29 C
Phnom Penh

កម្ពុជា​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​បន្ទាប់ពី​ខកខាន​ពីរ​ឆ្នាំ​ដោយសារ​ជំងឺ​កូវីដ-១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​កម្ពុជា​ប្រារព្ធ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំ​ខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ចូល​ឆ្នាំ​ថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ រយៈពេល ៣​ថ្ងៃ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​សុក្រ និង​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ បន្ទាប់ពី​ខកខាន​រយៈពេល ២​ឆ្នាំ​ដោយសារ​ជំងឺ​កូវីដ-១៩។

ប្រទេស​កម្ពុជា​បាន​ប្រកាន់​យក​ទំនៀមទម្លាប់​ប្រពៃណី​ជាតិ​របស់​ខ្លួន​ក្នុង​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំ​រយៈពេល ៣​ថ្ងៃ នៅ​ថ្ងៃ​ដំបូង​គឺជា​ថ្ងៃ​មហា​សង្ក្រាន្ត ថ្ងៃទី​២ គឺជា​ថ្ងៃ​វារៈវ័នបត និង​ថ្ងៃទី​៣ គឺជា​ថ្ងៃ​វារៈឡើងស័ក ហើយ​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នេះ​តែងតែ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​១៣ ឬ​ថ្ងៃទី​១៤ ខែ​មេសា ត្រូវ​នឹង​ខែ​ចេត្រ ជា​រៀងរាល់​ឆ្នាំ។

ប៉ុន្តែ​បើ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ជាន់​លើ​ថ្ងៃ​ដូច​គ្នា​នឹង​ឆ្នាំ​ចាស់ នោះ​គេ​នឹង​រំកិល​មក​ថ្ងៃ​បន្ទាប់​វិញ។ ជាក់ស្តែង​កាលពី​ឆ្នាំ​ចាស់​ឆ្នាំ​២០២២ ថ្ងៃ​ចូល​ឆ្នាំ​ត្រូវ​បាន​កំណត់​យក​ថ្ងៃ​ព្រហស្បតិ៍ ដូច្នេះ​ឆ្នាំ​២០២៣ នេះ​មិន​ត្រូវ​បាន​កំណត់​យក​ថ្ងៃ​ព្រហស្បតិ៍​ទៀត​ទេ គឺ​គេ​ត្រូវ​រំកិល​មក​ថ្ងៃ​សុក្រ​ជំនួស​វិញ។

ការ​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំ​សម្រាប់​ប្រជាជន​ខ្មែរ​នេះ តែងតែ​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ​នៅ​ពាក់កណ្តាល​ខែ​មេសា ឬ​ខែ​ចេត្រ ដែល​ជា​ពិធីបុណ្យ​មួយ​ក្នុង​ចំណោម​ពិធីបុណ្យ​ប្រពៃណី​ជាតិ​ជាច្រើន​របស់​ប្រជាជន​ខ្មែរ ដូចជា​បុណ្យ​ភ្ជុំបិណ្ឌ និង​អុំទូក អកអំបុក សំពះ​ព្រះ​ខែ ជាដើម។

សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ​ថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​សុក្រ ៩​រោច ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០២២ នៅ​វេលា​ម៉ោង ៤:០០​នាទី​ល្ងាច​តាម​កាលកំណត់។ ទេវតា​ឆ្នាំ​ថ្មី​ឆ្នាំ​ថោះ ព្រះនាម កិមិរាទេវី តំណាង​ឲ្យ​ថ្ងៃ​សុក្រ ដែល​ជា​បុត្រី​ទី​៦ ក្នុង​ចំណោម​បុត្រី​ទាំង​៧ នៃ​កបិលមហាព្រហ្ម ដែល​គង់​នៅ​ឋាន​ចាតុម្មហារាជិការ នឹង​យាង​ចុះ​មក​ថែរក្សា​ភព​ផែនដី​នេះ​បន្ត​ពី​ទេវតា​ឆ្នាំ​ចាស់។

ព្រះនាង កិមិរាទេវី ទ្រង់​អម្ពរ​ព្រះ​កាយ​ដោយ​ពណ៌​ស សៀត​ផ្កា​ចង្កុលណី ឬ​ផ្កា​រំចង់ នៅ​ត្រង់​ព្រះការណ៍​ដែល​មាន​គ្រឿង​ប្រដាប់​ដោយ​បុស្ស​រាគ័ម ឬ​ត្បូង​ពណ៌​លឿង ក្នុង​នោះ​ព្រះហស្ដ​ស្តាំ​កាន់​ព្រះខ័ន ព្រះហស្ត​ឆ្វេង​កាន់​ពិណ គង់​លើ​ខ្នង​សត្វ​មហឹង្សា ឬ​សត្វ​ក្របី ជា​យានជំនិះ ហើយ​ទ្រង់​សោយ​ចេក​ណាំវ៉ា​ជា​ព្រះ​ក្រយា។

ជុំវិញ​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​រៀបចំ​ពិធី​នៅ​តាម​គេហដ្ឋាន​រៀងៗ​ខ្លួន​ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី មុន​នឹង​ពិធី​ចូល​ឆ្នាំ​ខ្មែរ​ចាប់ផ្តើម ដោយ​ការ​បូជា​គ្រឿង​សក្ការៈ​ជាច្រើន ដូចជា​បាយសី ស្លាធម៌ ធូប ទៀន ទឹកអប់ ផ្កា​ភ្ញី និង​ផ្លែឈើ​ជាច្រើន​មុខ​ផង​ដែរ។

រយៈពេល ៣​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​១ គេ​ហៅថា មហាសង្ក្រាន្ត។ ក្នុង​ថ្ងៃ​នោះ ប្រជាជន​ខ្មែរ​តែង​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​អារាម ចំណែក​ថ្ងៃទី​២ គេ​ហៅថា ថ្ងៃ​វារៈវ័នបត។ ក្នុង​ថ្ងៃ​នោះ ប្រជាពលរដ្ឋ​ខ្មែរ​តែង​ជូន​សម្លៀកបំពាក់ និង​គ្រឿង​បរិក្ខារ​ផ្សេងៗ​ដល់​អ្នក​មាន​គុណ ដូចជា​ឪពុកម្ដាយ ជីដូន​ជីតា ជាដើម និង​និមន្ត​ព្រះសង្ឃ​បង្សុកូល​ដើម្បី​ឧទ្ទិស​មគ្គផល​ដល់​វិញ្ញាណក្ខន្ធ​បុព្វការី​ជន​របស់​ខ្លួន​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ​នោះ។

ដោយឡែក​ថ្ងៃទី​៣ គេ​ហៅថា​ថ្ងៃ​វារៈឡើងស័ក។ ក្នុង​ថ្ងៃ​នោះ ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​តែង​ស្រង់​ទឹក​ដល់​ព្រះពុទ្ធ​បដិមា ព្រះសង្ឃ និង​ឪពុកម្ដាយ ជាដើម ដើម្បី​សុំ​ខមាទោស​លុះ​លា​ត្រាប្រណី​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ខុស​កាលពី​ឆ្នាំ​ចាស់​កន្លងទៅ។

ពិធីបុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ក្នុង​ឆ្នាំ​នេះ ខេត្ត​សៀមរាប​បាន​ក្លាយ​ជា​ខេត្ត​អាទិភាព​មួយ​ក្នុង​ការ​រៀបចំ​ពិធី​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ពេលនេះ ដែល​គេ​ហៅថា កម្មវិធី​អង្គរ​សង្ក្រាន្ត។ ក្នុង​នោះ ក៏​ដើម្បី​គម្រប់​ខួប ១០​ឆ្នាំ​ដែល​ខ្លួន​បាន​ចាប់ផ្តើម​កម្មវិធី​នេះ​ឡើង​ជា​លើកដំបូង​កាលពី​ឆ្នាំ​២០១៣ ផង​ដែរ។

ប្រទេស​កម្ពុជា​បាន​ខកខាន​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​អស់​រយៈពេល ២​ឆ្នាំ​មក​ហើយ ដោយសារតែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ដោយ​គ្រាន់តែ​អនុញ្ញាត​ឱ្យ​មាន​ការ​ជួបជុំ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​តូច​នៅ​តាម​ទី​វត្ត​អារាម​ប៉ុណ្ណោះ តែ​ត្រូវ​ហាមប្រាម​ការ​លេង​ល្បែង​កម្សាន្ត​នានា​ដាច់ខាត។

ជុំវិញ​ការ​ប្រារព្ធ​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នេះ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បាន​លើកឡើង​កាលពី​ថ្ងៃទី​១២ មេសា នេះ​ថា ស្ថានទូត​អាមេរិក​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​អត្ថន័យ​ក្រៃលែង​ក្នុង​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ដែល​ជា​ពេលវេលា​បន្ត​នូវ​ចំណង​មិត្តភាព​ពី​មុន បង្កើត​មិត្ត​ថ្មីៗ និង​ទទួល​យក​នូវ​សេចក្តី​រីករាយ​ក្នុង​រដូវ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស