40.3 C
Phnom Penh

លោក ខៀវ កាញារីទ្ធ ថា​កម្ពុជា​បាន​បើក​សិទ្ធិ​បញ្ចេញមតិ​និង​សេរីភាព​សារព័ត៌មាន​ទូលំទូលាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ អះអាង​ថា សព្វថ្ងៃ​នេះ កម្ពុជា​មាន​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​ចំនួន ១៧​អង្គភាព និង​សមាគម​សារព័ត៌មាន​សរុប​មាន​ចំនួន ៥១​អង្គភាព ដែល​បង្ហាញ​ថា​កម្ពុជា​បាន​បើក​ឱ្យ​មាន​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​ខាង​សារព័ត៌មាន​យ៉ាង​ទូលំទូលាយ។

លោក ខៀវ កាញារីទ្ធ លើកឡើង​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ ៥​ឆ្នាំ និង​លើក​ទិសដៅ​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២៣ ដល់​ឆ្នាំ​២០២៨ របស់​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​៥ ខែ​មេសា នេះ​ថា ប្រទេស​កម្ពុជា​គឺជា​ប្រទេស​តែ​មួយ​គត់​ដែល​បាន​រាប់​បញ្ចូល​អ្នក​សារព័ត៌មាន​ជា​ក្រុម​អាទិភាព​នៅ​អំឡុង​ពេល​យុទ្ធនាការ​ប្រឆាំង​ជំងឺ​កូវីដ-១៩ ដោយ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​គ្រប់ៗ​គ្នា ដូច្នេះ​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​ត្រូវ​បាន​យកចិត្ត​ទុកដាក់​យ៉ាង​ល្អ​ពី​សំណាក់​រាជ​រដ្ឋាភិបាល​រហូត​មក។

លោក​លើកឡើង​បន្ត​ថា ទន្ទឹម​នឹង​ការ​រីកចម្រើន​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ដោយ​មាន​ការ​ខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ដែល​មាន​កិច្ចសហការ​ល្អ​រវាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​វិស័យ​ឯកជន បាន​ធ្វើ​ឱ្យ​ក្រសួង​ព័ត៌មាន​សម្រេច​បាន​នូវ​សមិទ្ធផល​យ៉ាង​ត្រចះត្រចង់​ជាច្រើន។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​រូប​នេះ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ នៅ​កម្ពុជា​មាន​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស និង​ការិយាល័យ​តំណាង​វិទ្យុ និង​ទូរទស្សន៍​បរទេស​ប្រចាំការ​អចិន្ត្រៃយ៍​នៅ​កម្ពុជា​មាន​ចំនួន ១៧​អង្គភាព និង​សមាគម​សារព័ត៌មាន​សរុប​មាន​ចំនួន ៥១​អង្គភាព ដែល​បាន​បង្ហាញ​ពី​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​ខាង​សារព័ត៌មាន ព្រមទាំង​មាន​សក្ដានុពល​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​យ៉ាង​ខ្លាំងក្លា​ផង​ដែរ។

ក្រសួង​ព័ត៌មាន បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី​៥ ខែ​មេសា នេះ​ថា បច្ចុប្បន្ន​នេះ​សារព័ត៌មាន​ដែល​បោះពុម្ព​ផ្សាយ​តាម​បែប​ប្រពៃណី​រួម​មាន កាសែត ព្រឹត្តិបត្រ ទស្សនាវដី្ត បាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន​ចំនួន ៦៦១​អង្គភាព គេហទំព័រ និង​ទូរទស្សន៍​អនឡាញ​មាន​ចំនួន ៨៧៨​អង្គភាព វិទ្យុ FM ដែល​កំពុង​ដំណើរការ​ផ្សាយ​មាន​ចំនួន ២២១​ស្ថានីយ​ផង​ដែរ។

ជាង​នេះ​ទៀត ក៏​មាន​ទូរទស្សន៍​ផ្សាយ​ផ្ទាល់​មាន​ចំនួន ១៩​ស្ថានីយ ទូរទស្សន៍​ផ្សាយ​បន្ត​មាន​ចំនួន ១៦៥​ស្ថានីយ ទូរទស្សន៍​ផ្កាយរណប​មាន​ចំនួន ២​ស្ថានីយ គឺ Sky One និង​តេជោ DTV ទូរទស្សន៍​ឌីជីថល (Pay TV) មាន​ចំនួន ៤​ស្ថានីយ និង​ទូរទស្សន៍​ប្រភេទ OTT (Over The-Top) មាន ៦​ស្ថានីយ​ថែម​ទៀត។

បើ​ទោះបីជា​កម្ពុជា​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើន​ក៏ដោយ ក៏​កម្ពុជា​នៅតែ​ជាប់​ចំណាត់ថ្នាក់​ទាប​លើ​សេរីភាព​សារព័ត៌មាន​ដដែល។ ជាក់ស្តែង អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ដាក់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២២ ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​១៤២ ក្នុង​ចំណោម​ប្រទេស​១៨០។

ការ​ដាក់​ចំណាត់ថ្នាក់​ទាប​បែប​នេះ ក្រោយពី​គេ​រក​ឃើញ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​ត្រូវ​បាន​បំផ្លិចបំផ្លាញ និង​បោស​សម្អាត​ដោយ​រដ្ឋាភិបាល​កម្ពុជា​ចាប់តាំងពី​អំឡុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ មក ដែល​ធ្វើ​ឱ្យ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បន្ត​ធ្លាក់​ចុះ​ជាបន្តបន្ទាប់​រហូត​មក​ទល់​ពេល​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២៣ ក្រសួង​ព័ត៌មាន​បាន​លុប​អាជ្ញាប័ណ្ណ​របស់​អង្គភាព​សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ (VOD) ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដែល​នៅ​សល់​ពី​ការ​បោស​សម្អាត​កាលពី​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ដែល​ជា​ឆ្នាំ​ដ៏​អាក្រក់​នៃ​ការ​បំបិទ​សេរីភាព​សារព័ត៌មាន និង​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​នា​ពេល​នោះ។

របាយការណ៍​ឆ្នាំ​២០២១ របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន បាន​បង្ហាញ​ថា បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ចុង​ឆ្នាំ​២០១៧ លោក ហ៊ុន សែន បាន​ប្រើ​យុទ្ធនាការ​ប្រឆាំង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ទាំងអស់ ក្នុង​នោះ​រដ្ឋាភិបាល​កម្ពុជា​បាន​បិទ​ស្ថានីយ​វិទ្យុ​ចំនួន ៣២​ស្ថានីយ បង្ខំ​ឱ្យ​បិទ​ទ្វារ​កាសែត ឌឹ ខេមបូឌា ដេលី និង​ការ​ផ្លាស់ប្ដូរ​ម្ចាស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ជាដើម។ ដោយឡែក​នៅ​ឆ្នាំ​២០១៨ រដ្ឋាភិបាល​បាន​បិទ​គេហទំព័រ​ចំនួន ១៧​គេហទំព័រ​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស