33 C
Phnom Penh

សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​នាំ​ទៅ​រក​ការ​ប្រើ​អាវុធ​ទំនើបៗ​ប្រយុទ្ធ​នឹង​គ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គិត​មក​ដល់​ថ្ងៃទី​៨ ខែ​ឧសភា នេះ សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ចូល​ដល់​ខែ​ទី​១៥ ហើយ។ យោង​តាម​របាយការណ៍​ភ្នាក់ងារ​ចារកម្ម CIA របស់​អាមេរិក រយៈពេល ៥​ខែ​ចុង​ក្រោយ​នេះ រុស្ស៊ី​បាត់បង់​ទ័ព​នៅ​សមរភូមិ​ភាគ​ខាងកើត និង​ភាគ​ខាងត្បូង​ប្រទេស​អ៊ុយក្រែន មាន​ជាង ១០​ម៉ឺន​នាក់ ហើយ​ក្នុង​មួយ​ថ្ងៃ​រុស្ស៊ី​បាត់បង់​ទ័ព​ពី ៣៨០​នាក់​ទៅ ៤០០​នាក់។

តែ​ជាមួយ​គ្នា​នេះ CIA អាមេរិក​មិន​បាន​បញ្ជាក់​ថា ទ័ព​អ៊ុយក្រែន​បាត់បង់​ប៉ុន្មាន​ម៉ឺន​នាក់​ក្នុង​អំឡុង ៥​ខែ​ចុង​ក្រោយ​នេះ​ទេ។

CIA បាន​បញ្ចេញ​របាយការណ៍​ថា ទ័ព​រុស្ស៊ី និង​ទ័ព​អ៊ុយក្រែន បើ​គិត​ពី​រយៈពេល ១​ឆ្នាំ ២​ខែ​មក​នេះ ប្រទេស​ទាំង​ពីរ​បាន​បាត់បង់​ទ័ព​ចំនួន​ច្រើន​ដូច​គ្នា។ រុស្ស៊ី​បាត់បង់​ទ័ព​ហក់​ឡើង​ដល់​ទៅ​ជាង ២៣​ម៉ឺន​នាក់ ហើយ​អ៊ុយក្រែន ជាង ១២​ម៉ឺន​នាក់។

តុល្យាការ​នៃ​សង្គ្រាម​នេះ រុស្ស៊ី​ដែល​ជា​ប្រទេស​មហាអំណាច​បាន​ឈាន​ទៅ​ដល់​ការ​ប្រើប្រាស់​អាវុធ​ទំនើបៗ​របស់​ខ្លួន ដូចជា​ការ​បាញ់​មីស៊ីល​ល្បឿន​លឿន​ជាង​សំឡេង​ចូល​ទៅ​ទឹកដី​អ៊ុយក្រែន ហើយ​អ៊ុយក្រែន​នោះ​វិញ ក៏​ចាប់ផ្ដើម​ប្រើប្រាស់​អាវុធ​ទំនើបៗ​ជា​ជំនួយ​របស់​អាមេរិក និង​បស្ចិម​ប្រទេស។

ដំណាក់កាល​ចុងក្រោយ​នេះ រុស្ស៊ី​បញ្ចេញ​រថក្រោះ​ជំនាន់​ថ្មី​របស់​ខ្លួន គឺ​រថក្រោះ T-14 Amata និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ Tu-160។ សព្វាវុធ​ពីរ​ប្រភេទ​របស់​រុស្ស៊ី​នេះ ត្រូវ​រុស្ស៊ី​ចាប់ផ្ដើម​ប្រើប្រាស់​វា​នៅ​ថ្ងៃទី​១ ខែ​ឧសភា ក្រោយ​មួយ​ថ្ងៃ​ដែល​អ៊ុយក្រែន បើក​ការ​វាយបក​ដំណាក់កាល​ដំបូង​ចូល​ទៅ​ទីតាំង​របស់​កងទ័ព​រុស្ស៊ី នៅ​ភាគ​ខាងកើត​ប្រទេស ហើយ​ចំ​ពេល​ដែល​អ៊ុយក្រែន ក៏​ចាប់ផ្ដើម​ប្រើប្រាស់​ប្រព័ន្ធ​មីស៊ីល​របស់​សហរដ្ឋ​អាមេរិក បាទ្រីយ៉ូត និង​រថក្រោះ​ធុន​ធ្ងន់ Leopard 2 ជា​បច្ចេកវិទ្យា​របស់​អាល្លឺម៉ង់ ដែល​ត្រូវ​បាន​ក្រុម​ប្រទេស​ណាតូ​ប្រើប្រាស់​ច្រើន​បំផុត​ក្នុង​ទសវត្ស​ចុងក្រោយ​នេះ។

ការ​ប្រយុទ្ធ​គ្នា​នៅ​ពេលនេះ ទាំង​រុស្ស៊ី និង​អ៊ុយក្រែន បង្ហាញ​សព្វាវុធ​ជំនាន់​ថ្មី​ដូចៗ​គ្នា។

នៅ​លើ​សមរភូមិ​គេ​ឃើញ​រថក្រោះ Leopard 2 របស់​ពួក​ណាតូ​ត្រូវ​បាន​ប្រើ​យ៉ាង​សកម្ម​នៅ​លើ​ទឹកដី​អ៊ុយក្រែន ដែល​ណាតូ​បញ្ជូន​ទៅ​ឲ្យ​អ៊ុយក្រែន ២៣០​គ្រឿង។ ក្រៅពី​នេះ អ៊ុយក្រែន​ប្រើប្រាស់​រថពាសដែក​ស៊េរី​ថ្មី​របស់​ពួក​ណាតូ​ដល់​ទៅ ១៥៥០​គ្រឿង។ តាម​ដំណឹង​មក​ថា អ៊ុយក្រែន​នឹង​ប្រើប្រាស់​រថក្រោះ​ទាំងអស់​នេះ​របស់​ណាតូ ក្នុង​ការ​វាយលុក​ទ្រង់ទ្រាយ​ធំ​ដើម្បី​រំដោះ​ទឹកដី​អ៊ុយក្រែន​ពី​រុស្ស៊ី​មក​វិញ​ដោយ​រាប់​ទាំង​ឧបទ្វីប​គ្រីមៀរ។

ខណៈ​នេះ រុស្ស៊ី​ដែល​ត្រូវ​បាន​អ្នកជំនាញ​មើល​ឃើញ​ថា​ប្រទេស​មហាអំណាច​នេះ​ទំនង​មិន​បើក​ការ​វាយលុក​ចូល​ទៅ​ទឹកដី​របស់​អ៊ុយក្រែន​ទៀត​នោះ​ទេ អាច​ត្រឹមតែ​វាយ​ការពារ​ទីតាំង​របស់​ខ្លួន​តែប៉ុណ្ណោះ​ដែល​រុស្ស៊ី​វាយ​យក​បាន​តំបន់​មួយ​ចំនួន​នៅ​ភាគ​ខាងកើត និង​ភាគ​ខាងត្បូង​ប្រទេស។

យ៉ាងណា រុស្ស៊ី​ដែល​បាត់បង់​រថក្រោះ​ធុន​ធ្ងន់​ជិត ៤​ពាន់​គ្រឿង​ទៅ​ហើយ​នោះ ប្រទេស​មហាអំណាច​នេះ​កំពុងតែ​ចុះ​ខ្សោយ​ទ័ព​ថ្មើរជើង ព្រោះតែ​បាត់បង់​ទ័ព​យ៉ាង​ច្រើន​ពុំ​ធ្លាប់​មាន បើ​ធៀប​នឹង​សហភាព​សូវៀត​លើក​ទ័ព​លុកលុយ​ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ទសវត្ស​១៩៨០ គឺ​សហភាព​សូវៀត​បាត់បង់​ទ័ព​តែ ២​ម៉ឺន ៥​ពាន់​នាក់​ប៉ុណ្ណោះ​ក្នុង​សង្គ្រាម ១០​ឆ្នាំ។

អ្នកជំនាញ​ផ្នែក​យោធា​ព្រមាន​ថា ដំណាក់កាល​ចុងក្រោយ​នេះ​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន​អាច​នឹង​ប្រែប្រួល ហើយ​ការ​ប្រែប្រួល​នេះ​វា​មាន​គោលដៅ​ពីរ​នៅ​ពេល​តែ​មួយ។ មាន​ន័យ​ថា អ៊ុយក្រែន​អាច​នឹង​យក​ឧបទ្វីប​គ្រីមៀរ​បាន​ពី​រុស្ស៊ី​មក​វិញ ហើយ​ពេល​នោះ វា​នឹង​ផ្ទុះ​ទៅ​រក​សង្គ្រាម​ថ្មី​មួយ​ទៀត​របស់​រុស្ស៊ី ដែល​រុស្ស៊ី​អាច​នឹង​ប្រើ​អាវុធ​ប្រល័យ​លោក គឺ​អាវុធ​នុយក្លេអ៊ែរ។

អតីត​ប្រធានាធិបតី​រុស្ស៊ី ឌីមេទ្រី មីដវេឌៀវ ដែល​បច្ចុប្បន្ន​ជា​នាយករង​ទី​មួយ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​រុស្ស៊ី ព្រមាន​រួច​ស្រេច​ហើយ​ថា បើ​គ្រីមៀរ​ធ្លាក់​ក្នុង​សង្គ្រាម​វាយលុក​របស់​អ៊ុយក្រែន អាវុធ​ទំនើបៗ​របស់​រុស្ស៊ី​ទាំងអស់​នឹង​ត្រូវ​បញ្ចេញ​ប្រើប្រាស់​ដោយ​រួម​ទាំង​អាវុធ​នុយក្លេអ៊ែរ​ទៀត​ផង។

ការ​ដែល​រុស្ស៊ី​បាញ់​គ្រាប់​មីស៊ីល​ល្បឿន​លឿន​ជាង​សំឡេង គីងហ្សារ ទៅ​លើ​ប្រទេស​អ៊ុយក្រែន​ដំណាក់កាល​សង្គ្រាម​ចុងក្រោយ​នេះ បើ​ទោះជា​ត្រូវ​បាន ប៉ាទ្រីយ៉ូត​អាមេរិក​ជា​ប្រព័ន្ធ​មីស៊ីល​ដ៏​ទំនើប​របស់​មហាអំណាច​នេះ​បាញ់​ទម្លាក់​ក៏ដោយ ក៏​រុស្ស៊ី​នៅ​មាន​អាវុធ​ទំនើប​ជាង​នេះ​ទៅ​ទៀត ដូចជា​មីស៊ីល​ខ្នាត​យក្ស Satan 2 ដែល​វា​អាច​រត់​បាន ៣០០០ ទៅ ៥០០០​គីឡូម៉ែត្រ អាច​នឹង​ត្រូវ​ប្រើប្រាស់​ដំណាក់កាល​សង្គ្រាម​ចុងក្រោយ។ ចំណែក​អ៊ុយក្រែន​វិញ ពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​អាវុធ​ជំនួយ​របស់​ពួក​បស្ចិម​ប្រទេស។

សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល ធ្លាប់​បាន​ព្រមាន​ហើយ​ថា បើ​រុស្ស៊ី​បញ្ចេញ​អាវុធ​ទំនើបៗ​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន ប្រទេស​ពីរ​នេះ​នឹង​បញ្ជូន​មីស៊ីល​ផ្លោង​អន្តរទ្វីប​ទៅ​ឲ្យ​អ៊ុយក្រែន។ ឥឡូវ​នេះ ដំណាក់កាល​ចុងក្រោយ​នេះ ប្រទេស​ទាំង​ពីរ​ចាប់ផ្ដើម​ប្រើប្រាស់​អាវុធ​ទំនើប​បណ្ដើរៗ​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស