28 C
Phnom Penh

មន្ត្រី​បក្ស​ភ្លើង​ទៀន​ថា គ.ជ.ប កំពុង​អនុវត្ត​ល្បិច​មិន​ឱ្យ​បក្ស​ខ្លួន​ចូលរួម​បោះឆ្នោត​នៅ​ខែ​កក្កដា​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) រង​នូវ​ការ​រិះគន់​ថា កំពុង​អនុវត្ត​ល្បិច​នយោបាយ​ខ្មៅ​កខ្វក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ទប់ស្កាត់​គណបក្ស​ភ្លើង​ទៀន​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ ក្រោម​លេស​មិន​សម​ហេតុផល​មួយ​ចំនួន​បន្ថែម​ពី​លើ​ការ​រារាំង​បេក្ខភាព​លោក រ៉ុង ឈុន មិន​ឱ្យ​ឈរ​ឈ្មោះ​ឱ្យ​គណបក្ស​ភ្លើង​ទៀន កាលពី​ពេល​ថ្មីៗ​នេះ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​មួយ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១២ ឧសភា នេះ​ថា នៅ​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​កំពុង​បង្កើន​លេស​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ​លើ​គណបក្ស​ភ្លើង​ទៀន ដោយ​ការ​ទាមទារ​រក​ច្បាប់​ដើម​ស្ដីពី​ការ​ចុះឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​ដែល​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​នោះ គឺជា​ចេតនា​រារាំង​ការ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន​ប៉ុណ្ណោះ។

មន្ត្រី​បក្ស​ភ្លើង​ទៀន​រូប​នេះ​អះអាង​ថា ច្បាប់​ដើម​ស្ដីពី​ការ​ចុះឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​ដែល​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ ត្រូវ​បាន​តំណាងរាស្ត្រ​ស្ត្រី​ម្នាក់​របស់​គណបក្ស សម រង្ស៊ី យក​ទៅ​រក្សា​ទុក ប៉ុន្តែ​បច្ចុប្បន្ន​តំណាងរាស្ត្រ​ស្រី​រូប​នោះ​បាន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​បាត់​ទៅ​ហើយ ហើយ​រឿង​នេះ​ក៏​គ្មាន​នរណា​ម្នាក់​ដឹង​ដែរ​ក្រៅពី​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស សម រង្ស៊ី នោះ។

មន្ត្រី​ដដែល​នោះ​អះអាង​ថា រាល់​ការ​បោះឆ្នោត​ជាតិ ឬ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កន្លងមក គ.ជ.ប. ក៏​មិន​ដែល​ទាមទារ​ច្បាប់​ដើម​ស្ដីពី​ការ​ចុះឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​ពី​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទាំងឡាយ​ដែល​ដាក់​ពាក្យ​សុំ​ចុះបញ្ជី​គណបក្ស​នយោបាយ ឈរ​ឈ្មោះ​បោះឆ្នោត និង​ចុះបញ្ជី​បេក្ខជន​នៅ គ.ជ.ប នោះ​ឡើយ។

ប្រភព​ដដែល​បញ្ជាក់​ថា ដើម្បី​បំពេញ​តាម​លក្ខខណ្ឌ​របស់ គ.ជ.ប ដែល​បាន​តម្រូវ គណបក្ស​ភ្លើង​ទៀន​បាន​ដាក់​ពាក្យ​ស្នើសុំ​ទៅ​ក្រសួង​មហាផ្ទៃ​ឱ្យ​ជួយ​សម្រួល​ពី​បញ្ហា​នេះ​រួច​ហើយ ខណៈ​កាលបរិច្ឆេទ​ដែល គ.ជ.ប ទុក​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ស្វះស្វែង​រក​ឯកសារ​បំពេញ​ផ្លូវច្បាប់​នេះ​ត្រូវ​ផុតកំណត់​ត្រឹម​ថ្ងៃ​សៅរ៍ ទី​១៣ ឧសភា។

កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២៣ ក្រសួង​មហាផ្ទៃ​បាន​ចេញ​លិខិត​មួយ​ឱ្យ​គណបក្ស​ភ្លើង​ទៀន ដោយ​បញ្ជាក់​ថា គណបក្ស​ភ្លើង​ទៀន​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ​រួច​ហើយ ដូច្នេះ​គណបក្ស​នេះ​អាច​ប្រើប្រាស់​លិខិត​បញ្ជាក់​នេះ​ស្រប​តាម​ច្បាប់​ជា​ធរមាន។

យ៉ាងណា​ក៏ដោយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​ទៅ​គណបក្ស​ភ្លើង​ទៀន កាលពី​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២៣ ដោយ​បញ្ជាក់​ថា គណបក្ស​នេះ​ត្រូវ​បំពេញ​ចំណុច​ខ្វះខាត​មួយ​ចំនួន ដូចជា​សេចក្តី​ចម្លង​លិខិត​បញ្ជាក់​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ ដែល​មាន​នីត្យានុកូលកម្ម​ដោយ​រដ្ឋបាល​រាជធានី ខេត្ត​ក្រុង ស្រុក​ខណ្ឌ​ជា​មុន​សិន ដែល​មាន​ន័យ​ថា គណបក្ស​ភ្លើង​ទៀន​ត្រូវ​យក​លិខិត​ស្ដីពី​ការ​ចុះឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​ច្បាប់​ដើម​ដែល​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ ភ្ជាប់​ជាមួយ​ឯកសារ​សុំ​ចុះបញ្ជី​គណបក្ស​នយោបាយ​ទៅ​ជាមួយ ដើម្បី​ឱ្យ​រដ្ឋបាល​រាជធានី ខេត្ត​ក្រុង ស្រុក​ខណ្ឌ បញ្ជាក់​ទទួលស្គាល់​ជា​ផ្លូវការ ប៉ុន្តែ​មន្ត្រី​បក្ស​ភ្លើង​ទៀន​បញ្ជាក់​ថា ខ្លួន​បាន​បាត់​ច្បាប់​ដើម​នោះ​ទៅ​ហើយ។

គ.ជ.ប បញ្ជាក់​ថា បន្ថែម​ពី​នេះ បេក្ខជន​ពេញ​សិទ្ធិ​លេខ​រៀង​ទី​១ មណ្ឌល​ខេត្ត​កណ្តាល លោក រ៉ុង ឈុន មិន​អាច​ឈរ​ឈ្មោះ​បាន​ទេ ព្រោះ​មិន​ទាន់​មាន​នីតិសម្បទា​ឡើងវិញ ខណៈ​បង្កាន់ដៃ​បង់ប្រាក់​តម្កល់​សម្រាប់​ចូលរួម​ការ​បោះឆ្នោត​ដែល​ចេញ​ដោយ​អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ ក៏​គណបក្ស​ភ្លើង​ទៀន​នៅ​មិនទាន់​ដាក់​ជូន គ.ជ.ប នោះ​ដែរ។

ជុំវិញ​បញ្ហា​នេះ នៅ​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០២៣ មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​ភ្លើង​ទៀន​បាន​ជួប​ប្រជុំ​ដោះស្រាយ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ផង​ដែរ ក្នុង​នោះ​គណបក្ស​ភ្លើង​ទៀន​បាន​ស្នើសុំ គ.ជ.ប ធ្វើ​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​បញ្ជាក់​ថា តើ​ខ្លួន​អាច​ប្រើ​លិខិត​បញ្ជាក់​ដែល​ក្រសួង​បាន​ចេញ​ឱ្យ​ខ្លួន​កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២៣ ជំនួស​ឱ្យ​លិខិត​ស្ដីពី​ការ​ចុះឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​ច្បាប់​ដើម​បាន​ដែរ​ឬ​ទេ? ជាង​នេះ​ទៀត គណបក្ស​ភ្លើង​ទៀន​ក៏​បាន​ស្នើសុំ​ឱ្យ គ.ជ.ប បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ខ្លួន ដើម្បី​អាច​ចុះឈ្មោះ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ខាងមុខ​នេះ​ផង​ដែរ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា បើ​ផ្អែក​តាម​សំឡេង​គាំទ្រ​របស់​ពលរដ្ឋ​កាលពី​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ដែល​គណបក្ស​ភ្លើង​ទៀន​ទទួល​បាន ២១៩៨​អាសនៈ​នោះ បាន​បង្ហាញ​ថា គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​អាច​នឹង​ក្លាយ​ជា​កម្លាំង​ប្រកួតប្រជែង​ដ៏​ធំ​ជាមួយ​នឹង​បក្ស​កាន់​អំណាច​នៅ​ថ្ងៃ​បោះឆ្នោត​ជាតិ​ខាងមុខ​នេះ ដូច្នេះ​ហើយ​បាន​ជា​គណបក្ស​នេះ​តែង​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​គ្រប់​រូបភាព រហូត​ដល់​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​រង​នូវ​ការ​គំរាមកំហែង រង​នូវ​បណ្តឹង រង​នូវ​ការ​រឹបអូស​ផ្ទះសម្បែង និង​រង​នូវ​ការ​ចាប់​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​ថែម​ទៀត។

ប្រភព​ដដែល​បញ្ជាក់​ថា គណបក្ស​ភ្លើង​ទៀន​មាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​ការ​ចេញ​ទាមទារ​រក​យុត្តិធម៌​ជា​សាធារណៈ​ក្នុង​ទំហំ​ទ្រង់ទ្រាយ​ធំ ប្រសិនបើ​គណបក្ស​នេះ​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ខាងមុខ​នេះ​ទេ​នោះ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន ដូចជា លោក គង់ គាំ លោក សុន ឆ័យ លោក រ៉ុង ឈុន និង​លោក ថាច់ សេដ្ឋា កំពុង​ស្ថិត​ក្នុង​ការ​គំរាមកំហែង​ពី​បក្ស​កាន់​អំណាច​យ៉ាង​ធ្ងន់ធ្ងរ​តាម​រូបភាព​ផ្សេងៗ​ពី​គ្នា ដូចជា៖

  • លោក គង់ គាំ ត្រូវ​គេ​ដកហូត​ដីធ្លី និង​ផ្ទះសម្បែង
  • លោក សុន ឆ័យ កំពុង​រង​នូវ​បណ្តឹង និង​រឹបអូស​ផ្ទះ
  • លោក រ៉ុង ឈុន ត្រូវ​ហាមឃាត់​មិន​ឱ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ
  • និង​លោក ថាច់ សេដ្ឋា ត្រូវ​ឃុំ​ខ្លួន ជាដើម។

ចំណែកឯ​គណបក្ស​នេះ ក៏​ត្រូវ​រង​នូវ​ការ​រារាំង​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​ខាងមុខ​នេះ​ថែម​ទៀត។

គណបក្ស​ភ្លើង​ទៀន​ត្រូវ​បាន​ប្តូរ​ឈ្មោះ​មកពី​គណបក្ស សម រង្ស៊ី កាលពី​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៧ បន្ទាប់ពី​គណបក្ស​នេះ​ត្រូវ​បាន​បង្កើត​ឡើង​អស់​រយៈពេល​ជិត ២០​ឆ្នាំ បើ​គិត​ចាប់​តាំងពី​ថ្ងៃ​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​១៩៩៨ កន្លង​ទៅ​នោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស