25 C
Phnom Penh

មេក្រុម​ទាហាន​ស៊ីឈ្នួល​ឱ្យ​រុស្ស៊ី​ថា​ទ័ព​របស់​លោក ពូទីន ស្លាប់​២​ម៉ឺន​នាក់​នៅ​សមរភូមិ​បាកមូត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេក្រុម​ទាហាន​ស៊ីឈ្នួល Wagner Group របស់​រុស្ស៊ី លោក Yevgeny Prigozhin បាន​និយាយ​ថា ទាហាន​របស់​លោក​ប្រហែល ២​ម៉ឺន​នាក់​បាន​សម្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ក្នុង​រយៈពេល​ជាច្រើន​ខែ ដើម្បី​គ្រប់គ្រង​ទីក្រុង​បាកមូត ដែល​ស្ថិត​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​ឧសភា។

លោក Prigozhin បាន​ឲ្យ​ដឹង​ថា លោក​បាន​ជ្រើសរើស​អ្នកទោស​ចំនួន ៥​ម៉ឺន​នាក់​ឲ្យ​ចូលរួម​ប្រយុទ្ធ​ជាមួយ​ក្រុម Wagner នៅ​ក្នុង​សង្គ្រាម​របស់​រុស្ស៊ី នៅ​អ៊ុយក្រែន ហើយ​ប្រហែល ២០% នៃ​ពួកគេ​ត្រូវ​បាន​សម្លាប់។

លោក Prigozhin ក៏​បាន​ប្រាប់​អ្នក​យុទ្ធសាស្ត្រ​នយោបាយ​រុស្ស៊ី លោក Konstantin Dolgov ក្នុង​កិច្ច​សម្ភាសន៍​មួយ​កាលពី​ថ្ងៃ​ពុធ ​ទី​២៤ ឧសភា ថា តួលេខ​នៃ​ទាហាន​ជាប់​កិច្ចសន្យា​ក្នុង​ចំនួន​ប្រហាក់ប្រហែល​គ្នា​នេះ​ក៏​បាន​ស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​ដើម្បី​ទីក្រុង​មួយ​នេះ​ផង​ដែរ។

កាលពី​ចុង​សប្តាហ៍​មុន ក្រុម Wagner និង​កងទ័ព​រុស្ស៊ី បាន​អះអាង​ពី​ការ​ដណ្តើម​បាន​ទីក្រុង​បាកមូត ពី​កងទ័ព​អ៊ុយក្រែន។ ជ័យជម្នះ​នេះ​បាន​នាំ​ឱ្យ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អបអរ​សាទរ។ ប៉ុន្តែ​ភាគី​អ៊ុយក្រែន​អះអាង​ថា កងកម្លាំង​របស់​ខ្លួន​នៅតែ​បន្ត​ប្រយុទ្ធ​ដើម្បី​ទីក្រុង​នេះ​នៅឡើយ​ទេ។ កងទ័ព​អ៊ុយក្រែន​ថា​មិន​បាន​បោះបង់​ចោល​សមរភូមិ​នេះ​ទេ។

បាកមូត ជា​តំបន់​តូច​មួយ​នៅ​ក្នុង​ខេត្ត​ដូណេត នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន។ សមរភូមិ​មួយ​នេះ​មាន​ផ្ទៃដី​ប្រហែលជា ៤០​គីឡូម៉ែត្រ​ក្រឡា។ វា​បាន​ធ្លាក់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ដ៏​បង្ហូរ​ឈាម​រវាង​កងទ័ព​នៃ​ក្រុម​ទាហាន​ស៊ីឈ្នួល​ឱ្យ​រុស្ស៊ី ជាមួយ​កងទ័ព​អ៊ុយក្រែន មាន​រយៈពេល​ជាង ១០​ខែ​មក​ហើយ។

រុស្ស៊ី​ចាត់ទុក​បាកមូត ជា​ទីតាំង​យុទ្ធសាស្ត្រ​របស់​ខ្លួន ហើយ​ការ​ដណ្ដើម​កាន់កាប់​សមរភូមិ​មួយ​នេះ​បាន គឺជា​និមិត្តរូប​នៃ​ជ័យជម្នះ​របស់​កងទ័ព​រុស្ស៊ី ប៉ុន្តែ​ក្រុម​បស្ចិម​ប្រទេស និង​អ្នកជំនាញ​ផ្នែក​យោធា​មិន​យល់ស្រប​ដូចនេះ​ទេ ព្រោះ​ថា​ទោះបីជា​រុស្ស៊ី​វាយ​យក​បាន​បាកមូត​មែន ​តែ​តម្លៃ​ការ​ធ្វើ​សង្គ្រាម​របស់​រុស្ស៊ី​មិន​អាច​ទូទាត់​ត្រឹម​តំបន់​មួយ​នេះ​មាន​ត្រឹម​ផ្ទៃដី ៤០​គីឡូម៉ែត្រ​ក្រឡា​ដោយ​ប្រើ​ពេល​ជាង ១០​ខែ ហើយ​រហូត​បាត់បង់​ទ័ព​ជាង ១០​ម៉ឺន​នាក់​នោះ​ទេ។

កាលពី​ក្នុង​ជំនួប​កំពូល​នៃ​មេដឹកនាំ​នៃ​ប្រទេស G-7 នៅ​លើ​ទឹកដី​ប្រទេស​ជប៉ុន កាលពី​សប្ដាហ៍​មុន ប្រធានាធិបតី​អាមេរិក​លោក ចូ បៃដិន បាន​ថ្លែង​ថា បើ​ផ្អែក​តាម​របាយការណ៍​របស់​ភ្នាក់ងារ​ចារកម្ម​អាមេរិក​ឲ្យ​ដឹង​ថា ទ័ព​រុស្ស៊ី​បាត់បង់​ដល់​ទៅ​ជាង ១០​ម៉ឺន​នាក់​នៅ​សមរភូមិ​បាកមូត​តែ​មួយ​ប៉ុណ្ណោះ។ លោក​ថា បាកមូត រុស្ស៊ី​ចាត់ទុក​ជា​សមរភូមិ​យុទ្ធសាស្ត្រ​របស់​ខ្លួន តែ​លោក​ថា​អ៊ុយក្រែន​វាយ​ការពារ​បាកមូត គឺជា​កាតព្វកិច្ច​ការពារ​ដែនដី​របស់​ខ្លួន។

ស្រប​ពេល​ដែល​លោក ចូ បៃដិន បង្ហើប​ថា​ទ័ព​រុស្ស៊ី​បាត់បង់​ដល់​ទៅ ១០​ម៉ឺន​នាក់​នៅ​បាកមូត លោក Yevgeny Prigozhin បាន​និយាយ​ថា អ្នកទោស​ប្រហែល ១០​ម៉ឺន​នាក់​ដែល​បញ្ជូន​មក​ជួយ​ប្រយុទ្ធ​ជាមួយ​នឹង​កងទ័ព​របស់​លោក ពួកគេ​បាន​ស្លាប់​សឹងតែ​ទាំងអស់​នៅ​សមរភូមិ​តំបន់​បាកមូត​នេះ។ លោក Prigozhin បញ្ជាក់​ថា ការ​ស្លាប់​ទ័ព​រុស្ស៊ី​ដែល​ជា​អ្នកទោស គឺ​នៅ​ក្នុង​អំឡុង ៦​ខែ​ចុងក្រោយ​នេះ។

នៅ​ក្នុង​សារ​សំឡេង​តាម​វីដេអូ ហើយ​ត្រូវ​ប្រែ​សម្រួល​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន DW របស់​អាល្លឺម៉ង់ លោក Prigozhin បាន​ថ្លែង​ថា អ្នកទោស​ទាំងនោះ​ពុំ​មាន​វិន័យ ហើយ​គ្មាន​ការ​ប្រុងប្រយ័ត្ន​នៃ​ការ​ប្រើប្រាស់​អាវុធ​នៅ​លើ​សមរភូមិ​នោះ​ទេ។ តាម​មេក្រុម​ទាហាន​ស៊ីឈ្នួល អ្នកទោស​ទាំងនោះ​មិន​ត្រឹមតែ​គ្មាន​វិន័យ​នោះ​ទេ គឺ​ពួកគេ​ជា​អ្នក​បង្ក​បញ្ហា​ក្នុង​អង្គភាព​របស់​លោក​ទៀត​ផង។

បើ​តាម​របាយការណ៍​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន DW ឲ្យ​ដឹង​ថា នៅ​ក្នុង​សង្គ្រាម​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​រយៈពេល ១០​ឆ្នាំ ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨៩ សហភាព​សូវៀត​បាត់បង់​ទ័ព​តែ ១​ម៉ឺន ៥​ពាន់​នាក់ តែ​ចំពោះ​រុស្ស៊ី​ដែល​លើក​ទ័ព​ចូល​លុកលុយ​ប្រទេស​អ៊ុយក្រែន គិត​មក​ដល់​ថ្ងៃទី​២៥ ឧសភា នេះ មាន​រយៈពេល ៤៥៦​ថ្ងៃ រុស្ស៊ី​បាត់បង់​ទ័ព​ជាង ២០​ម៉ឺន ៤​ពាន់​នាក់។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​នេះ។

យោង​តាម​សារព័ត៌មាន The Kyiv Post ក្រុម​ទាហាន​ស៊ីឈ្នួល​ឱ្យ​រុស្ស៊ី ចាប់ផ្ដើម​ផ្ទេរ​ទីតាំង​របស់​ពួកគេ​នៅ​បាកមូត ទៅ​ឱ្យ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី។

នៅ​ក្នុង​សារ​សំឡេង​ដែល​ផ្សព្វផ្សាយ​ដោយ​ក្រុម​អង្គភាព​ក្រុម Wagner លោក Prigozhin មេក្រុម​របស់ Wagner បាន​ប្រកាស​ពី​ការ​ផ្ទេរ​ទីតាំង​ទ័ព​របស់​លោក​ទៅ​ឱ្យ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃទី​២៥ ឧសភា នេះ ដែល​លោក​ថា​ទ័ព​របស់​លោក​ដក​ចេញពី​បាកមូត ឱ្យ​អស់​នៅ​ត្រឹម​ថ្ងៃទី​១ ខែ​មិថុនា។

លោក​ពន្យល់​ថា កងទ័ព​របស់​លោក​នឹង​ចាប់​ទីតាំង​ថ្មី​ទៀត។ ទោះជា​យ៉ាង​នេះ​ក្ដី កងទ័ព​អ៊ុយក្រែន នៅតែ​ប្រកាស​ថា​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅតែ​បន្ត ហើយ​មាន​សភាព​ធ្ងន់ធ្ងរ។

បើ​តាម​សារព័ត៌មាន The New Voice of Ukraine អ៊ុយក្រែន​នឹង​បើក​ការ​វាយបក​ទ្រង់ទ្រាយ​ធំ​ចាប់ពី​ដើម​ខែ​មិថុនា ដើម្បី​រំដោះ​ទឹកដី​ពី​រុស្ស៊ី​មកវិញ ក្នុង​នោះ​ក៏​មាន​សមរភូមិ​បាកមូត​ផង​ដែរ។

មេក្រុម​ទាហាន​ស៊ីឈ្នួល Wagner Group របស់​រុស្ស៊ី លោក Yevgeny Prigozhin ព្រមាន​ថា​ការ​វាយបក​របស់​ទ័ព​អ៊ុយក្រែន អាច​នឹង​វាយ​យក​បាន​វិញ​សមរភូមិ​បាកមូត និង​សមរភូមិ​ជាច្រើន​ទៀត​ដែល​លោក​ថា ក្រសួង​ការពារ​ជាតិ និង​មេទ័ព​របស់​រុស្ស៊ី នឹង​ពិបាក​ឆ្លើយតប​ការ​វាយបក​របស់​ទ័ព​អ៊ុយក្រែន ប្រសិនបើ​គ្រាប់កាំភ្លើង​នៅតែ​មិន​មាន​គ្រប់គ្រាន់​នៅ​ក្នុង​ដៃ​របស់​កងទ័ព​រុស្ស៊ី ដែល​កំពុង​ស្ថិតនៅ​លើ​សមរភូមិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស