ក្រុមប្រឹក្សាធម្មនុញ្ញលើកឡើងថា នឹងបើកកិច្ចប្រជុំពិភាក្សាលើបណ្តឹងតវ៉ារបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបដិសេធចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត។
សេចក្តីប្រកាសព័ត៌មានរបស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញចុះថ្ងៃទី២៣ ខែឧសភា ថា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំបណ្តឹងរបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ នៅថ្ងៃទី២៥ ខែឧសភា នេះ។
គណបក្សភ្លើងទៀន បានដាក់បណ្ដឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅខែកក្កដា ខាងមុខនេះ។
ការបដិសេធការចុះបញ្ជីនេះ ដោយ គ.ជ.ប លើកហេតុផលថា បក្សភ្លើងទៀនមិនបានភ្ជាប់ប្រកាសស្ដីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្មដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅការិយាល័យច្រកចេញចូលតែមួយឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ និងចំណុចទី១ ក្នុងមាត្រា២៧ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនោះទេ។
ប៉ុន្តែការបដិសេធរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមិនចុះបញ្ជីនេះ ត្រូវអ្នកឃ្លាំមើលការបោះឆ្នោត និងអ្នកវិភាគ ថាជាការធ្វើទុក្ខបុកម្នេញលើគណបក្សភ្លើងទៀនជាងការខ្វះខាតឯកសារ ខណៈឯកសារទាំងនោះ គឺ គ.ជ.ប ធ្លាប់ទទួលស្គាល់ និងអនុញ្ញាតឲ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតឃុំ-សង្កាត់រួចហើយកាលពីឆ្នាំ២០២២៕