27 C
Phnom Penh

អាជ្ញាធរ​ភ្នំពេញ​ហាម​ពលរដ្ឋ​លេង​បាញ់​ទឹក​ឬ​គប់​ទឹក​ប៉ាត​ម្សៅ​អ្នក​ដំណើរ​អំឡុង​បុណ្យ​ចូលឆ្នាំ​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ក្រុង​ភ្នំពេញ​ហាម​យុវជន និង​ពលរដ្ឋ​មិន​ឲ្យ​លេង​បាញ់ ឬ​គប់​ស្បោង​ទឹក ប៉ាត​ម្សៅ​ដល់​អ្នក​ដំណើរ ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ផ្សេងៗ​រហូត​អាច​ឈាន​ទៅ​បាត់បង់​អាយុ​ជីវិត​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែ​មេសា ខាងមុខ។

ក្នុង​សេចក្ដី​ជូនដំណឹង​ចុះ​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២៣ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​អំពាវនាវ​ទៅ​ប្រជាពលរដ្ឋ​ចូលរួម​លេង​ល្បែង​ប្រជាប្រិយ​គ្រប់​ប្រភេទ​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែ​មេសា ខាងមុខ​នេះ។ បន្ថែម​ពី​នេះ ប្រជាពលរដ្ឋ ជាពិសេស​ក្មួយៗ​ជា​យុវជន​យុវនារី សិស្ស​និស្សិត និង​កម្មករ​កម្មការិនី​ទាំងអស់ ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​មិន​ត្រូវ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង និង​ចូលរួម​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​ចំពោះ​ភ្លើងទៀន ធូប ភ្លើង​ចង្ក្រាន ចរន្ត​អគ្គិសនី ដើម្បី​រក្សា​បាន​នូវ​ទ្រព្យសម្បត្តិ​អាយុ​ជីវិត​ផ្ទាល់ខ្លួន និង​អ្នក​ដទៃ។

ក្រៅពី​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ហើយ សាលា​រាជធានី​ភ្នំពេញ​ក៏​ហាមឃាត់​មិន​ឲ្យ​លេង​បាញ់​ទឹក ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ប៉ាត​ម្សៅ ទះ​គក់​ដោយ​ដៃ ឬ​វាយ​ដោយ​រំពាត់​ដល់​អ្នក​ដំណើរ ឬ​ជិះ​ម៉ូតូ​បង្ហោះ​ប្រដេញ​គ្នា​លេង​នៅ​តាម​ផ្លូវ ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ជា​យថាហេតុ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ផ្ទាល់ខ្លួន និង​អ្នក​ដំណើរ។ សម្រាប់​ការ​លេង​ល្បែង​ស៊ីសង អុជ​ផាវ និង​គ្រឿងផ្ទុះ​គ្រប់​ប្រភេទ​វិញ ត្រូវ​ហាម​ដាច់ខាត។

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ព្រមាន​ចាត់​វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នក​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ខាងលើ ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ប្រពៃណី សេចក្ដី​ថ្លៃថ្នូរ​របស់​ជាតិ ក៏ដូចជា​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀប​រៀបរយ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ។

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា យុវជន និង​ប្រជាពលរដ្ឋ​ទាំង​នៅ​ទីក្រុង​ភ្នំពេញ និង​បណ្ដាល​ខេត្ត​នានា តែង​នាំគ្នា​លេង​បាញ់​ទឹក គប់ ឬ​ជះ​ទឹក និង​ប៉ាត​ម្សៅ​តាម​ដងផ្លូវ ជាដើម នៅ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ ខណៈ​ការ​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​វិញ ហាក់ដូចជា​ចាក​ឆ្ងាយ​បន្តិច​ម្ដង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស