28.4 C
Phnom Penh

ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ជាង​១៣​លាន​នាក់​ដើរ​កម្សាន្ត​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​បី​ថ្ងៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ទេសចរណ៍​កម្ពុជា អះអាង​ថា កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​កម្សាន្ត​ទាំង​ជាតិ និង​អន្តរជាតិ​ជាង ១៣​លាន ១​សែន​នាក់​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​រយៈពេល ៣​ថ្ងៃ។

ក្រសួង​ទេសចរណ៍​កម្ពុជា បាន​ចេញ​របាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី​១៧ មេសា នេះ​ថា សម្រាប់​រយៈពេល ៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​មាន​ភ្ញៀវ​ទេសចរ​ដើរលេង​កម្សាន្ត​នៅ​តាម​តំបន់​ទេសចរណ៍ និង​រមណីយដ្ឋាន​នានា​នៅ​ទូទាំង​ប្រទេស​សរុប ១៣​លាន ១​សែន ៨​ម៉ឺន​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​ជាង ១៣​លាន ១​សែន ៣​ម៉ឺន​នាក់ ខណៈ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ជាង ៥​ម៉ឺន ៥​ពាន់​នាក់​ប៉ុណ្ណោះ។

ប្រភព​ដដែល​អះអាង​ថា គោលដៅ​ទេសចរណ៍​សំខាន់ៗ​សម្រាប់​លេង​កម្សាន្ត​អំឡុង​ពេល​ចូលឆ្នាំ​ថ្មី​ខ្មែរ​មាន​ចំនួន ៩​ខេត្ត​នៅ​ទូទាំង​ប្រទេស ដូចជា​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប និង​ខេត្ត​បាត់ដំបង ជាដើម ប៉ុន្តែ​ខេត្ត​ដែល​មាន​ភ្ញៀវ​ទេសចរ​ច្រើន​ជាងគេ គឺ​មាន​តែ​ខេត្ត​សៀមរាប មួយ​ប៉ុណ្ណោះ ដែល​ភ្ញៀវ​ទេសចរ​រហូត​ដល់​ទៅ​ជាង ២​លាន​នាក់ ខណៈ​ខេត្ត​បាត់ដំបង ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង ១​លាន ៥​សែន​នាក់​ផង​ដែរ។

ប្រទេស​កម្ពុជា បាន​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​រយៈពេល ៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០២៣ នេះ ក្នុង​នោះ​ក៏​មាន​ការ​បើក​ពិធី​អង្គរ​សង្ក្រាន្ត​នៅ​ខេត្ត​សៀមរាប គម្រប់​ខួប ១០​ឆ្នាំ​នៃ​ពិធី​នេះ​ផង​ដែរ បន្ទាប់ពី​កម្ពុជា​ខកខាន​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​របស់​ខ្លួន​អស់​រយៈពេល ២​ឆ្នាំ ដោយសារ​ជំងឺ​កូវីដ-១៩ កាលពី​ពេល​កន្លងទៅ។

ជុំវិញ​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​នេះ លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​កាលពី​ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០២៣ នេះ​ថា មាន​មូលហេតុ​មួយ​ចំនួន​ដែល​នាំ​ឱ្យ​កើតមាន​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត និង​ការ​រៀបចំ​សង្ក្រាន្ត​អបអរ​ឆ្នាំ​ថ្មី​ទូទាំង​ប្រទេស​នោះ គឺ​ដោយសារ​កម្ពុជា​មាន​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ ឈ្នះ​លើ​ជំងឺ​កូវីដ-១៩ និង​ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ពី​គ្រប់​ខេត្ត​នានា ជាដើម។

ទាក់ទិន​នឹង​ការ​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ ស្នងការដ្ឋាន​នគរបាល​ជាតិ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១៦ មេសា នេះ​ថា រយៈពេល ៣​ថ្ងៃ​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​បាន​កើតឡើង​ចំនួន ៤៣​លើក បណ្តាល​ឲ្យ​មនុស្ស​ចំនួន ១៨​នាក់​ស្លាប់​បាត់បង់​ជីវិត និង ៧៧​នាក់​ទៀត​រង​របួស​ធ្ងន់​ស្រាល ដោយសារតែ​ការ​បើកបរ​លើស​ល្បឿន​កំណត់ និង​ទទួលទាន​គ្រឿង​ស្រវឹង។

ស្នងការដ្ឋាន​នគរបាល​ជាតិ​បញ្ជាក់​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាង ៨​ពាន់​នាក់​មកពី ១២​អង្គភាព និង​ស្ថាប័ន រួមមាន​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កងរាជ​អាវុធហត្ថ បញ្ជាការដ្ឋាន​អង្គរក្ស និង​បញ្ជាការដ្ឋាន​ជាតិ​ប្រឆាំង​ភេរវកម្ម ជាដើម ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ខេត្ត​សៀមរាប ដើម្បី​រក្សា​សុវត្ថិភាព សណ្ដាប់ធ្នាប់ នា​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​នេះ។

ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នេះ កម្ពុជា​បាន​ជាប់​កំណត់ត្រា​ពិភពលោក (World Guinness Record) ដល់​ទៅ​ពីរ​ផ្សេង​គ្នា គឺ​ទី​១ កំណត់ត្រា អ្នក​រាំ​បទ​ម៉ាឌីហ្សូន​ច្រើន​ជាងគេ​លើ​នៅ​ពិភពលោក ដែល​មាន​អ្នក​ចូលរួម​រាំ​ចំនួន ៤៩៩៩​នាក់ និង​ទី​២ កំណត់ត្រា​ពិភពលោក​ដែល​មាន​បេះដូង​ក្រដាស​ច្រើន​ជាងគេ​នៅ​លើ​ពិភពលោក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស