30 C
Phnom Penh

អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រកាស​ធ្វើ​យុទ្ធនាការ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រកាស​ធ្វើ​យុទ្ធនាការ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក ធ្វីតធឺ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ជាច្រើន​ទៀត ចាប់ពី​ថ្ងៃទី​២៤ មេសា តទៅ ដើម្បី​ត្រៀម​អបអរ​សាទរ​ខួប​លើក​ទី​៣០ នៃ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​នៅ​ថ្ងៃទី​៣ ខែ​ឧសភា ខាងមុខ​នេះ ដោយ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សេរីភាព​សារព័ត៌មាន​ឱ្យ​បាន​ទូលំទូលាយ​ឡើងវិញ។

សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (Adhoc) បាន​ប្រកាស​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៤ មេសា នេះ​ថា ក្រុម​សង្គម​ស៊ីវិល​នឹង​រៀបចំ​ព្រឹត្តិការណ៍​មួយ​នៅ​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០២៣ ខាងមុខ​នេះ ដើម្បី​ចូលរួម​ក្នុង​ឱកាស​អបអរ​ខួប​លើក​ទី​៣០ នៃ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក នៅ​ថ្ងៃទី​០៣ ខែ​ឧសភា ខណៈ​ពលរដ្ឋ​ទូទៅ​អាច​ចូលរួម​ជាមួយ​សមាគម​អាដហុក​ដោយ​គ្រាន់តែ​ប្ដូរ​ស៊ុម​ប្រូហ្វាល់​ហ្វេសប៊ុក​របស់​ខ្លួន​ចាប់ពី​ពេលនេះ​ទៅ។

ការ​ប្រកាស​យុទ្ធនាការ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា​ត្រូវ​បាន​បោស​សម្អាត​គ្មាន​សល់​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ដែល​ជំនួស​មក​វិញ​នូវ​សារព័ត៌មាន​ដែល​គាំទ្រ​រដ្ឋាភិបាល​ប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​អះអាង​ថា កម្ពុជា​បាន​បើក​ឱ្យ​មាន​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​ខាង​សារព័ត៌មាន​យ៉ាង​ទូលំទូលាយ ដោយសារតែ​បច្ចុប្បន្ន​នេះ​សារព័ត៌មាន​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន​ចំនួន​ដល់​ទៅ​ជាង ៦០០​អង្គភាព គេហទំព័រ និង​ទូរទស្សន៍​អនឡាញ​មាន​ចំនួន ៨៧៨​អង្គភាព វិទ្យុ FM ដែល​កំពុង​ដំណើរការ​ផ្សាយ​មាន​ចំនួន ២២១​ស្ថានីយ និង​ទូរទស្សន៍​ផ្សាយ​ផ្ទាល់​មាន​ចំនួន​រហូត​ដល់​ជាង ១៩០​ស្ថានីយ​ឯណោះ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ មេសា នេះ​ថា ដង្ហើម​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ត្រូវ​រាំង​ខ្ទប់​តាំងពី​ឆ្នាំ​២០១៧ មក​ម្ល៉េះ​នៅ​ពេល​ដែល​មាន​ការ​បោស​សម្អាត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​រហូត​ដល់​ដើម​ឆ្នាំ​២០២៣ នេះ សារព័ត៌មាន វីអូឌី ក៏​ត្រូវ​បាន​បិទ​ថែម​ទៀត ដូច្នេះ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​រឹតតែ​ធ្លាក់​ដុនដាប​កាន់តែ​ខ្លាំង។

លោក ស៊ឹង សែនករុណា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សេរីភាព​សារព័ត៌មាន​ឱ្យ​បាន​ទូលំទូលាយ​ឡើងវិញ ដើម្បី​ធានា​នូវ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ពលរដ្ឋ​ដោយ​សេរី ត្រឹមត្រូវ ដែល​មិនមែន​ជា​ព័ត៌មាន​លម្អៀង​ទៅ​ខាង​បក្ស​នយោបាយ ឬ​ទៅ​ខាង​ក្រុម​ណា​មួយ​នោះ​ឡើយ។

លោក​បន្ថែម​ថា ស្រប​ពេល​ដែល​ការ​បោះឆ្នោត​កាន់តែ​ខិត​ជិត​មក​ដល់​នៅ​ខែ​កក្កដា ខាងមុខ​នេះ សេរីភាព​សារព័ត៌មាន គឺ​រឹតតែ​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ពលរដ្ឋ​ម្ចាស់​ឆ្នោត។

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ដាក់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២២ ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​១៤២ ក្នុង​ចំណោម​ប្រទេស​១៨០ ដែល​ជា​ចំណាត់ថ្នាក់​ដ៏​អាក្រក់​មួយ ក្រោយ​គេ​រក​ឃើញ​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​ត្រូវ​បាន​បំផ្លិចបំផ្លាញ និង​បោស​សម្អាត​ដោយ​រដ្ឋាភិបាល​កម្ពុជា​ចាប់តាំងពី​អំឡុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ រហូត​មក ដែល​ធ្វើ​ឱ្យ​សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​បន្ត​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ដល់​ពេលនេះ។

របាយការណ៍​ខាងលើ​បាន​បង្ហាញ​ថា បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ចុង​ឆ្នាំ​២០១៧ លោក ហ៊ុន សែន បាន​ប្រើ​យុទ្ធនាការ​ប្រឆាំង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ទាំងអស់ ក្នុង​នោះ​រដ្ឋាភិបាល​កម្ពុជា​បាន​បិទ​ស្ថានីយ​វិទ្យុ​ចំនួន ៣២​ស្ថានីយ បង្ខំ​ឱ្យ​បិទ​ទ្វារ​កាសែត ឌឹ ខេមបូឌា ដេលី និង​ការ​ផ្លាស់ប្ដូរ​ម្ចាស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ជាដើម ដោយឡែក​នៅ​ឆ្នាំ​២០១៨ រដ្ឋាភិបាល​បាន​បិទ​គេហទំព័រ​ចំនួន ១៧​គេហទំព័រ​ថែម​ទៀត។

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន បញ្ជាក់​ថា ជា​លទ្ធផល​នៃ​យុទ្ធនាការ​នេះ ពលរដ្ឋ​កម្ពុជា​អាច​ទទួល​បាន​ព័ត៌មាន​តែ​ពី​ស្ថាប័ន​ដែល​ស្និទ្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែប៉ុណ្ណោះ។ ជាក់ស្តែង កូនស្រី​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា ត្រូវ​គេ​រក​ឃើញ​ថា​ជា​ប្រធាន​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​មួយ​ដែល​កាន់កាប់​កាសែត ទស្សនាវដី្ត ស្ថានីយ​វិទ្យុ បណ្ដាញ​ទូរទស្សន៍ និង​គេហទំព័រ​អ៊ីនធឺណិត​នៅ​កម្ពុជា​ទាំងអស់ ដូចជា​សារព័ត៌មាន Fresh News ជាដើម ដែល​ជា​ស្ថាប័ន​ឃោសនា​នយោបាយ​ឱ្យ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស