ការវាយបកដើម្បីរំដោះទឹកដីពីរុស្ស៊ី មកវិញចាប់ផ្ដើមហើយ ដោយអ៊ុយក្រែន ចាប់បើកទ្វារសង្គ្រាមវាយរំដោះទឹកដីរបស់ខ្លួនពីរុស្ស៊ី មកវិញនៅភាគខាងកើត និងខាងត្បូងប្រទេស ខណៈឧបទ្វីបគ្រីមៀរ ដែលធ្លាក់ក្នុងរុស្ស៊ី នៅឆ្នាំ២០១៤ ក៏នឹងក្លាយជាសមរភូមិចុងក្រោយផងដែរ។
នៅថ្ងៃទី៦ មិថុនា នេះ មានសេចក្ដីរាយការណ៍ជាច្រើន ដូចជាបណ្ដាញផ្សាយព័ត៌មានអង់គ្លេស BBC បណ្ដាញផ្សាយព័ត៌មានអាល្លឺម៉ង់ DW និងសារព័ត៌មានអ៊ុយក្រែន The Kyiv Post បានធ្វើសេចក្ដីរាយការណ៍មកថា អ៊ុយក្រែនបញ្ចេញរថពាសដែក ១៨០គ្រឿង និងរថក្រោះ Leopard ផលិតនៅអាល្លឺម៉ង់រាប់សិបគ្រឿងចូលទៅសមរភូមិ ដោយធ្វើសកម្មភាពយ៉ាងសកម្ម។
ក្រសួងការពារជាតិរុស្ស៊ី ប្រកាសថា អ៊ុយក្រែនបើកវាយបកទ្រង់ទ្រាយធំ ៥កន្លែងនៅតំបន់ដូណេត ចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ តែត្រូវបរាជ័យមិនអាចសម្រេចផែនការរបស់ខ្លួន ព្រមទាំងបាត់បង់កម្លាំងទ័ពប្រមាណ ២៥០នាក់ ហើយទ័ពរុស្ស៊ី បាញ់កម្ទេចរថពាសដែកអ៊ុយក្រែន ២១គ្រឿង។
ប្រភពការពារជាតិរុស្ស៊ី បានបន្ថែមទៀតថា ការបើកប្រតិបត្តិការវាយប្រហាររបស់អ៊ុយក្រែន ដោយកងពលតូចមេកានិច ៦កង និងកងពលរថក្រោះ ២កង។
រុស្ស៊ីបានបញ្ជាក់ទៀតថា នាយសេនាធិការកងទ័ពរុស្ស៊ីកំពុងស្ថិតក្នុងប៉ុស្តិ៍បញ្ជាការក្នុងតំបន់ដែលមានការវាយប្រហារពីអ៊ុយក្រែន តែនៅតំបន់ហ្សាប៉ូរីហ្សីយ៉ា គឺជាទីតាំងរបស់រុស្ស៊ីបានរងការវាយប្រហារយ៉ាងខ្លាំង ខណៈនៅបាកមូត កងទ័ពអ៊ុយក្រែនបើកការវាយប្រហារជាខ្លាំងដែរ។
ទោះជាយ៉ាងណា អ៊ុយក្រែន មិនបានបញ្ជាក់ព័ត៌មានទាក់ទងនឹងការប្រកាសរបស់រុស្ស៊ីនោះទេ ហើយក៏គ្មានប្រភពឯករាជ្យណាធ្វើការផ្ទៀងផ្ទាត់ចំពោះការប្រកាសរបស់រុស្ស៊ី ដែលថាវាយបកវិញធ្វើឱ្យទ័ពអ៊ុយក្រែន បរាជ័យជាទម្ងន់។
ផ្ទុយទៅវិញ មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន បានបង្ហោះសារតាមបណ្ដាញសង្គមថា កងកម្លាំងអ៊ុយក្រែន បានបន្តរុលទៅមុខក្នុងតំបន់បាកមូត ដែលទ័ពរុស្ស៊ី និងក្រុមទាហានស៊ីឈ្នួលវាយយកបានកាលពីចុងខែឧសភា។ ចំណែកនៅតំបន់ហ្សាប៉ូរីហ្សីយ៉ា ក៏កងទ័ពអ៊ុយក្រែន វាយរុលផ្ដាច់ខ្សែត្រៀមទ័ពរុស្ស៊ី ជាច្រើនផងដែរ។ តំបន់បាកមូត ស្ថិតក្នុងដូណេតភាគខាងកើត ចំណែកតំបន់ហ្សាប៉ូរីហ្សីយ៉ា ស្ថិតនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។
ក្រៅអំពីការវាយប្រហាររបស់អ៊ុយក្រែន នៅតំបន់ដុនបាស នៅភាគខាងកើត និងតំបន់ហ្សាប៉ូរីហ្សីយ៉ា ក៏មានការប្រយុទ្ធគ្នាយ៉ាងសន្ធោសន្ធៅរវាងកងទ័ពជាតិរុស្ស៊ី និងក្រុមកម្លាំងប្រដាប់ប្រឆាំងរុស្ស៊ី ដែលគាំទ្រដោយអ៊ុយក្រែន នៅតាមតំបន់ជាប់ព្រំដែនអ៊ុយក្រែន។
ក្នុងស្ថានភាពទៅរកការប្រែសម្រួលសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន មេក្រុមទាហានស៊ីឈ្នួលឱ្យរុស្ស៊ី លោក Yevgeny Prigozhin បានរិះគន់កងទ័ពរុស្ស៊ី ដែលកំពុងធ្វើឱ្យបាត់បង់ទីតាំងជាច្រើនស្ថិតនៅក្បែរទីក្រុងបាកមូត ធ្លាក់ក្នុងដៃកងទ័ពអ៊ុយក្រែន ហើយថាយុទ្ធសាស្ត្រដែលរុស្ស៊ី កំពុងអនុវត្ត វានឹងនាំទៅរកបរាជ័យ ហើយយ៉ាងយូរ ២សប្ដាហ៍ខាងមុខ តំបន់បាកមូត នឹងធ្លាក់ក្នុងកងទ័ពអ៊ុយក្រែនវិញហើយ។
លោក Prigozhin ធ្វើការកត់សម្គាល់ដូចនេះ ខណៈមន្ត្រីរុស្ស៊ីម្នាក់ក្នុងតំបន់ដូណេត បានឱ្យដឹងថា ស្ថានការណ៍នៅជុំវិញទីក្រុងបាកមូត មានភាពលំបាកជាខ្លាំងក្រោយពីទាហានស៊ីឈ្នួលរុស្ស៊ី Wagner ប្រកាសពីការវាយដណ្ដើមបានទីក្រុងបាកមូតទាំងស្រុងកាលពីចុងខែឧសភា ក្រោយការវាយប្រយុទ្ធយ៉ាងបង្ហូរឈាមអស់រយៈពេលជាច្រើនខែ។
ចាប់តាំងពីពេលនោះមក ទ័ពអ៊ុយក្រែននៅតែបន្តបើកការវាយប្រហារនៅតាមទីតាំងស្ថិតនៅភាគខាងជើង និងខាងត្បូងនៃទីក្រុងមួយនេះស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែន។
លោក Prigozhin បាននិយាយក្នុងសារសំឡេងមួយត្រូវបានចេញផ្សាយដោយសេវាព័ត៌មាននៃក្រុមហ៊ុន Wagner ថា៖ នៅពេលនេះ សង្កាត់ Berkhivka នៃតំបន់បាកមូត បានធ្លាក់ទៅក្នុងដៃទ័ពអ៊ុយក្រែនទៅហើយ រីឯកងទ័ពរុស្ស៊ីក៏បានរត់ចោលសមរភូមិស្ងាត់ៗ ខណៈទ័ពអ៊ុយក្រែនបើកការវាយបក។
ឥឡូវនេះ សង្គ្រាមកាន់តែប្រែប្រួល សេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មានអាល្លឺម៉ង់ DW បានចុះផ្សាយនៅថ្ងៃទី៦ មិថុនា ថា មានហេតុការណ៍បំផ្ទុះបានកើតមានឡើងប៉ះទៅលើទំនប់វារីអគ្គិសនីសម័យសូវៀតមួយកន្លែងក្នុងតំបន់ដែលគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ី នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។ ការបំផ្ទុះនេះ បណ្ដាលឱ្យបាក់ទំនប់វារីអគ្គិសនី ហើយបង្កទឹកជន់លិចក្រុងខឺសុន ដែលកងទ័ពអ៊ុយក្រែន វាយកាន់កាប់បានមកវិញពីទ័ពរុស្ស៊ីកាលពីខែតុលា ឆ្នាំ២០២២។
រដ្ឋាភិបាលអ៊ុយក្រែន ចោទថាជាការវាយប្រហាររបស់កងទ័ពរុស្ស៊ី តែក្រុងមូស្គូ បដិសេធ ដោយចោទវិញថា ទំនប់នេះវារងគ្រោះពីការវាយប្រហារដោយគ្រាប់កាំភ្លើងធំពីទ័ពអ៊ុយក្រែន។
ទំនប់វារីអគ្គិសនី Kakhovka មានកម្ពស់ ៣០ម៉ែត្រ និងបណ្តោយប្រវែងជាង ៣គីឡូម៉ែត្រ។ វាស្តុកទឹកក្នុងបរិមាណស្មើទៅនឹងបឹង Great Salt Lake នៅឯរដ្ឋ UTAH នៃសហរដ្ឋអាមេរិក ហើយវាត្រូវបានសាងសង់ឡើងកាលពីឆ្នាំ១៩៥៦ នៅលើទន្លេ Dnipro ក្នុងតំបន់ខឺសុន។
ទំនប់វារីអគ្គិសនីនេះក៏ផ្គត់ផ្គង់ទឹកផងដែរទៅកាន់ឧបទ្វីបគ្រីមៀរ ដែលត្រូវបានរុស្ស៊ីក្រសោបយកពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤ និងទៅកាន់រោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរនៅតំបន់ហ្សាប៉ូរីហ្សីយ៉ា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។
ទីបញ្ជាការភូមិភាគខាងត្បូងរបស់អ៊ុយក្រែន បានបង្ហោះសារលើបណ្ដាញ Facebook ថា៖ ទំនប់ Kakhovka បានទទួលរងការបំផ្ទុះដោយកងកម្លាំងទ័ពរបស់រុស្ស៊ី ដែលកំពុងត្រួតត្រានៅតំបន់នោះ។ ទំហំនៃការបង្កជន់លិចមានល្បឿនខ្លាំង និងបរិមាណទឹកដែលលេចធ្លាយកំពុងជន់លិចតំបន់មួយចំនួននៅខឺសុន ដោយរាប់ទាំងក្រុងខឺសុន ផងដែរ។
ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី ចោទថា រុស្ស៊ីមានចេតនាបំផ្លាញទំនប់វារីអគ្គិសនីដែលជាផលប្រយោជន៍ និងទ្រព្យសម្បត្តិរបស់ប្រជាជនអ៊ុយក្រែន ហើយបង្កឱ្យប្រជាជនរាប់ម៉ឺននាក់រត់ចោលផ្ទះសម្បែងរបស់ពួកគេ ដែលត្រូវជន់លិចពីការបាក់ទំនប់នៃទន្លេ Dnipro ដែលកំពុងវាយបុកចូលក្រុងខឺសុន និងតំបន់ជាច្រើនទៀតនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។
បើទោះជាយ៉ាងនេះក្ដី ប្រធានាធិបតីអ៊ុយក្រែន កំពុងតែសរសើរជាខ្លាំងដល់កងទ័ពរបស់លោកដែលវាយបករុលចូលទីតាំងរបស់ទ័ពរុស្ស៊ី បានជាច្រើនខ្សែត្រៀមនៅភាគខាងកើត និងតំបន់ហ្សាប៉ូរីហ្សីយ៉ា ខណៈលោកសច្ចាវាយយកគ្រីមៀរ មកវិញពីរុស្ស៊ី ឱ្យបាននៅក្នុងឆ្នាំ២០២៣ នេះ។
លោក ហ្សេឡេនស្គី ថ្លែងថា ការវាយរំដោះដែនដីនេះនឹងត្រូវធ្វើឡើងអំឡុងទ័ពអ៊ុយក្រែន ត្រូវបើកវាយបកទ្រង់ទ្រាយធំ។ លោកប្រកាសថា ការរំដោះឧបទ្វីបមួយនេះដែលត្រូវបានរុស្ស៊ី ដណ្ដើមយកកាលពីឆ្នាំ២០១៤ ច្បាស់ណាស់ថានឹងកើតឡើងយ៉ាងពិតប្រាកដ។
បើតាមលោក ហ្សេឡេនស្គី មានប្រទេសកាន់តែច្រើនឡើងចាប់ផ្ដើមយល់ឃើញថា សន្តិភាពនឹងមិនអាចកើតឡើង បើគ្មានការប្រគល់តំបន់គ្រីមៀរ មកឱ្យអ៊ុយក្រែន វិញ។
លោកបញ្ជាក់ថា អ៊ុយក្រែននឹងបន្តករណីយកិច្ចរបស់ខ្លួនដើម្បីរំដោះតំបន់គ្រីមៀរ ដែលច្បាស់ណាស់ថាវានឹងកើតឡើង ហើយតំបន់មួយនេះនឹងត្រូវត្រឡប់ទៅក្រោមប្រព័ន្ធគ្រប់គ្រងរបស់អ៊ុយក្រែនវិញ។
អ្នកសង្កេតការណ៍មើលឃើញថា ទំហំនៃការវាយបករបស់ទ័ពអ៊ុយក្រែន នៅមិនទាន់រីករាលដាលខ្លាំង ខណៈរដ្ឋាភិបាលអ៊ុយក្រែន ក៏មិនទាន់ប្រកាសជាផ្លូវការនៃការវាយបកនេះដែរ។ តែករណីនៃការវាយចូលទៅរំដោះតំបន់គ្រីមៀរ មកវិញ អាចជាដំណាក់កាលចុងក្រោយនៃការបិទបញ្ចប់សង្គ្រាមរុស្ស៊ីឈ្លានពានទឹកដីអ៊ុយក្រែន៕