សមត្ថកិច្ចចាប់ខ្លួនជនជាតិវៀតណាម ២នាក់ ករណីដែលពួកគេលួចដាំកញ្ឆាលើផ្ទៃដី ១ហិកតារនៅក្នុងខេត្តមណ្ឌលគិរី ខណៈអ្នកវិភាគនយោបាយចាត់ទុកករណីនេះថាជាសញ្ញាគ្រោះថ្នាក់ដ៏ធំសម្រាប់ប្រទេសកម្ពុជា។
ទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ បានផ្សាយថា ជនជាតិវៀតណាមទាំងពីរនាក់ដែលត្រូវបានកម្លាំងចម្រុះឃាត់ខ្លួនមានឈ្មោះ ង្វៀន វ៉ាន់ហ្វាង ភេទប្រុស ជនជាតិវៀតណាម ទីលំនៅភូមិវូយបា ឃុំធុងដូរ ស្រុកវិញ ខេត្តងាអាន។ ចំណែកម្នាក់ទៀតឈ្មោះ ហ្វាម វ៉ាន់ថាយ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិវូយបា ឃុំធុងដូរ ស្រុកវិញ ខេត្តងាអាន ប្រទេសវៀតណាម។
ក្រៅពីឃាត់ខ្លួនជនជាតិវៀតណាម កម្លាំងសមត្ថកិច្ចក៏ចាប់យកបានវត្ថុតាងរួមមាន កញ្ឆាស្ងួតចំនួន ០២កញ្ចប់ និងជីគីមីចំនួន ៣០ការុង ព្រមទាំងថ្នាំបំប៉នកញ្ឆាកំប៉ុង កែវជ័របណ្ដុះកូនកញ្ឆាកែវ ជញ្ជីងថ្លឹងកញ្ឆាក្រៀម ម៉ាស៊ីនអ៊ុតកញ្ចប់កញ្ឆា ថង់វេចខ្ចប់ ជីម្សៅបំប៉នកញ្ឆាកញ្ចប់ ថ្នាំជ្រលក់កញ្ឆាកំប៉ុង ថ្នាំបាញ់ស្មៅកញ្ចប់ ជាដើម។
ចំណែកដើមកញ្ឆាស្រស់ជាង ១ម៉ឺនដើមដែលមានទម្ងន់ ១២០៥គីឡូក្រាម ត្រូវបានសមត្ថកិច្ចដុតកម្ទេចចោល ខណៈជនជាតិវៀតណាមទាំងពីរនាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
បើតាមស្នងការខេត្តមណ្ឌលគិរី លោក ឡោ សុខា ប្រាប់សារព័ត៌មានក្នុងស្រុកថា ដើមកញ្ឆាទាំងនោះ ជនជាតិវៀតណាមបានដាំចន្លោះ ៣ខែទៅ ៤ខែ ដោយមិនទាន់អាចប្រមូលផលបានទេ ដោយសារដើមកញ្ឆាអាចប្រមូលផលបានត្រូវមានអាយុពី ៦ខែទៅ ៨ខែ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ និយាយថា រឿងឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំចូលមកប្រព្រឹត្តដោយជនជាតិវៀតណាម ក្នុងទឹកដីខ្មែរបែបនេះ គឺទាល់តែមានការអនុញ្ញាតពីអ្នកដឹកនាំកំពូលណាម្នាក់ជាខ្នងបង្អែក ហើយពួកមន្ត្រីអាជ្ញាធរមូលដ្ឋានដើរតួជាសេនាធិការជ្រោមជ្រែង ទើបអាចបំពានបានយ៉ាងងាយ និងមានរយៈពេលយូរ។
លោកបន្តថា ករណីនេះពុំមែនមន្ត្រីអាជ្ញាធរទើបតែដឹងនោះទេ គឺពួកគេដឹងច្បាស់តាំងពីដំបូង ប៉ុន្តែអាចមានហេតុផលពីរដែលពួកគេទើបតែចាត់វិធានការនៅពេលនេះ ទី១ គឺអាចដោយសារទំនាស់ផលប្រយោជន៍ ទើបលេងល្បែងចាត់ការគ្នា ហើយទី២ គឺពួកគេចាត់ការគ្នាដើម្បីផ្សាយយកមុខ។
លោកចាត់ទុកករណីនេះថាជាសញ្ញាគ្រោះថ្នាក់ដ៏ធំសម្រាប់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ក្រុមគ្រួសារហ៊ុន។ លោកថាមិនត្រឹមតែមេដឹកនាំរដ្ឋវៀតណាមទេដែលធ្វើជាចៅហ្វាយ សូម្បីតែរដ្ឋាភិបាលគ្រួសារហ៊ុន បង្វិលប្រទេសកម្ពុជាតាមទំនើងចិត្ត ដែលនាំឲ្យឈ្មួញវៀតណាម និងពួកសង្គមងងឹតវៀតណាម មានឥទ្ធិពលបញ្ជាពួកមន្ត្រីរដ្ឋាភិបាលលោក ហ៊ុន សែន ថែមទៀត។
លោក គឹម សុខ ថាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ប្រជាជនវៀតណាមចូលមកជាន់ដីកម្ពុជាដោយមោទកភាព ទោះពួកគេចូលមកដោយខុសច្បាប់ និងប្រព្រឹត្តអំពើម៉ាហ្វីយ៉ាក៏ដោយ។
លោកបន្តថា ប្រទេសកម្ពុជានៅក្រោមការដឹកនាំរបស់លោក ហ៊ុន សែន និងបន្តទៅលោក ហ៊ុន ម៉ាណែត គឺជាកន្លែងសាកល្បងអំពើអបាយមុខរបស់វៀតណាម ដូចជា កញ្ឆា គ្រឿងញៀន ល្បែងស៊ីសង ការជួញដូរមនុស្ស និងទីតាំងចែកចាយទំនិញខូចគុណភាព ជាដើម៕