28 C
Phnom Penh

កម្ពុជា​ត្រៀម​កម្លាំង​នគរបាល​ជាង​១០​ម៉ឺន​នាក់​សម្រាប់​ធានា​សុវត្ថិភាព​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​កងកម្លាំង​នគរបាល​ជាតិ កងរាជ​អាវុធហត្ថ និង​កងយោធពល​ខេមរភូមិន្ទ​ចំនួន​ជាង ១​សែន​នាក់ សម្រាប់​ធានា​សុវត្ថិភាព​ក្នុង​ដំណើរការ​នៃ​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​ជា​ប្រធាន​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការ​បោះឆ្នោត (គ.ស.អ) លើកឡើង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ខ្លឹមសារ​ក្នុង​យុទ្ធនាការ​ការពារ​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ថ្ងៃទី​០៦ ខែ​មេសា ឆ្នាំ​២០២៣ នេះ​ថា ក្រៅពី​កម្លាំង​សមត្ថកិច្ច រដ្ឋាភិបាល​ក៏​បាន​ប្រើប្រាស់​កម្លាំង​ប្រជា​ការពារ​ភូមិ​ប្រមាណ​ជាង ២​ម៉ឺន​នាក់​ផង​ដែរ ដើម្បី​ធានា​សុវត្ថិភាព​នូវ​ការ​បោះឆ្នោត​មួយ​នេះ។

លោក ស ខេង អះអាង​ថា កម្លាំង​សមត្ថកិច្ច​ប្រមាណ ១០​ម៉ឺន​នាក់ និង​កម្លាំង​ប្រជា​ការពារ​ភូមិ​ប្រមាណ​ជាង ២​ម៉ឺន​នាក់​ដែល​សរុប​ជាង ១២​ម៉ឺន​នាក់​នេះ ត្រូវ​បាន​ត្រៀម​សម្រាប់​ប្រើប្រាស់​ក្នុង​ផែនការ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុង​ព្រឹត្តិការណ៍​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ខាងមុខ​នេះ​ឱ្យ​បាន​ដាច់ខាត។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រូប​នេះ​បញ្ជាក់​ថា ក្នុង​ករណី​ចាំបាច់ កម្លាំង​ប្រជា​ការពារ​ភូមិ​ត្រូវ​បាន​រៀបចំ​ចាត់តាំង​ឲ្យ​ចូលរួម​ជា​កម្លាំង​ជំនួយ​សម្រាប់​ការ​រៀបចំ​សណ្ដាប់ធ្នាប់ និង​របៀប​រៀបរយ​នៅ​តាម​មូលដ្ឋាន​ឃុំ-សង្កាត់ ដើម្បី​ឲ្យ​បំពេញ​ភារកិច្ច​ជា​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​ផង​ដែរ។

ដំណើរការ​នៃ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ ដូច្នេះ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​សម្រាប់​អាណត្តិ​ទី​៧ នេះ​នៅ​សល់​រយៈពេល​តែ​ប្រមាណ​ជា ១០០​ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ។

ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ ក្នុង​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ ត្រូវ​រង​នូវ​ការ​រិះគន់​ជាច្រើន​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ថា​ជា​ការ​បោះឆ្នោត​ដែល​គ្មាន​តម្លាភាព មិន​មាន​សេរីភាព មិន​ត្រឹមត្រូវ និង​គ្មាន​យុត្តិធម៌ ដោយសារតែ​ការ​បោះឆ្នោត​នេះ​គេ​មើល​ឃើញ​ថា​ជា​ការ​បោះឆ្នោត​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ហ៊ុន សែន ដូចជា​សមាសភាព​ទាំង ៩​រូប​របស់ គ.ជ.ប គឺ​សុទ្ធតែ​មក​ពី​បក្ស​កាន់​អំណាច ជាដើម។

ជាង​នេះ​ទៀត ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ក៏​ត្រូវ​បាន​បំបិទ ខណៈ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ក៏​ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់​គុក​ក្នុង​ផ្ទះ ២៧​ឆ្នាំ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​មិន​អាច​ដំណើរការ​ឡើងវិញ រួម​ទាំង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ត្រូវ​បាន​រារាំង​មិន​ឱ្យ​វិលត្រឡប់​មក​ចូលរួម​ក្នុង​ឆាក​នយោបាយ​កម្ពុជា​ថែម​ទៀត។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ មេសា នេះ​ថា អ្វី​ដែល​សហគមន៍​អន្តរជាតិ​ចង់​ឃើញ​បំផុត និង​ជា​ការ​ធានា​នូវ​តម្លាភាព​សម្រាប់​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ នោះ​គឺ​វត្តមាន​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អាច​ចូលរួម​ក្នុង​ការ​បោះឆ្នោត​មួយ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៣ សភា​នៃ​សហភាព​អឺរ៉ុប​បាន​គាំទ្រ​លើ​ញត្តិ​ដែល​ទាមទារ​ឱ្យ​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​លើ​រដ្ឋាភិបាល លោក ហ៊ុន សែន ដោយ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ថែម​ទៀត ប្រសិនបើ​លោក កឹម សុខា មិន​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ និង​មិន​ធានា​បាន​នូវ​ការ​បោះឆ្នោត​ជាតិ​ខាងមុខ​ឲ្យ​មាន​តម្លាភាព និង​យុត្តិធម៌​ទេ​នោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស