40.6 C
Phnom Penh

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​ស្ត្រី​ឈប់​ទ្រាំ​នឹង​អំពើ​ហិង្សា​ព្រោះ​ជា​ការ​លើក​ទឹកចិត្ត​ជន​បង្ក​ហ៊ាន​កាន់តែ​ខ្លាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិមនុស្ស អំពាវនាវ​ដល់​ស្ត្រី​ដែល​រង​នូវ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា សូម​កុំ​ទ្រាំ​ពេក ព្រោះ​ជា​ការ​លើក​ទឹកចិត្ត​ឱ្យ​ជន​បង្ក​ហ៊ាន​ប្រើ​អំពើ​ហិង្សា​ដែល​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួន​កាន់តែ​ខ្លាំង។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ មេសា នេះ​ថា ស្ត្រី​ខ្មែរ​ភាគច្រើន​បាន​ផ្តល់​តម្លៃ​ឱ្យ​បុរស​ជា​ស្វាមី​ខ្លាំង​ហួសហេតុ ពីព្រោះ​តែ​ប្តី​ជា​មេ​គ្រួសារ ប្តី​ជា​មនុស្ស​ត្រូវ​រ៉ាប់រង​នូវ​ជំហរ​សេដ្ឋកិច្ច​គ្រួសារ និង​ខ្លាច​ខ្មាស​គេ ជាដើម ដូច្នេះ​ស្ត្រី​ដែល​ជា​ភរិយា​តែង​អត់ធ្មត់​នូវ​ការ​ប្រើ​អំពើ​ហិង្សា​ទាំងឡាយ​ពី​សំណាក់​បុរស​ដែល​ជា​ស្វាមី​ជានិច្ច រហូត​ទាល់តែ​ស្ថានភាព​ដុនដាប​ខ្លាំង​ទើប​គាត់​ដាច់ចិត្ត​ទម្លាយ​រឿង​ទាំងនោះ។

លោក ស៊ឹង សែនករុណា លើកឡើង​ថា ចំពោះ​ករណី​អភិបាលរង​ក្រុង​បូកគោ លោក គឹម បញ្ញា សមត្ថកិច្ច​បាន​អនុវត្ត​នូវ​ភារកិច្ច​របស់​ខ្លួន​បាន​ល្អ និង​ត្រឹមត្រូវ​ក្នុង​ការ​ចាត់​វិធានការ​ច្បាប់​ចំពោះ​ជន​បង្ក ជុំវិញ​អំពើ​ហិង្សា​លើ​ស្ត្រី​ដែល​ជា​ភរិយា។ លោក​បន្ថែម​ថា ក្នុង​នាម​ខ្លួន​ជា​មន្ត្រី​រាជការ​ដែល​ជា​អ្នក​អនុវត្ត​ច្បាប់ ហើយ​បែរជា​ប្រព្រឹត្ត​អំពើ​ហិង្សា​បែប​នេះ គឺ​ខុស​ធ្ងន់ធ្ងរ​ទៅ​នឹង​ក្រមព្រហ្មទណ្ឌ​ដែល​មាន​ស្ថាន​ទម្ងន់​ទោស។

មន្ត្រី​ជាន់ខ្ពស់​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា ជា​គោលការណ៍ មន្ត្រី​រាជការ និង​មន្ត្រី​រាជរដ្ឋាភិបាល​ដែល​ជា​អ្នក​អនុវត្ត​ច្បាប់ ត្រូវតែ​ជា​មនុស្ស​ដែល​មាន​ភាព​ជា​គំរូ​ល្អ​ទាំង​ក្នុង​គ្រួសារ និង​សង្គម​ជាតិ ព្រោះ​ថា​ពួកគេ​មាន​កាតព្វកិច្ច​ត្រូវ​ជួយ​ការពារ​ពលរដ្ឋ​ពី​ការ​រំលោភ​បំពាន​ផ្សេងៗ​ដោយ​ការ​ប្រើ​អំពើ​ហិង្សា ជាដើម។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អភិបាលរង​ក្រុង​បូកគោ លោក គឹម បញ្ញា ដែល​ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​ប្រពន្ធ​របស់​ខ្លួន ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពត នៅ​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០២៣ នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់។

កាលពី​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២៣ អភិបាលរង​ក្រុង​បូកគោ ខេត្ត​កំពត លោក គឹម បញ្ញា ត្រូវ​បាន​ស្នងការដ្ឋាន​ខេត្ត​កំពត ឃាត់​ខ្លួន​ដើម្បី​មក​យក​សួរនាំ បន្ទាប់ពី​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Ah leak ដែល​មាន​ឈ្មោះ​ពិត គឺ ម៉ាត់ លក្ខិណា បាន​ទម្លាយ​នូវ​វីដេអូ​ប្រើ​អំពើ​ហិង្សា និង​បាន​ប្តឹង​អភិបាល​ខេត្ត​កំពត ឱ្យ​ជួយ​រក​យុត្តិធម៌ និង​រៀបរាប់​ថា នាង និង​ស្វាមី​បាន​រួម​រស់​ជាមួយ​គ្នា​តាំងពី​ឆ្នាំ​២០១៩ មក ប៉ុន្តែ​នាង​បាន​ទទួល​ក្តី​ឈឺចាប់​ទាំង​រាងកាយ និង​ផ្លូវចិត្ត ដោយ​រង​នូវ​អំពើ​ហិង្សា​ម្តង​ហើយ​ម្តង​ទៀត​ពី​បុរស​ដែល​ជា​ស្វាមី​នេះ​រហូត​មក។

ម្ចាស់​គណនី​ហ្វេសប៊ុក​ខាងលើ​ទម្លាយ​ថា លោក គឹម បញ្ញា ធ្លាប់​ធ្វើ​កិច្ចសន្យា​ថា​ឈប់​ប្រើ​អំពើ​ហិង្សា​មក​លើ​រូប​នាង​ម្តង​រួច​មក​ហើយ ប៉ុន្តែ​ការ​វាយដំ​នៅតែ​កើតមាន​រហូត​មក​ដល់​ពេលនេះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​នាង​ឆ្អែត​ចិត្ត​ចំពោះ​ទង្វើ​ដែល​ប្តី​របស់​នាង​បាន​ប្រព្រឹត្ត និង​អស់​ការ​អត់ទ្រាំ​បន្ត​ទៅ​ទៀត។

បន្ទាប់ពី​វីដេអូ​ប្រើ​អំពើ​ហិង្សា​ខាងលើ​ត្រូវ​បាន​ផ្សព្វផ្សាយ​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក អភិបាល​ខេត្ត​កំពត លោក ម៉ៅ ធនិន្ទ បាន​ចេញ​បទបញ្ជា​ឱ្យ​ស្នងការ​ខេត្ត​កំពត លោក ម៉ៅ មធុរិទ្ធ ឃាត់​ខ្លួន​លោក គឹម បញ្ញា ភ្លាមៗ​ផង​ដែរ។

ជុំវិញ​ករណី​នេះ លោក គឹម បញ្ញា ធ្លាប់​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​សមត្ថកិច្ច​ម្តង​រួច​មក​ហើយ​កាលពី​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២១ ប៉ុន្តែ​ការ​ប្រើ​អំពើ​ហិង្សា​នេះ​នៅតែ​បន្ត​កើតមាន​ដដែល​រហូត​មក​ដល់​ពេលនេះ។

អំពើ​ហិង្សា​ដែល​កើត​ចេញពី​សំណាក់​មន្ត្រី​រាជការ តែង​កើតមាន​នៅ​ក្នុង​គ្រួសារ កើតមាន​ទៅ​លើ​ពលរដ្ឋ​សាមញ្ញ​ទូទៅ និង​កើតមាន​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង ជាដើម ដូចជា​ករណី​លោក គឹម បញ្ញា ដែល​វាយ​ធ្វើបាប​ស្ត្រី​ដែល​ជា​ភរិយា ករណី​មន្ត្រី​អាកាសចរណ៍​ស៊ីវិល​លោក បែល វ៉ាន់ដែត ដែល​បាន​ដក​កាំភ្លើង​ភ្ជង់​ពលរដ្ឋ និង​ករណី​បុរស​ម្នាក់​ឈ្មោះ សុត ម៉ានិត ដែល​ត្រូវ​មន្ត្រី​ពន្ធនាគារ​វាយ​រហូត​ទាល់តែ​ខ្វាក់​ភ្នែក​ម្ខាង​កាលពី​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២៣ កន្លងទៅ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រសួង​កិច្ចការ​នារី បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លងទៅ​ថា នៅ​កម្ពុជា​ស្ត្រី​នៅតែ​ប្រឈម​នឹង​ការ​ទទួល​រង​អំពើ​ហិង្សា​ផ្លូវកាយ ផ្លូវភេទ ផ្លូវចិត្ត ដែល​អំពើ​ហិង្សា​ទាំងនោះ​អាច​កើតមាន​ទាំង​នៅ​ក្នុង​ផ្ទះ នៅ​កន្លែង​ធ្វើការ និង​ក្នុង​សហគមន៍ ហើយ​ទម្រង់​នៃ​អំពើ​ហិង្សា​លើ​ស្ត្រី​ដែល​កើតឡើង​ភាគច្រើន​នៅ​កម្ពុជា គឺ​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​អំពើ​ហិង្សា​ផ្លូវភេទ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស