38 C
Phnom Penh

មន្ត្រី​បក្ស​ភ្លើង​ទៀន​ស្នើសុំ​តុលាការ​ចូល​ទៅ​សួរ​សុខទុក្ខ​លោក ថាច់ សេដ្ឋា នៅ​ក្នុង​ពន្ធនាគារ​ព្រៃស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន ស្នើសុំ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចូល​ទៅ​សួរ​សុខទុក្ខ​លោក ថាច់ សេដ្ឋា នៅ​ក្នុង​ពន្ធនាគារ បន្ទាប់ពី​អនុប្រធាន​បក្ស​ភ្លើង​ទៀន​រូប​នេះ​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ចាប់តាំងពី​ពាក់កណ្តាល​ខែ​មករា ឆ្នាំ​២០២៣។

មេធាវី​ការពារ​ក្តី​ឱ្យ​លោក ថាច់ សេដ្ឋា គឺ​លោក ជូង ជូងី បាន​ដាក់​ពាក្យ​ស្នើសុំ​ទៅ​តុលាការ​កាលពី​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៣ ដោយ​សុំ​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន ដូចជា​លោក ទាវ វណ្ណុល លោក ហុង សុខហួរ និង​លោក គឹម សួរភិរិទ្ធ បាន​ចូល​ទៅ​សួរ​សុខទុក្ខ​លោក ថាច់ សេដ្ឋា ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ឬ​មណ្ឌល​អប់រំ​កែប្រែ ម​១ នៅ​ពេលនេះ។

លោក ជូង ជូងី អះអាង​ថា លោក​បាន​ដាក់​ពាក្យ​ទៅ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ ដើម្បី​សុំ​ឱ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន​បាន​ចូល​សួរ​សុខទុក្ខ​លោក ថាច់ សេដ្ឋា ដែរ ប៉ុន្តែ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​យល់​ឃើញ​ថា លោក ថាច់ សេដ្ឋា ស្ថិត​ក្នុង​នីតិវិធី​តុលាការ ដូច្នេះ​ត្រូវតែ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​តុលាការ ទើប​ត្រឹមត្រូវ​តាម​នីតិវិធី។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ត្រូវ​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៣ ក្រោម​បទ​ចោទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ឬ​ចេញ​សែក​ស្អុយ​ចំនួន ៥​សន្លឹក​កាលពី​អំឡុង​ឆ្នាំ​២០១៩ ប៉ុន្តែ​ការ​ចាប់​ខ្លួន​នេះ​ត្រូវ​ក្រុម​អ្នក​ឃ្លាំមើល អ្នកវិភាគ និង​មន្ត្រី​បក្ស​ភ្លើង​ទៀន ចាត់ទុក​ជា​រឿង​នយោបាយ ដែល​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​គណបក្ស​ភ្លើង​ទៀន​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ នេះ។

ក្រោយ​ឃុំ​ខ្លួន​ក្រោម​បទ​ចោទ​ចេញ​សែក​ស្អុយ កាលពី​ចុង​ខែ​មេសា ឆ្នាំ​២០២៣ លោក ដាច់ សេដ្ឋា ក៏​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​នូវ​បទល្មើស​ចំនួន​ពីរ​បន្ថែម​ទៀត គឺ​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ញុះញង់​ឱ្យ​មាន​ការ​រើសអើង​តាម​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។

យ៉ាងណា​ក៏ដោយ កាលពី​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០២៣ ក្នុង​សវនាការ​ដែល​តុលាការ​ដេញដោល​លើ​បទ​ចោទ​ថ្មី​នេះ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា បាន​ស្នើ​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ឱ្យ​ទម្លាក់​បទ​ចោទ​ទាំងនេះ ដោយ​លោក​អះអាង​ថា លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះ​ឡើយ។

គិត​មក​ទល់​នឹង​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ លោក ថាច់ សេដ្ឋា ត្រូវ​បាន​ឃុំ​នៅ​នៅ​ពន្ធនាគារ​ព្រៃស (ម​១) អស់​រយៈពេល ១៣០​ថ្ងៃ ឬ​ជាង ៤​ខែ​ហើយ ក្នុង​នោះ​ប្រសិនបើ​តុលាការ​សម្រេច​ផ្ដន្ទាទោស​លោក ថាច់ សេដ្ឋា លើ​សំណុំរឿង​ថ្មី​នេះ​ទៀត នោះ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​រូប​នេះ​នឹង​ត្រូវ​ប្រឈមមុខ​ជាប់​ពន្ធនាគារ​ពី ០៦​ខែ​រហូត​ដល់ ២​ឆ្នាំ​ឯណោះ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​ចាប់​ខ្លួន និង​ចោទប្រកាន់​ពី​បទ​ផ្សេងៗ​ជា​បន្តបន្ទាប់​លើ​លោក ថាច់ សេដ្ឋា គឺជា​ការ​រឹតត្បិត​ផ្នែក​នយោបាយ​នៅ​មុន​ការ​បោះឆ្នោត​ប៉ុណ្ណោះ ព្រោះ​ថា​បើ​ទាក់ទង​នឹង​រឿង​បំណុល ការ​ឃុំ​ខ្លួន​លោក ថាច់ សេដ្ឋា នៅ​ក្នុង​ពន្ធនាគារ​បែប​នេះ​មិន​អាច​ជា​ដំណោះស្រាយ​រឿង​បំណុល​បាន​ទេ ប៉ុន្តែ​មាន​តែ​រឿង​នយោបាយ​ប៉ុណ្ណោះ​ទើប​គេ​ធ្វើ​បែប​នេះ ហើយ​លោក ថាច់ សេដ្ឋា ក៏​នឹង​មិន​ងាយ​ទទួល​បាន​សេរីភាព​ឡើងវិញ​ដែរ។

ទិន្នន័យ​សង្គម​ស៊ីវិល​បាន​បង្ហាញ​កាលពី​ពេល​ថ្មីៗ​នេះ​ថា អ្នកទោស​មនសិការ​ដែល​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​មាន​រាប់​រយ​នាក់ ក្នុង​នោះ​ក៏​មាន​អ្នកទោស​ដែល​ជា​សកម្មជន​នយោបាយ សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី សហជីព និង​អ្នក​សារព័ត៌មាន​ផង​ដែរ ដែល​អ្នក​ខ្លះ​ត្រូវ​ជាប់​ពន្ធនាគារ​ជាង ១​ឆ្នាំ និង​ខ្លះ​ទៀត​ត្រូវ​ជាប់​ឃុំ​ដល់​រហូត​ដល់ ១៥​ឆ្នាំ​ក៏​មាន។

គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​នីតិរដ្ឋ​សម្រាប់​ឆ្នាំ​២០២២ ថា កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ទី​១៣៩ ក្នុង​ចំណោម ១៤០​ប្រទេស​ដែល​មាន​នីតិរដ្ឋ​ទាប​បំផុត ដោយសារតែ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​គ្មាន​តម្លាភាព មាន​ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស