរជាតិ​មួយ​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២០ ខែ​មីនា នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស បាន​រៃអង្គាស​ប្រាក់​ចំនួន ៤​លាន ៩​សែន​ដុល្លារ​អាមេរិក​ដើម្បី​គាំទ្រ​ដល់​ដំណើរការ​របស់​តុលាការ ICC នៅ​ក្នុង​ការ​ស៊ើបអង្កេត និង​ការ​បើក​ការ​ជំនុំជម្រះ​ក្ដី​របស់ ICC និង​គាំទ្រ​ដល់​កិច្ចការ​របស់​តុលាការ​នេះ ដើម្បី​ចាប់​បង្ខំ​ប្រទេស​រុស្ស៊ី ក្រោម​ការ​ដឹកនាំ​របស់​ជន​ត្រូវ​ចោទ វ៉្លាឌីមៀរ ពូទីន ឱ្យ​ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ដោយ​កងទ័ព​រុស្ស៊ី​នៅ​លើ​ទឹកដី​អ៊ុយក្រែន។

នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​នេះ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​មកពី​ប្រទេស​ជាង ៤០ បាន​ចូលរួម។ សន្និសីទ​នេះ​ស្តីអំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទៅ​លើ​ប្រទេស​អ៊ុយក្រែន ដែល​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពី​តុលាការ ICC បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក ពូទីន ដោយ​បាន​ចោទ​មេដឹកនាំ​រុស្ស៊ី​ម្នាក់​នេះ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ក្រោយពី​ក្រុម​រដ្ឋអាជ្ញា ICC រក​ឃើញ​កុមារ​អ៊ុយក្រែន​យ៉ាងតិច ៦​ពាន់​នាក់​ត្រូវ​ចាប់​ពង្រត់​ចេញពី​ប្រទេស​អ៊ុយក្រែន រួម​នឹង​ការ​រក​ឃើញ​រណ្ដៅ​រួម​ជាច្រើន​នៃ​សាកសព​ជនស៊ីវិល​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ដែល​ធ្វើ​ទារុណកម្ម និង​បាញ់​សម្លាប់​ដោយ​កងទ័ព​រុស្ស៊ី។

យ៉ាងណា ដីកា​ដែល​តុលាការ ICC បាន​ប្រកាស​ជា​សាធារណៈ​កាលពី​ថ្ងៃទី​១៧ ខែ​មីនា នេះ គឺជា​លើកដំបូង​ដែល​តុលាការ​នេះ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​មេដឹកនាំ​នៃ​ប្រទេស​មួយ​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

លោក Dominic Raab ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ជា​ឧបនាយករដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស បាន​និយាយ​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​នេះ​ថា៖ «ពួក​យើង​ត្រូវ​មាន​ជំនឿ​ថា លោក​ប្រធានាធិបតី ពូទីន និង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត រួម​ទាំង​មេទ័ព​រុស្ស៊ី ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​បទឧក្រិដ្ឋ​ទាំងឡាយ​ដែល​កើតមាន​នៅ​លើ​ទឹកដី​អ៊ុយក្រែន»

ចំណែក​លោក Karim Khan ជា​រដ្ឋអាជ្ញា​នៃ​តុលាការ ICC បាន​និយាយ​ថា ដីកា​ចាប់​ខ្លួន​លោក ពូទីន នេះ​គឺ​មិនមែន​ជា​ពេលវេលា​មួយ​នៃ​ជោគជ័យ​ភ្លាម​នោះ​ទេ គឺ​វា​ត្រូវការ​ពេលវេលា​យូរ​ទៅ​មុខ​ទៀត ហើយ​ពិភពលោក​ត្រូវ​មាន​វិធានការ​ជា​អន្តរជាតិ​រួម​គ្នា ដើម្បី​រក​យុត្តិធម៌​ជូន​ប្រទេស​អ៊ុយក្រែន។

ចំណែក​លោក Kostin អគ្គ​រដ្ឋអាជ្ញា​អ៊ុយក្រែន និង​ប្រធានាធិបតី Volodymyr Zelenskyy បាន​ទទូច​ឱ្យ​មាន​ការ​គាំទ្រ​ជា​អន្តរជាតិ​លើ​ការ​បង្កើត​សាលាក្ដី​អន្តរជាតិ​ពិសេស​មួយ​ទៀត ដើម្បី​ស៊ើបអង្កេត និង​កាត់ទោស​មេដឹកនាំ​រុស្ស៊ី ចំពោះ​ឧក្រិដ្ឋកម្ម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។

លោក Zelenskyy បាន​ថ្លែង​ក្នុង​សារ​សំឡេង​ថត​ទុក​ដោយ​បាន​ទទូច​ថា តុលាការ​ថ្មី​មួយ​នឹង​បំពេញ​បន្ថែម​ដល់​តុលាការ ICC នេះ ដែល​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​យុត្តិធម៌​ជាទូទៅ មិនមែន​សម្រាប់​តែ​ប្រជាជន​អ៊ុយក្រែន នោះ​ទេ។

តាម​ដំណឹង​មក​ថា សហភាព​អឺរ៉ុប​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​ផង​ដែរ នឹង​រៀបចំ​ឱ្យ​មាន​សាលាក្ដី​ជំនុំជម្រះ​ក្ដី​ពិសេស​មួយ​នៅ​ក្នុង​ទឹកដី​អឺរ៉ុប ដើម្បី​កាត់ទោស​របប​លោក ពូទីន ដែល​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន បង្ក​ឱ្យ​មាន​សោកនាដកម្ម​ដ៏​អាក្រក់​បំផុត​លើ​ប្រជាជន​អ៊ុយក្រែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស