35 C
Phnom Penh

លោក កឹម សុខា មិន​អាច​ជួប​ម្តាយ​ជរា​និង​ទៅ​វត្ត​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ត្អូញត្អែរ​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មិន​អាច​ជួប​ម្តាយ​ជរា​ដែល​មាន​ជន្មាយុ​ជិត ១០០​វស្សា​កំពុង​សម្រាក​លើ​គ្រែ និង​ការ​ជួបជុំ​ជាមួយ​ពលរដ្ឋ​ក្នុង​នាម​ជា​ពុទ្ធសាសនិក​ដូច​ឆ្នាំ​មុនៗ​នោះ​ទេ ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ខាងមុខ​នេះ។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១១ មេសា នេះ​ថា លោក​សង្ឃឹម​ថា​មេដឹកនាំ​នយោបាយ​ថ្នាក់​កំពូល​ដែល​កំពុង​កាន់​អំណាច នឹង​មាន​មេត្តា​ករុណា​សន្តោស​អធ្យាស្រ័យ​ក្នុង​នាម​អ្នក​នយោបាយ​ដូច​គ្នា ព្រោះ​សូម្បីតែ​ឧក្រិដ្ឋជន​ដែល​មាន​ទោស​សម្លាប់​មនុស្ស ក៏​គាត់​នៅតែ​អាច​មាន​ចិត្ត​មេត្តា​សន្តោស​ប្រណី ដូច្នេះ​ករណី​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា គួរ​តែ​អាច​ទទួល​បាន​នូវ​សេរីភាព​ឡើងវិញ ដើម្បី​ឱ្យ​លោក​អាច​ចូលរួម​បម្រើ​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត ជាពិសេស​អាច​ចូលរួម​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នា​ពេល​ខាងមុខ​នេះ។

លោក មាជ សុវណ្ណារ៉ា រៀបរាប់​ថា ដោយសារតែ​កិច្ចការ​ដើម្បី​ជាតិ​មាតុភូមិ​ដែល​ខ្លួន​ស្រឡាញ់ លោក កឹម សុខា ត្រូវ​រង​នូវ​ការ​ចោទ និង​កាត់ទោស​ឱ្យ​ជាប់​គុក​ក្នុង​ផ្ទះ​រយៈពេល ២៧​ឆ្នាំ ដែល​ត្រូវ​បាន​បិទ​សិទ្ធិ​សេរីភាព​ធ្ងន់ធ្ងរ​គ្រប់​បែប​យ៉ាង សូម្បីតែ​សហការី ឬ​ពលរដ្ឋ​ក៏​មិន​បាន​ជួប​មុខ​លោក​ដែរ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​លើកឡើង​ថា ការ​លះបង់​របស់​លោក កឹម សុខា ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា​ដើម្បី​យុត្តិធម៌​សង្គម ដើម្បី​សិទ្ធិ​សេរីភាព ដើម្បី​លទ្ធិប្រជាធិបតេយ្យ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចងចាំ​នូវ​គុណតម្លៃ និង​គុណធម៌​របស់​លោក​ជានិច្ច បើ​ទោះបីជា​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ត្រូវ​រង​នូវ​ការ​ចោទប្រកាន់​យ៉ាងណា​ក៏ដោយ។

កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ជាប់​គុក​ក្នុង​ផ្ទះ​រយៈពេល ២៧​ឆ្នាំ ព្រមទាំង​ត្រូវ​ដកហូត​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ និង​មិន​អនុញ្ញាត​ឱ្យ​ជួប​ជាមួយ​អ្នកដទៃ​ក្រៅពី​សាច់ញាតិ​ថែម​ទៀត ខណៈ​ផ្ទះ​របស់​លោក​ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​យាមកាម​ជាប់​ជានិច្ច​ផង​ដែរ។

កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២៣ សហរដ្ឋ​អាមេរិក​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​កាត់ទោស​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក្រោម​ហេតុផល​នយោបាយ ពី​បទ​ក្បត់​ជាតិ​ដែល​តម្រូវ​ឱ្យ​ដាក់​គុក​នៅ​ក្នុង​ផ្ទះ​រយៈពេល ២៧​ឆ្នាំ កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ នេះ។

សហរដ្ឋ​អាមេរិក​លើកឡើង​ថា ការ​ផ្ដន្ទាទោស​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា គឺជា​ផ្នែក​មួយ​នៃ​ការ​គំរាមកំហែង និង​ការ​យាយី​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា​ចំពោះ​អ្នក​នយោបាយ​បក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ដោយ​ឯករាជ្យ​ក្នុង​ការ​អនុវត្ត​សេរីភាព​ជា​មូលដ្ឋាន​ជុំវិញ​ការ​បញ្ចេញមតិ និង​ការ​បង្កើត​សមាគម ជាដើម។

ក្នុង​យុទ្ធនាការ​អ្នកទោស​នយោបាយ​ដោយ​គ្មាន​ហេតុផល (Without Just Cause Political Prisoners Campaign) នេះ សហរដ្ឋ​អាមេរិក​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស​ឱ្យ​ជាប់​គុក​ក្នុង​ផ្ទះ​នៅ​ពេលនេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស