អតីតមន្ត្រីជាន់ខ្ពស់ខាងផ្នែកការពារលម្ហសមុទ្រខេត្តកោះកុង ចោទថាក្រុមគ្រួសារត្រកូល ទៀ កំពុងប្រព្រឹត្តឧក្រិដ្ឋកម្មធំៗជាច្រើននៅលម្ហសមុទ្រកម្ពុជាសព្វថ្ងៃនេះ ដូចជាការលាងលុយកខ្វក់ ការរត់ពន្ធប្រេងឥន្ធនៈ ការរត់ពន្ធឈើ ការរត់ពន្ធគ្រឿងញៀន និងរត់ពន្ធអាវុធ ជាដើម។
មន្ត្រីរូបនេះបញ្ជាក់ថា ដែនសមុទ្ររបស់កម្ពុជាសព្វថ្ងៃនេះសឹងតែក្លាយជាតំបន់កាន់កាប់ផ្ដាច់មុខរកផលប្រយោជន៍ឲ្យត្រកូល ទៀ របស់លោក ទៀ បាញ់ ទៅហើយ។
អតីតគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រប្រចាំខេត្តកោះកុង លោក មុំ អស្សនី បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីចុងសប្តាហ៍កន្លងទៅថា ត្រកូល ទៀ រួមមានលោក ទៀ បាញ់ លោក ទៀ វិញ លោក ទៀ សុខា និងលោក ទៀ វិចិត្រ ជាដើម កំពុងប្រព្រឹត្តអំពើឧក្រិដ្ឋកម្មយ៉ាងធ្ងន់ធ្ងរសព្វថ្ងៃនេះ ដូចជាការប្រព្រឹត្តអំពើលាងលុយកខ្វក់ឲ្យជនជាតិចិនដែលដឹកជញ្ជូនតាមកប៉ាល់ ដោយយកលុយយ័នរបស់ចិន មកដូរជាលុយដុល្លារក្នុងទំហំរាប់រយលានដុល្លារអាមេរិក ដែលអាចឲ្យលោក ទៀ វិចិត្រ មានឱកាសកើបប្រាក់ចំណេញរាប់សិបលានដុល្លារអាមេរិកផងដែរពីទង្វើលាងលុយខ្មៅនេះ។
លោកបន្ថែមថា ក្រៅពីលាយលុយកខ្វក់ លោក ទៀ វិចិត្រ ក៏ជាឈ្មួញនាំឈើចេញពីទឹកដីកម្ពុជាតាមច្រកសមុទ្ររបស់កម្ពុជាទៅកាន់ប្រទេសវៀតណាម ជាឈ្មួញលក់អាវុធខុសច្បាប់ឲ្យចោរសមុទ្រថៃ ជាមេឈ្មួញនាំចូល និងចែកចាយគ្រឿងញៀនប្រចាំស្រុកខ្មែរ និងជាឈ្មួញរត់ពន្ធប្រេងឥន្ធនៈចូលស្រុកខ្មែរដោយមិនបង់ពន្ធ ដើម្បីលក់ចេញទៅឲ្យក្រុមហ៊ុនប្រេងនានានៅស្រុកខ្មែរដែលមានចំនួនដល់ទៅ ១លានលីត្រក្នុងមួយថ្ងៃៗក្នុងពេលបច្ចុប្បន្ននេះថែមទៀត។
លោក មុំ អស្សនី អះអាងថា ចំណែកលោក ទៀ វិញ ដែលជាមេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងកូនប្រុសរបស់គាត់ឈ្មោះ ទៀ សុខា ដែលជាមេបញ្ជាការរងនៃកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រដែរនោះ ក៏នាំគ្នាប្រព្រឹត្តអំពើពុករលួយដោយទទួលសំណូកពីឈ្មួញនេសាទថៃ ជាង ៤០០ទូកក្នុងមួយថ្ងៃៗ ហើយទូកនីមួយៗត្រូវបង់លុយឲ្យពួកគេចំនួន ៤ពាន់ដុល្លារអាមេរិក ដើម្បីមានសិទ្ធិនេសាទខុសច្បាប់ដោយប្រើឧបករណ៍ឆក់ត្រជាក់ក្នុងដែនសមុទ្ររបស់ខ្មែរសព្វថ្ងៃនេះ។
អតីតមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជារូបនេះបញ្ជាក់ថា ដើម្បីឲ្យក្រុមគ្រួសារត្រកូល ទៀ របស់លោក ទៀ បាញ់ ប្រព្រឹត្តអំពើឧក្រិដ្ឋបែបនេះបាន ដោយសារតែពួកគេមានការសហការចែកផលប្រយោជន៍គ្នាជាមួយគ្រួសារត្រកូល ហ៊ុន របស់លោក ហ៊ុន សែន យ៉ាងធំ ក្នុងនោះលោក ហ៊ុន ម៉ាណែត ក៏ជាប់ពាក់ព័ន្ធក្នុងអំពើឧក្រិដ្ឋនេះជាមួយលោក ទៀ វិចិត្រ យ៉ាងខ្លាំងដែរ ក្នុងការចែកផលប្រយោជន៍ដែលទទួលបានពីអំពើឧក្រិដ្ឋទាំងនោះ។
ទោះបីជាមានការចោទប្រកាន់បែបនេះយ៉ាងណាក៏ដោយ អ្នកឧកញ៉ា ទៀ វិចិត្រ បានប្រាប់សារព័ត៌មាន The Cambodia Daily មុនការផ្សាយនេះបន្តិចថា លោកសូមបដិសេធទាំងស្រុងចំពោះការចោទប្រកាន់នេះ។
លោកបន្តថា ការងាររបស់លោកដែលកំពុងធ្វើសព្វថ្ងៃនេះ គឺស្របទៅតាមច្បាប់របស់រដ្ឋ ហើយថាលោកមិនអាចធ្វើអ្វីផ្តេសផ្តាសតាមទំនើងចិត្តបាននោះទេ ពីព្រោះប្រទេសមានច្បាប់។ អ្នកឧកញ៉ា ទៀ វិចិត្រ អះអាងថា លោកស្វាគមន៍ឲ្យសមត្ថកិច្ចអាចបើកការស៊ើបអង្កេតមកលើការងាររបស់លោកបាន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញសេចក្ដីណែនាំស្ដីពីការបង្កើនវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទឧក្រិដ្ឋឆ្លងដែនកាលពីពេលកន្លងទៅ ដល់កងកម្លាំងនគរបាលជាតិ និងសមត្ថកិច្ចដែលមានការពាក់ព័ន្ធថា ត្រូវតែចាត់វិធានការប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ដូចជាអំពើភេរវកម្ម ការចរាចរណ៍ជួញដូរគ្រឿងញៀនខុសច្បាប់ បទល្មើសសម្អាតប្រាក់ ការជួញដូររត់ពន្ធមនុស្ស ការជួញដូរអាវុធខុសច្បាប់ និងបទល្មើសបច្ចេកវិទ្យា ជាដើម ប៉ុន្តែវិធានការទាំងនេះមិនមានប្រសិទ្ធភាពទេ ដោយសារតែអំពើឧក្រិដ្ឋទាំងនោះគឺជាមុខរបររបស់អ្នកមានអំណាចដែលបានផ្ដល់ផលប្រយោជន៍ឲ្យពួកគេធ្វើមានធ្វើបានសព្វថ្ងៃនេះ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ លោក ហ៊ុន សែន ក៏បានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ និងអ្នកកាន់សាសនាផ្សេងៗ រួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើទុច្ចរិតឱ្យបានព្រមៗគ្នា ដើម្បីកុំឱ្យកម្ពុជាក្លាយជាឋានសួគ៌នៃឧក្រិដ្ឋកម្ម កន្លែងលាងលុយ ការជួញដូរមនុស្ស និងបទល្មើសផ្សេងៗទៀត។
អង្គការឃ្លាំមើលពិភពលោក គ្លប៊ល វីនេស បានចេញរបាយការណ៍កម្រាស់ជិត ៦០ទំព័រ កាលពីចុងឆ្នាំ២០១៦ ដែលមានចំណងជើងថា “ការក្ដោបយកវិនិយោគនៅកម្ពុជា” ដែលជាសែស្រឡាយរបស់លោក ហ៊ុន សែន ហើយកំពុងក្ដោបក្ដាប់សេដ្ឋកិច្ចធំៗរបស់កម្ពុជាទាំងអស់ ដែលក្រុមហ៊ុនខ្លះកំពុងរំលោភសិទ្ធិមនុស្ស ហើយខ្លះទៀតកំពុងរំលោភច្បាប់ដោយការប្រព្រឹត្តអំពើពុករលួយ ជាដើម៕