34 C
Phnom Penh

ឧទ្ធរណ៍​នឹង​បើក​សវនាការ​លោក ថាច់ សេដ្ឋា លើ​សំណុំរឿង​ថ្មី​នៅ​រសៀល​ថ្ងៃទី​១៥​ឧសភា​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ​នឹង​បើក​សវនាការ​លើ​សំណុំរឿង​ថ្មី​របស់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ដែល​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ញុះញង់​ឱ្យ​មាន​ការ​រើសអើង» នៅ​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៣ នៅ​វេលា​ម៉ោង ២​រសៀល​ជា​កំហិត។

សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ​បាន​ចេញ​លិខិត​អញ្ជើញ​មេធាវី​ការពារ​ក្តី​លោក ថាច់ សេដ្ឋា គឺ​លោក ជូង ជូងី ឱ្យ​ចូល​មក​ក្នុង​បន្ទប់​សវនាការ​ទី​២ ដែល​តុលាការ​នឹង​ធ្វើ​ការ​ពិភាក្សា​ដេញដោល​លើ​សំណុំរឿង​ថ្មី​របស់​លោក ថាច់ សេដ្ឋា ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ញុះញង់​ឱ្យ​មាន​ការ​រើសអើង ដែល​បាន​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេង​ទៀត​តាម​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ កាលពី​អំឡុង​ខែ​មករា ឆ្នាំ​២០២៣ កន្លងទៅ​នេះ។

សំណុំរឿង​ថ្មី​នេះ​ត្រូវ​តុលាការ​សាកសួរ​ដេញដោល​លោក ថាច់ សេដ្ឋា ម្តង​រួច​មក​ហើយ​កាលពី​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០២៣ បន្ទាប់ពី​លោក​ត្រូវ​បាន​តុលាការ​កាត់​ឱ្យ​ចាញ់​ក្តី​សុំ​នៅ​ក្រៅ​ឃុំ​លើ​សំណុំរឿង​ចេញ​សែក​ស្អុយ​របស់​លោក កាលពី​ដើម​ខែ​ឧសភា កន្លងទៅ​នេះ។

កាលពី​ចុង​ខែ​មេសា ឆ្នាំ​២០២៣ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទប្រកាន់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា នូវ​បទល្មើស​ចំនួន​ពីរ​បន្ថែម​ទៀត គឺ​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ញុះញង់​ឱ្យ​មាន​ការ​រើសអើង» បន្ថែម​ពី​លើ​សំណុំរឿង​ចាស់​ដែល​លោក​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ចេញ​សែក​ស្អុយ និង​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​កាលពី​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៣ កន្លងទៅ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០២៣ ក្នុង​សវនាការ​ដែល​តុលាការ​ដេញដោល​លើ​បទចោទ​ថ្មី​នេះ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា បាន​ស្នើ​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ឱ្យ​ទម្លាក់​បទ​ចោទ​ទាំងនេះ ដោយ​លោក​អះអាង​ថា លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះ​ឡើយ។ ជាង​នេះ​ទៀត ក្រោយ​សវនាការ​កាលពី​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០២៣ ភរិយា​របស់​លោក ថាច់ សេដ្ឋា គឺ​អ្នកស្រី ថាច់ សុខបូរ៉ានី បាន​លើកឡើង​ថា អ្នកស្រី​មិន​អាច​ទទួល​យក​ការ​ចោទប្រកាន់​បទ​ចោទ​របស់​តុលាការ​លើ​ប្ដី​របស់​អ្នកស្រី​បាន​ទេ។

អ្នកស្រី​អះអាង​ថា ប្ដី​អ្នកស្រី​ជា​អ្នក​នយោបាយ ដូច្នេះ​អ្នក​នយោបាយ​គឺ​និយាយ​តែ​ការពិត​ប៉ុណ្ណោះ តែ​មិន​និយាយ​ញុះញង់​ដូច​តុលាការ​ចោទប្រកាន់​ឡើយ។

ការ​ចោទប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ញុះញង់​ឱ្យ​មាន​ការ​រើសអើង​នេះ ធ្វើឡើង​ជុំវិញ​ការ​លើកឡើង​របស់​លោក ថាច់ សេដ្ឋា អំឡុង​ពេល​ដែល​លោក​ទៅ​បំពេញ​បេសកកម្ម​ជួប​អ្នកគាំទ្រ​នៅ​ប្រទេស​ជប៉ុន កាលពី​ចុង​ឆ្នាំ​២០២២ និង​នៅ​ប្រទេស​កូរ៉េខាងត្បូង កាលពី​ដើម​ឆ្នាំ​២០២៣ កន្លងទៅ​នេះ។

កាលពី​អំឡុង​ខែ​មករា ឆ្នាំ​២០២៣ លោក ថាច់ សេដ្ឋា ធ្លាប់​បាន​លើកឡើង​នៅ​មុខ​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​ប្រទេស​កូរ៉េខាងត្បូង ថា ប្រទេស​ដែល​ដឹកនាំ​ដដែល​យូរ​ឆ្នាំ​មិន​បាន​ធ្វើ​ឱ្យ​ជាតិ​រីកចម្រើន​ឡើយ។ ជាង​នេះ​ទៀត លោក​ក៏​ទាមទារ​ឱ្យ​មាន​ការ​ធ្វើ​ច្បាប់​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី និង​កែទម្រង់​ប្រព័ន្ធ​តុលាការ​កម្ពុជា​ផង​ដែរ។

គិត​មក​ទល់​នឹង​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ លោក ថាច់ សេដ្ឋា ត្រូវ​បាន​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស (ម​១) អស់​រយៈពេល ១១៦​ថ្ងៃ ឬ​ជាង ៤​ខែ​ហើយ ប៉ុន្តែ​ប្រសិនបើ​តុលាការ​សម្រេច​ផ្ដន្ទាទោស​លោក​លើ​សំណុំរឿង​ថ្មី​នេះ នោះ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​រូប​នេះ​នឹង​ត្រូវ​ប្រឈមមុខ​ជាប់​ពន្ធនាគារ​ពី ០៦​ខែ​ទៅ ២​ឆ្នាំ​ឯណោះ។

យ៉ាងណា​ក៏ដោយ ក្រោយពី​ចេញពី​បន្ទប់​សវនាការ​កាលពី​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០២៣ លោក ថាច់ សេដ្ឋា បាន​ប្ដេជ្ញា​ថា លោក​នៅតែ​បន្ត​ឆន្ទៈ​ជាមួយ​គណបក្ស​ភ្លើង​ទៀន​ដដែល ទោះ​ត្រូវ​ស្ថិត​ក្នុង​កាលៈទេសៈ​ដូច​ពេលនេះ​ក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស