33 C
Phnom Penh

គ.ជ.ប បដិសេធ​ចុះបញ្ជី​គណបក្ស​ភ្លើង​ទៀន​ដែល​នាំ​ឱ្យ​មិន​អាច​ចូលរួម​ការ​បោះឆ្នោត​បាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​បដិសេធ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត​តំណាងរាស្ត្រ​របស់​គណបក្ស​ភ្លើង​ទៀន​ជា​ផ្លូវការ ដោយសារតែ​គណបក្ស​នេះ​មិន​បាន​ភ្ជាប់​មក​ជាមួយ​នូវ​ប្រកាស​ស្ដីពី​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ ដែល​មាន​បញ្ជាក់​នីត្យានុកូលកម្ម​ដោយ​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុក​ខណ្ឌ។

ការ​បដិសេធ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន​នេះ ធ្វើឡើង​បន្ទាប់ពី គ.ជ.ប អះអាង​ថា​បក្ស​នេះ​មិន​មាន​ឯកសារ​ស្រប​ច្បាប់​គ្រប់គ្រាន់​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ។

ទោះជា​យ៉ាងណា​ក៏ដោយ មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១៤ ខែ​ឧសភា នេះ​ថា បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​ដែល​បង្កើត​ឡើង​ដោយ ហូ ជី មិញ ឆ្នាំ​១៩៥១ និង​បាន​ប្តូរ​ឈ្មោះ​មក​ជា​គណបក្ស​ប្រជាជន​កម្ពុជា សព្វថ្ងៃ​នេះ ក៏​គ្មាន​លិខិត​ច្បាប់ដើម​ស្ដីពី​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ​នោះ​ដែរ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​គណបក្ស​ប្រជាជន​កម្ពុជា​អាច​ចូលរួម​ការ​បោះឆ្នោត​បាន?

លោក​លើក​ជា​សំណួរ​បន្ថែម​ថា គណបក្ស សម រង្ស៊ី ក៏​គ្មាន​ឯកសារ​ច្បាប់ដើម​ដែល​ចុះឈ្មោះ​នៅ​ក្រសួង​មហាផ្ទៃ​ដែរ ប៉ុន្តែ​គណបក្ស​ភ្លើង​ទៀន​គឺ​ប្រាកដជា​មាន​ច្បាប់ដើម​នៃ​ឯកសារ​នេះ​ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ ចុះ​ហេតុ​អ្វី​បាន​ជា​គណបក្ស​នេះ​មិន​អាច​ចុះបញ្ជី​គណបក្ស​នយោបាយ​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​បាន​ទៅវិញ?

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន លើកឡើង​ថា បើ​ទោះបី គ.ជ.ប តម្រូវ​ឲ្យ​មាន​ឯកសារ​ច្បាប់ដើម​ក៏ដោយ​ចុះ ប៉ុន្តែ​ឯកសារ​ច្បាប់ដើម​របស់​គណបក្ស​ភ្លើង​ទៀន​ដែល​បាន​ប្តូរ​ឈ្មោះ​មកពី​គណបក្ស សម រង្ស៊ី ដែល​ទទួលស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ និង​លិខិតបញ្ជាក់​របស់​ក្រសួង​មហាផ្ទៃ​ដែល​ទទួលស្គាល់​បក្ស​ភ្លើង​ទៀន​ក្នុង​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​នោះ គឺ​គ្រប់គ្រាន់​ក្នុង​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​សម្រាប់​ឈរ​ឈ្មោះ​បោះឆ្នោត​នៅ​ពេល​នេះ​ហើយ។

លោក អ៊ុំ សំអាន លើកឡើង​ថា ច្បាប់​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​មាត្រា​២៧ មិន​តម្រូវ​ឲ្យ​គណបក្ស​នយោបាយ​បញ្ជាក់​នីត្យានុកូលកម្ម​ទេ គឺ​តម្រូវ​ឱ្យ​មាន​ត្រឹមតែ​សេចក្តី​ចម្លង​លិខិត​បញ្ជាក់​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ ១​ច្បាប់​ប៉ុណ្ណោះ ប៉ុន្តែ​សេចក្តី​ជូនដំណឹង​របស់ គ.ជ.ប លេខ​០២៧ បែរជា​តម្រូវ​ឲ្យ​មាន​ការ​បញ្ជាក់​នីត្យានុកូលកម្ម​ទៅវិញ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ទង្វើ គ.ជ.ប បែប​នេះ​គេ​ហៅ​ថា​ច្បាប់​ចេញពី​មាត់ ព្រោះ គ.ជ.ប មិន​អាច​រំលោភ​បំពាន​ច្បាប់​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​អនុម័ត​ដោយ​រដ្ឋសភា​បាន​ទេ ហើយ​រាល់​សេចក្តី​ជូនដំណឹង បទបញ្ជា និង​នីតិវិធី​របស់ គ.ជ.ប ទាំងអស់ ត្រូវតែ​ស្រប​តាម​ច្បាប់​បោះឆ្នោត​ជាដាច់ខាត។

លោក អ៊ុំ សំអាន រិះគន់​ថា គ.ជ.ប ដែល​ជា​ឧបករណ៍​ដាច់​ថ្លៃ​របស់​លោក ហ៊ុន សែន បាន​ធ្វើ​តាម​បញ្ជា​របស់​លោក ហ៊ុន សែន រារាំង​គណបក្ស​ភ្លើង​ទៀន​ក្នុង​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត​នៅ​ពេលនេះ​ទាំងស្រុង ព្រោះ​លោក ហ៊ុន សែន មិន​ត្រឹមតែ​ខ្លាច​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ សូម្បីតែ​គណបក្ស​ភ្លើង​ទៀន ក៏​គាត់​ខ្លាច​ដែរ ជាពិសេស​ខ្លាច​បរាជ័យ​ដល់​ការ​ផ្ទេរ​អំណាច​តំណ​ពូជ​ដល់​លោក ហ៊ុន ម៉ាណែត តែម្តង។

កាលពី​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២៣ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​ទៅ​គណបក្ស​ភ្លើង​ទៀន ដោយ​បញ្ជាក់​ថា គណបក្ស​នេះ​ត្រូវតែ​ដាក់​សេចក្តី​ចម្លង​លិខិត​បញ្ជាក់​ស្ដីពី​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ របស់​គណបក្ស សម រង្ស៊ី ដែល​ជា​គណបក្ស​ដើម​របស់​ខ្លួន ដែល​ត្រូវ​ធ្វើ​នីត្យានុកូលកម្ម​ដោយ​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុក​ខណ្ឌ ជា​មុន​សិន ទើប គ.ជ.ប ទទួលស្គាល់​ជា​ឯកសារ​ផ្លូវការ និង​អាច​ចុះបញ្ជី​ឈ្មោះ​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ការ​បោះឆ្នោត​បាន។

យ៉ាងណា​ក៏ដោយ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ច្បាប់ដើម​នៃ​លិខិត​បញ្ជាក់​ស្ដីពី​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ របស់​គណបក្ស សម រង្ស៊ី ដែល​ទទួលស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​១៩៩៨ បាន​បាត់បង់​ទៅ​ហើយ ប៉ុន្តែ​គណបក្ស​ភ្លើង​ទៀន​មាន​ឯកសារ​នេះ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ត្រូវតែ​តម្រូវ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដាក់​ឯកសារ​ច្បាប់ដើម​ស្ដីពី​ការ​ចុះបញ្ជី​គណបក្ស​នៅ​ក្រសួង​មហាផ្ទៃ​របស់​គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​ដែរ។

ប្រភព​ដដែល​បញ្ជាក់​ថា កន្លងមក គណបក្ស​ប្រជាជន​កម្ពុជា​ក៏​មិន​ដែល​បង្ហាញ​លិខិត​បញ្ជាក់​ស្ដីពី​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ​របស់​គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​ច្បាប់ដើម ដើម្បី​ធ្វើ​នីត្យានុកូលកម្ម​ដែរ។

ជុំវិញ​ការ​ទាមទារ​លិខិត​បញ្ជាក់​ស្ដីពី​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ច្បាប់ដើម​នៅ​ក្រសួង​មហាផ្ទៃ​របស់​គណបក្ស សម រង្ស៊ី នេះ កាលពី​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០២៣ គណបក្ស​ភ្លើង​ទៀន​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ដោយ​អំពាវនាវ​ឲ្យ​សមាជិក​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ជាមួយ គ.ជ.ប ប្រសិនបើ គ.ជ.ប មិន​អនុញ្ញាត​ឲ្យ​ខ្លួន​ចុះបញ្ជី​គណបក្ស​នយោបាយ​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ទេ​នោះ។

បន្ទាប់ពី​គណបក្ស​ភ្លើង​ទៀន​អំពាវនាវ​ឲ្យ​មាន​ការ​តវ៉ា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កាលពី​ថ្ងៃទី​១៣ ឧសភា បាន​ព្រមាន​ថា បើ​មន្ត្រី និង​អ្នកគាំទ្រ​គណបក្ស​ភ្លើង​ទៀន​ហ៊ាន​ប្រមូលផ្ដុំ​ធ្វើការ​តវ៉ា មន្ត្រី​ពន្ធនាគារ​ត្រូវតែ​ត្រៀម​គុក​ដើម្បី​ដាក់​ពួកគេ​ទាំងអស់។ ជាង​នេះ​ទៀត លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ប្រុងប្រយ័ត្ន​មិន​ឱ្យ​មាន​ការ​ប្រមូលផ្ដុំ​ណា​មួយ​ឡើយ​ជុំវិញ​ករណី​នេះ។

ក្រោយ​ការ​ព្រមាន​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន នៅ​ថ្ងៃទី​១៤ ឧសភា គណបក្ស​ភ្លើង​ទៀន​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថ្មី​មួយ​ទៀត​បញ្ជាក់​ថា ខ្លួន​មាន​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​យល់​ច្រឡំ​ថា ការ​អំពាវនាវ​របស់​ខ្លួន​កាលពី​ថ្ងៃទី​១២ ឧសភា ថា​ជា​ការ​ប្រមូលផ្ដុំ​កម្លាំង​ក្រោម​ហេតុផល​តស៊ូ​មតិ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស