33 C
Phnom Penh

Fresh News ច្រានចោល​ការ​ចោទ​ដែល​ថា​ទទួល​ដី​ជា​ថ្នូរ​នឹង​ការ​ផ្សាយ​ព័ត៌មាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គភាព​សារព័ត៌មាន Fresh News ច្រានចោល​ការ​ចោទប្រកាន់​របស់​លោក ដេវិដ ឆាណាយវ៉ា ដែល​អះអាង​ថា​អ្នកកាសែត ហ្វ្រេសញ៉ូវ ទទួល​បាន​ដី​មួយ​ប្លង់​ទំហំ ២០​ម៉ែត្រ​គុណ​នឹង ៥​ម៉ែត្រ ជា​ថ្នូរ​នឹង​ការ​ផ្សាយ​ព័ត៌មាន​ជុំវិញ​ទំនាស់​ដីធ្លី​មួយ​កន្លែង​ស្ថិត​នៅ​ចំណុច​ភូមិ​ចំណោតរាម ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​កំពុង​មាន​ទំនាស់​ជាមួយ​ធនាគារ​កាណាឌីយ៉ា​របស់​ឧកញ៉ា ពុង ឃាវសែ។

អង្គភាព​សារព័ត៌មាន Fresh News ចេញ​មុខ​បដិសេធ​នៅ​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២៣ នេះ​ថា អង្គភាព​របស់​ខ្លួន​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ណា​មួយ​ជាមួយ​នឹង​ករណី​ទំនាស់​ដីធ្លី​នៅ​ចំណុច​ភូមិ​ចំណោតរាម ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នេះ​ទេ ហើយ​ការ​ផ្សព្វផ្សាយ​កន្លងមក គឺ​ធ្វើ​ទៅ​តាម​ព័ត៌មាន​របស់​អាជ្ញាធរ​ដែល​បាន​ចុះ​អនុវត្ត​តែប៉ុណ្ណោះ។

អង្គភាព​សារព័ត៌មាន Fresh News ស្នើ​ឲ្យ​លោក ដេវិដ ឆាណាយវ៉ា ធ្វើការ​កែតម្រូវ​ចំពោះ​ការ​ចោទប្រកាន់​មក​លើ​អ្នក​សារព័ត៌មាន​របស់​ខ្លួន​ជុំវិញ​បញ្ហា​នេះ ព្រោះ​អង្គភាព​មិន​បាន​ទទួល​យក​ការ​សូកប៉ាន់​ណា​មួយ​ក្នុង​ករណី​នេះ​ឡើយ​ចាប់តាំងពី​ការ​ផ្សព្វផ្សាយ​របស់​ខ្លួន​ជុំវិញ​ទំនាស់​ដីធ្លី​នៅ​តំបន់​នោះ​រហូត​ដល់​ពេលនេះ។

ការ​ចេញ​មុខ​បដិសេធ​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ដេវិដ ឆាណាយវ៉ា អះអាង​ថា​មាន​អ្នកកាសែត​ខ្លះ​ទទួល​បាន​ដី​ពី​អាជ្ញាធរ​ជា​ថ្នូរ​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ជុំវិញ​ទំនាស់​ដីធ្លី​នៅ​ចំណុច​ភូមិ​ចំណោតរាម ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នេះ។

កាលពី​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២៣ លោក ដេវិដ ឆាណាយវ៉ា បាន​ផ្សាយ​ផ្ទាល់​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន ដោយ​អះអាង​ថា លោក​បាន​ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​ថា យុទ្ធសាស្ត្រ​ថ្មី​របស់​ក្រុម​លោក ប៊ូ វឌ្ឍនា ប្រធាន​អន្តរ​វិស័យ​ខេត្ត​ព្រះសីហនុ បាន​ប្រមូល​ប្រជាពលរដ្ឋ​ឲ្យ​ប្ដឹង​រូបលោក “ពី​បទ​មេខ្លោង​នាំ​ប្រជាពលរដ្ឋ​បះបោរ” ជា​ថ្នូរ​នឹង​ការ​ផ្តល់​ឱ្យ​ដី​ទំហំ ៥​ម៉ែត្រ​គុណ​នឹង ២០​ម៉ែត្រ​ដល់​ប្រជាពលរដ្ឋ​ទាំងនោះ។ ជាង​នេះ​ទៀត អ្នក​សារព័ត៌មាន​ខ្លះ​ក៏​ត្រូវ​មន្ត្រី​ខេត្ត​ព្រះសីហនុ ផ្ដល់​ដី​ទំហំ ៥​ម៉ែត្រ​គុណ​នឹង ២០​ម៉ែត្រ​ដែរ ជា​ថ្នូរ​នឹង​ការ​ចុះផ្សាយ​ជុំវិញ​ទំនាស់​ដីធ្លី​នេះ។

លោក ដេវិដ ឆាណាយវ៉ា បញ្ជាក់​ថា មន្ត្រី​រដ្ឋាភិបាល​កំពុង​នាំគ្នា​បោកប្រាស់​ប្រមុខ​រាជរដ្ឋាភិបាល​លោក ហ៊ុន សែន ដោយ​ស្នើ​ដី​ឱ្យ​ក្រុមហ៊ុន​ឯកជន​រាប់​សិប​ហិកតារ និង​រំលោភ​លើ​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅឋាន​ជាក់ស្តែង​រាប់​រយ​គ្រួសារ​ថែម​ទៀត។

លោក​បញ្ជាក់​ថា ដី​ទាំងនោះ​មាន​ផ្ទះ​ត្រឹមត្រូវ ហើយ​ផ្ទះ​ខ្លះ​មាន​ទាំង​របង​លួស និង​របង​បេតុង​ផង​ដែរ ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា ដី​ទាំងនោះ​គឺជា​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់​ជា​យូរ​មក​ហើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ជុំវិញ​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជាមួយ​ធនាគារ​កាណាឌីយ៉ា ស្ថិត​នៅ​ចំណុច​អូរត្រាវ ភូមិ​ចំណោតរាម ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នេះ គេ​សង្កេត​ឃើញ​ថា អង្គភាព​សារព័ត៌មាន Fresh News បាន​ចុះផ្សាយ​តាម​តែ​របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ប៉ុណ្ណោះ​ខណៈ​សំឡេង​ប្រជាពលរដ្ឋ​រងគ្រោះ​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ទូលំទូលាយ​នោះ​ទេ។

ជាក់ស្តែង ការ​លើកឡើង​របស់​លោក ដេវិដ ឆាណាយវ៉ា កន្លងមក​ជុំវិញ​ការ​រំលោភ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ពី​សំណាក់​អាជ្ញាធរ អង្គភាព​សារព័ត៌មាន Fresh News មិន​ដែល​បាន​ចុះផ្សាយ​ឡើយ ប៉ុន្តែ​គេ​ឃើញ​តែ​ការ​ចុះផ្សាយ​ពី​សំឡេង​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​តែ​ម្ខាង​ច្រើន​ជាង​រហូត​មក។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​រស់នៅ​ក្នុង​ភូមិ​គគីរ ឃុំ​បិតត្រាំង ធ្លាប់​បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ពេល​ដែល​ប្រជាពលរដ្ឋ​មក​រស់នៅ​លើ​ដី​នេះ​លើកដំបូង អាជ្ញាធរ​ចោទ​ថា​ពួកគាត់​រស់នៅ​ដោយ​ខុស​ច្បាប់​លើ​ដី​រដ្ឋ​ដែល​ជា​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ប៉ុន្តែ​ក្រោយ​ប្រជាពលរដ្ឋ​រស់នៅ​អស់​រាប់​សិប​ឆ្នាំ អាជ្ញាធរ​នាំគ្នា​មក​បណ្តេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅឋាន​ដោយ​ចោទ​ថា ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ខុស​ច្បាប់​នៅ​លើ​ដី​ក្រុមហ៊ុន​ឯកជន​ទៅវិញ។

កាលពី​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ស្ថិត​នៅ​ភូមិ​ចំណោតរាម ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​មាន​ទំហំ ១០​ហិកតារ ៤០​អា និង ៣៩​សង់ទីអា ចេញពី​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដើម្បី​ធ្វើ​អនុបយោគ​ឱ្យ​ជា​កម្មសិទ្ធិ​ធនាគារ​កាណាឌីយ៉ា​របស់​លោក​ឧកញ៉ា ពុង ឃាវសែ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស