37.5 C
Phnom Penh

នាយករដ្ឋមន្ត្រី​ប្រកាស​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ទ្រង់ទ្រាយ​ធំ​ឡើងវិញ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ត​ពូជ​នៅ​ប្រទេស​កម្ពុជា លោក ហ៊ុន ម៉ាណែត ប្រកាស​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ទ្រង់ទ្រាយ​ធំ​ឡើងវិញ​នៅ​ខេត្ត​សៀមរាប ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​២០២៥ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍ អេយសៀ (Southeast Asia University) ក្នុង​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​អង្គារ ទី​២៥ ខែ​កុម្ភៈ លោក ហ៊ុន ម៉ាណែត អះអាង​ថា ខែ​មេសា ឆ្នាំ​នេះ នឹង​មាន​ការ​រៀបចំ​ពិធី​អង្គរ​សង្ក្រាន្ត​ដ៏​ធំ​នៅ​ខេត្ត​សៀមរាប។

លោក​បាន​រំលឹក​ប្រាប់​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក.) ខេត្ត​សៀមរាប ថា​ត្រូវ​ត្រៀម​ខ្លួន​ចូលរួម និង​ផ្សព្វផ្សាយ​សក្ដានុពល​ទេសចរណ៍​កម្ពុជា​ទៅ​កាន់​ពិភពលោក។

ទាក់ទង​ទៅ​នឹង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក ហ៊ុន ម៉ានី និង​លោក ប្រាក់ សោភណ្ឌ អភិបាល​ខេត្ត​សៀមរាប កាលពី​ខែ​មករា បាន​ដឹកនាំ​ក្រុម​ការងារ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ទីតាំង​មួយ​ចំនួន​ក្នុង​បរិវេណ​មុខ​ប្រាសាទ​អង្គរវត្ត និង​សួនច្បារ​ព្រះរាជដំណាក់ ដើម្បី​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៥។

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​អះអាង​ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នឹង​ត្រឡប់​មក​ជា​ថ្មី​ជាមួយ​នឹង​ទស្សនីយភាព​សិល្បៈ​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​ដូនតា​ខ្មែរ ដើម្បី​មក​ដាក់​បង្ហាញ​សាធារណជន​ជាតិ និង​អន្តរជាតិ​ក្នុង​ឱកាស​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាងមុខ។

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បាន​រៀបចំ​ឡើង​ជា​ផ្ទាំង​ទស្សនីយភាព​វប្បធម៌​ទ្រង់ទ្រាយ​ធំ​ជា​លើកដំបូង​នៅ​ខេត្ត​សៀមរាប ក្នុង​ឆ្នាំ​២០១៣ ក្រោម​ការ​ផ្ដួចផ្ដើម​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក.) ក្នុង​បំណង​ប្រមូលផ្ដុំ​យុវជន ក៏ដូចជា​សាធារណជន ដើម្បី​អបអរ​សាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ រំលឹក​និង​ធ្វើ​ឱ្យ​រស់​រវើក​ឡើង​វិញ​នូវ​មរតក​បេតិកភណ្ឌ​អរូបី​ខ្មែរ តាមរយៈ​ការ​ចូលរួម​ថែរក្សា​វប្បធម៌​ជាតិ និង​លើកស្ទួយ​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ។

ពិធី​អង្គរ​សង្ក្រាន្ត​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ប្រារព្ធ​ជា​លើកដំបូង​នៅ​ឆ្នាំ​២០១៣ លើ​ទឹកដី​ខេត្ត​សៀមរាប នៅ​ក្នុង​បរិវេណ​ប្រាសាទ​អង្គរវត្ត ដើម្បី​អបអរ​សាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ និង​បន្ត​ប្រារព្ធ​ពិធី​នេះ​រហូត​មក​អស់​រយៈពេល ១០​ឆ្នាំ​ហើយ។

ប៉ុន្តែ​នៅ​ឆ្នាំ​២០២៤ រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត មិន​បាន​ប្រកាស​ប្រារព្ធ​ពិធី​អង្គរ​សង្ក្រាន្ត​នេះ​ដូច​មុន​ទេ ដែល​ទង្វើ​នេះ​មាន​លក្ខណៈ​ផ្ទុយ​គ្នា​ស្រឡះ​ពី​ផែនការ​របស់​រដ្ឋាភិបាល​ដែល​ខំប្រឹង​ជំរុញ​ឱ្យ​មាន​កំណើន​ទេសចរណ៍​ក្នុង​ស្រុក ដើម្បី​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ដែល​កំពុង​ធ្លាក់​ចុះ​សព្វថ្ងៃ​នេះ។

អតីត​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ការ​ប្រកាស​ផ្អាក​ពិធី​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៤ ពី​សំណាក់​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក) លោក ហ៊ុន ម៉ានី ដោយសារតែ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ខ្វះ​លុយ​ធ្ងន់ធ្ងរ​ស្រប​ពេល​ដែល​សេដ្ឋកិច្ច​ក្នុង​ស្រុក​របស់​កម្ពុជា​កំពុង​ធ្លាក់​ចុះ ដោយសារ​ឧបសគ្គ​ចាក់ស្រេះ​ដែល​រដ្ឋាភិបាល​ដោះស្រាយ​មិន​ចេញ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស