31 C
Phnom Penh

សកម្មជន​សង្គម​ដាក់​ញត្តិ​ទៅ​ក្រសួង​ព័ត៌មាន​ស្នើសុំ​ឱ្យ​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់ VOD ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​សង្គម​ជាច្រើន​នាក់ យក​ញត្តិ​ទៅ​ដាក់​ជូន​ក្រសួង​ព័ត៌មាន ដើម្បី​ស្នើសុំ​ឱ្យ​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​អង្គភាព​សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ វីអូឌី ឡើងវិញ បន្ទាប់ពី​អង្គភាព​សារព័ត៌មាន​មួយ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​បិទ​លែង​ឱ្យ​ដំណើរការ​កាលពី​ពាក់កណ្តាល​ខែ​កុម្ភៈ កន្លងទៅ។

យុវជន​សង្គម​ជាង ១០​នាក់ នៅ​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២៣ បាន​នាំគ្នា​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​ព័ត៌មាន ដើម្បី​ស្នើសុំ​ឱ្យ​ក្រសួង​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​អង្គភាព​សារព័ត៌មាន វីអូឌី ឡើងវិញ ដើម្បី​ជួយ​ផ្តល់​ព័ត៌មាន​ពិត​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ទៅ​កាន់​រដ្ឋាភិបាល និង​ផ្តល់​ការ​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល​ទៅ​កាន់​ប្រជាពលរដ្ឋ​ផង​ដែរ។

ក្រុម​យុវជន​សង្គម​ខាងលើ​លើកឡើង​ថា អង្គភាព​សារព័ត៌មាន វីអូឌី បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពិត​ជូន​រដ្ឋាភិបាល​ពី​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត ហើយ​កាន់តែ​សំខាន់​ទៀត​នោះ កម្ពុជា​ក៏​នឹង​រៀបចំ​ការ​បោះឆ្នោត​ជាតិ​នៅ​អាណត្តិ​ទី​៧ របស់​ខ្លួន​ថែម​ទៀត ដូច្នេះ​ដើម្បី​ធានា​នូវ​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន រដ្ឋាភិបាល​គួរតែ​បើក​ឱ្យ​សារព័ត៌មាន​ឯករាជ្យ​អាច​ធ្វើ​សកម្មភាព​របស់​ខ្លួន​បាន​ឡើងវិញ​នៅ​មុន​ពេល​ការ​បោះឆ្នោត​ជាតិ​ដែល​នឹង​មក​ដល់​នៅ​ពេល​ខាងមុខ​នេះ។

ការ​ដាក់​ញត្តិ​នេះ ធ្វើឡើង​បន្ទាប់ពី​អង្គភាព​សារព័ត៌មាន វីអូឌី ត្រូវ​បាន​ក្រសួង​ព័ត៌មាន​ដក​អាជ្ញាប័ណ្ណ​លែង​ឱ្យ​ដំណើរការ​តាម​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ពេល​កន្លងទៅ​នេះ។

ញត្តិ​របស់​ក្រុម​យុវជន​ដែល​បាន​ដាក់​ជូន​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២៣ នេះ ត្រូវ​បាន​មន្ត្រី​ក្រសួង​ព័ត៌មាន​ទទួល​ជា​បណ្ដោះអាសន្ន​សិន ប៉ុន្តែ​ក្រសួង​តម្រូវ​ឱ្យ​យុវជន​ទាំងនោះ​ធ្វើ​ញត្តិ​ថ្មី​ដោយ​កែតម្រូវ​កម្មវត្ថុ​ស្នើសុំ​ឱ្យ​ជាក់លាក់ និង​បញ្ជាក់​ស្ថាប័ន​របស់​ពួកគេ​ផង​ដែរ ដើម្បី​យក​មក​ប្តូរ​ញត្តិ​ដែល​ក្រុម​យុវជន​ទាំងនោះ​បាន​យក​មក​ដាក់​ជូន​ក្រសួង​នៅ​ថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ក្រសួង​ព័ត៌មាន​បាន​បិទ​អង្គភាព​សារព័ត៌មាន វីអូឌី បន្ទាប់ពី​ទទួល​បាន​បញ្ជា​ពី​លោក ហ៊ុន សែន ក្រោម​ហេតុផល​ថា​អង្គភាព​សារព័ត៌មាន​នេះ​បាន​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​វិជ្ជាជីវៈ​សារព័ត៌មាន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​កិត្យានុភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មិន​អាច​លើកលែង​ឲ្យ​បាន។

កាលពី​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២៣ អង្គភាព​សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ VOD បាន​ចុះផ្សាយ​អត្ថបទ​មួយ​ពាក់ព័ន្ធ​នឹង​លោក ហ៊ុន ម៉ាណែត ដែល​មាន​ចំណងជើង​ថា មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ការ​ដែល​លោក ហ៊ុន ម៉ាណែត ដើរ​តួនាទី​ជំនួស​ឪពុក​ក្នុង​ការ​ផ្តល់​ជំនួយ​ឲ្យ​ប្រទេស​តួកគី មិនមែន​ជា​រឿង​ខុស​ឆ្គង​ទេ។

ជុំវិញ​ការ​ចុះផ្សាយ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង ដោយ​ចោទ​ថា អង្គភាព​សារព័ត៌មាន VOD មាន​ចេតនា​មួលបង្កាច់​មិន​ត្រឹមតែ​លើ​លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ​ទេ តែ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រាជរដ្ឋាភិបាល​ទាំងមូល​លើ​ការ​គ្រប់គ្រង​ថវិកា​ជាតិ​ថែម​ទៀត ក្នុង​នោះ​លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ក្រសួង​ព័ត៌មាន​ដក​អាជ្ញាប័ណ្ណ​របស់​អង្គភាព​សារព័ត៌មាន វីអូឌី តែម្តង។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បញ្ជាក់​ថា គ្មាន​ការ​ផ្លាស់ប្ដូរ​ការ​សម្រេច​ចិត្ត​របស់​លោក​ចំពោះ​ការ​បិទ​អង្គភាព​សារព័ត៌មាន វីអូឌី នេះ​ទេ ហើយ​ការ​បិទ​នេះ ក៏​នឹង​មិន​ធ្វើ​ឲ្យ​ស្លាប់​នូវ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ដែរ។

កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​អះអាង​ថា ស្ថានទូត​ប្រទេស​បែលហ្សិក ប្រទេស​ឆេក ដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ អ៊ីតាលី ហុឡង់ដ៍ អេស្ប៉ាញ ស៊ុយអែត ប៉ូឡូញ និង​ព័រទុយហ្គាល់ ជាដើម មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដកហូត​អាជ្ញាប័ណ្ណ​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD ដែល​បង្ហាញ​ពី​ការ​រាំង​ខ្ទប់​ដំណើរការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

ចំណែក​សភា​នៃ​សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៣ នេះ បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ថែម​ទៀត ប្រសិនបើ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន មិន​ដោះលែង​មេដឹកនាំ​សហជីព អ្នក​ការពារ​សិទ្ធិមនុស្ស និង​បើក​លំហ​សង្គម​ស៊ីវិល ព្រមទាំង​ត្រូវ​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ VOD ឡើងវិញ​ទេ​នោះ។

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ដាក់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២២ ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​១៤២ ក្នុង​ចំណោម​ប្រទេស​១៨០ ដែល​ជា​ចំណាត់ថ្នាក់​ដ៏​អាក្រក់​មួយ ក្រោយ​គេ​រក​ឃើញ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​ត្រូវ​បាន​បំផ្លិចបំផ្លាញ និង​បោស​សម្អាត​ដោយ​រដ្ឋាភិបាល​កម្ពុជា​ចាប់តាំងពី​អំឡុង​ឆ្នាំ​២០១៧ មក ដែល​ជំនួស​មក​វិញ​នូវ​សារព័ត៌មាន​ដែល​មាន​និន្នាការ​គាំទ្រ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ពេញ​ផ្ទៃ​ប្រទេស​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស