30.1 C
Phnom Penh

រដ្ឋមន្ត្រី​ព័ត៌មាន​ថា​អ្នក​កកាយ​រឿង​អាក្រក់​ពី​ព្រឹត្តិការណ៍​ស៊ីហ្គេម​ជា​ក្រុម​បំផ្លាញ​ព្រឹត្តិការណ៍​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​លើកឡើង​ថា អ្នក​បំផុស​ចលនា​ប្រឆាំង​កីឡាករ​បរទេស​ដែល​មក​ចូលរួម​ប្រកួត​កីឡា​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ពេលនេះ គឺជា​ក្រុម​ដែល​មាន​ចេតនា​បំផ្លាញ​មហា​ព្រឹត្តិការណ៍​ដែល​កម្ពុជា​កំពុង​រៀបចំ​តែប៉ុណ្ណោះ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា លោក​ទទួលស្គាល់​ថា កម្ពុជា​មិនមែន​ជា​ឋានសួគ៌​ទេ តែ​ការ​ប្រឹងប្រែង​របស់​កម្ពុជា​ទាំងមូល​ជុំវិញ​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​ពេលនេះ បាន​ត្រឹមតែ​រូបថត ៣​សន្លឹក និង​អត្ថបទ​បន្ទាបបន្ថោក​គ្រប់​បែប​យ៉ាង​ប៉ុណ្ណោះ​ពី​លោក Mech Dara និង​បក្សពួក​នៅ​លើ​ទំព័រ​កាសែត​អន្តរជាតិ Nikie Asia ទៅ​វិញ។

លោក ខៀវ កាញារីទ្ធ លើកឡើង​ថា ទង្វើ​របស់​ពួកគេ​មាន​ចេតនា​ចង់​បំផ្លាញ​មហា​ព្រឹត្តិការណ៍​នេះ ដូច្នេះ​ពលរដ្ឋ​ខ្មែរ​មិន​ត្រូវ​ធ្លាក់​ចូល​ទៅ​ក្នុង​ល្បិច​របស់​ពួកគេ​ឡើយ ព្រោះ​កម្ពុជា​បាន​ធ្វើ​ដំណើរ​ចាក​ឆ្ងាយ​ហើយ​រហូត​មាន​អ្វីៗ​គ្រប់​យ៉ាង​ដូច​សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​បាន​ចាត់ទុក​ការ​ចុះផ្សាយ​អត្ថបទ​របស់​សារព័ត៌មាន​អន្តរជាតិ Nikie Asia ដែល​សរសេរ​ដោយ​លោក ម៉ិច ដារ៉ា ថា​ជា​អ្នកកាសែត​សំរាម ផ្សាយ​បង្ខូច​ការ​ខិតខំ​របស់​កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​ពេលនេះ។

ប្រភព​ដដែល​លើកឡើង​ថា ការ​ផ្សព្វផ្សាយ​អំពី​ភាព​វិជ្ជមាន​ចំពោះ​កីឡា​ស៊ីហ្គេម​ដែល​កម្ពុជា​បាន​រៀបចំ​នៅ​ពេលនេះ គឺ​មាន​ច្រើន​លើសលប់​រួច​ទៅ​ហើយ ដូច្នេះ​កម្ពុជា​គ្មាន​ភាព​ចាំបាច់​ស្នើសុំ​ឱ្យ​លុប​ព័ត៌មាន​សំរាម​នេះ​ទេ ហើយ​ទុក​ឱ្យ​មាន​វត្តមាន​សារព័ត៌មាន​បែប​នេះ គឺ​ដើម្បី​បង្ហាញ​ថា​មាន​សារព័ត៌មាន​ល្អ ហើយ​ក៏​មាន​បុគ្គល​សំរាម​ម្នាក់ ឬ​ពីរ​នាក់ និង​ក៏​មាន​សារព័ត៌មាន​សំរាម​បែប​នេះ​ដែរ។

កាលពី​ថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ​២០២៣ សារព័ត៌មាន​អន្តរជាតិ Nikie Asia បាន​ចុះផ្សាយ​អត្ថបទ​មួយ​ក្នុង​នោះ​សារព័ត៌មាន​អន្តរជាតិ Nikie Asia បាន​រំលេច​រូបថត​ចំនួន ៣​សន្លឹក និង​ខ្លឹមសារ​អត្ថបទ​រិះគន់​មួយ​ដែល​លើកឡើង​ពី​ភាព​រញ៉េរញ៉ៃ​នៅ​ការដ្ឋាន​មួយ​ដែល​កំពុង​សាងសង់​នៅ​ក្នុង​ក្បែរ​បរិវេណ​ក្បែរ​ពហុកីឡដ្ឋាន​មរតក​តេជោ ដែល​កម្ពុជា​ប្រើ​ជា​កន្លែង​ប្រារព្ធ​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​ពេលនេះ។

សារព័ត៌មាន​អន្តរជាតិ Nikie Asia អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​លេង​ល្បែង​មោទកភាព​ជាតិ​ដោយ​យក​គំរូ​តាម​ប្រាសាទ​អង្គរវត្ត​ដ៏​ល្បីល្បាញ​របស់​កម្ពុជា បង្ហាញ​ពី​ពហុកីឡដ្ឋាន​ដែល​ខ្លួន​បាន​ប្រើ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នេះ ប៉ុន្តែ​នៅ​ពីក្រោយ​ការ​ប្រកាស​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម​នេះ បាន​បង្ក​នូវ​បញ្ហា​ជាច្រើន​ទៅ​ដល់​កម្មករ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សាងសង់​អគារ​នានា​សម្រាប់​ទទួល​អត្តពលិក​ដែល​មក​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡា​ក្នុង​ព្រឹត្តិការណ៍​នោះ។

ប្រភព​ដដែល​បញ្ជាក់​ថា កម្មករ​ដែល​កំពុង​ស៊ីឈ្នួល​កសាង​ពហុកីឡដ្ឋាន​សម្រាប់​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម​នេះ​មាន​ចំនួន​រាប់​រយ​នាក់​កំពុង​រស់នៅ​ក្នុង​ផ្ទះ​ជួល​បណ្ដោះអាសន្ន​នៅ​ជុំវិញ​ពហុកីឡដ្ឋាន​នេះ ដោយ​ការ​ស្នាក់​នៅ​ក្នុង​បន្ទប់​តូច​ចង្អៀត និង​ប្រើប្រាស់​បន្ទប់ទឹក​រួម​ដែល​មិន​ដំណើរការ​ទៅ​ហើយ​នោះ។ បញ្ហា​នេះ បាន​បង្ក​ទៅ​ជា​ក្លិន​ស្អុយ​យ៉ាង​ខ្លាំង​សម្រាប់​កម្មករ​ទាំងនោះ​លើ​កន្លែង​ស្នាក់នៅ​របស់​ពួកគេ។

សារព័ត៌មាន Nikkei Asia បញ្ជាក់​ថា កម្មករ​មួយ​ចំនួន​បាន​ប្រាប់​ខ្លួន​ថា ពួកគេ​មិន​បាន​ទទួល​ប្រាក់​ឈ្នួល​សម្រាប់​ការងារ​អស់​រយៈពេល ២​ខែ​មក​ហើយ ទោះបីជា​ពួកគេ​ចំណាយ​ពេល​បន្ថែម​ម៉ោង​ដើម្បី​លាប​ថ្នាំ​ពណ៌​អគារ​លំនៅឋាន​នៅ​ខាងក្រោយ​កីឡដ្ឋាន​ក៏ដោយ ខណៈ​អគារ​ទាំងនោះ​ពួកគេ​មិន​ដឹង​ថា​តើ​ជា​កន្លែង​សម្រាប់​កីឡាករ​ស្នាក់នៅ ឬ​ក៏​អត់​នោះ​ទេ។

សារព័ត៌មាន The Cambodia Daily នៅ​មិន​ទាន់​អាច​សុំ​ប្រតិកម្ម​ពី​សារព័ត៌មាន Nikkei Asia នៅឡើយ​ទេ​ចំពោះ​ការ​ព្រមាន​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​នៃ​ប្រទេស​កម្ពុជា។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រសិនបើ​ប្រើ​ត្រឹមតែ​ភ្នែក​មើល​នោះ គឺ​ពិត​ជា​មើល​មិន​យល់​ពី​ការពិត​នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម​នេះ​ទេ ប៉ុន្តែ​ទាល់តែ​មើល​ដោយ​ប្រើ​បញ្ញា នោះ​គេ​នឹង​អាច​មើល​ឃើញ​បញ្ហា​ក្រៅ​ឆាក​កាន់តែ​ច្បាស់។

លោក គឹម សុខ អះអាង​ថា មាន​រឿង​អាស្រូវ​ច្រើន​ណាស់​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នេះ ប៉ុន្តែ​លោក​មិន​លាតត្រដាង​នៅ​ពេលនេះ​ទេ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​ស្មារតី​ប្រកួត​របស់​អត្តពលិក​ខ្មែរ ប៉ុន្តែ​រឿង​អាស្រូវ​របស់​គ្រួសារ​ហ៊ុន​ក្នុង​ព្រឹត្តិការណ៍​នេះ លោក​នឹង​វែកញែក​បន្ទាប់ពី​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​បញ្ចប់។

ទាក់ទិន​នឹង​បញ្ហា​នេះ កូនស្រី​ច្បង​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោវិទ្យា លើកឡើង​នៅ​ថ្ងៃទី​៩ ឧសភា នេះ​ថា ពិត​ជា​មាន​មោទកភាព​ណាស់​ដែល​ប្រទេស​កម្ពុជា​រៀបចំ​ការ​ប្រកួត​ប្រកប​ដោយ​ឧត្តមភាព​ក្នុង​កម្មវិធី​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ នេះ។

កញ្ញា​លើក​ជា​សំណួរ​ថា តើ​ប្រទេស​កម្ពុជា​នឹង​មាន​មោទកភាព​យ៉ាង​ណា​ទៅ បើ​អាច​រៀបចំ​ឱ្យ​មាន​ការ​ប្រកួត​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ នេះ​ដោយ​ត្រឹមត្រូវ​តាម​ស្តង់ដារ​អន្តរជាតិ​ចង់​បាន​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស