30 C
Phnom Penh

តុលាការ​កំពូល​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ថាច់ សេដ្ឋា អនុប្រធាន​បក្ស​ភ្លើង​ទៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​កំពូល​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ដោយ​ចាត់ទុក​ការ​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​ដែល​បន្ត​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ថា​ជា​រឿង​ត្រឹមត្រូវ បើទោះបីជា​លោក​សុំ​តម្កល់​ប្រាក់​ប្រមាណ ៣​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ក៏ដោយ។

ប្រធាន​ចៅក្រម​នៃ​ក្រុមប្រឹក្សា​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល លោក សឹង បញ្ញាវុឌ្ឍ នៅ​ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ បាន​ប្រកាស​សាលដីកា​ដោយ​សម្រេច​តម្កល់​សេចក្ដី​សម្រេច​សាលាឧទ្ធរណ៍ និង​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល។ លោក​ចាត់ទុក​ការ​ឃុំ​ខ្លួន​លោក ថាច់ សេដ្ឋា នៅ​ក្នុង​ពន្ធនាគារ ដើម្បី​បន្ត​នីតិវិធី​ជា​រឿង​ត្រឹមត្រូវ បើ​ទោះបីជា​លោក​កំពុង​មាន​ជំងឺ​ក៏ដោយ។ លើស​ពី​នេះ​ទៀត លោក ថាច់ សេដ្ឋា ក៏​សុំ​តម្កល់​ប្រាក់​ប្រមាណ ៣​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​តុលាការ​បដិសេធ​ផង​ដែរ។

ទោះបីជា​លោក ថាច់ សេដ្ឋា ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​ដឹក​មក​ចូល​ស្ដាប់​ការ​ប្រកាស​សាលដីកា​នា​ថ្ងៃទី​១៩ មិថុនា នេះ ប៉ុន្តែ​មន្ត្រី​មិន​បាន​អនុញ្ញាត​ឲ្យ​គ្រួសារ និង​សាច់ញាតិ​ជួប​លោក ថាច់ សេដ្ឋា ឡើយ។ ការ​សម្រេច​របស់​ប្រធាន​ចៅក្រម លោក សឹង បញ្ញាវុឌ្ឍ នា​ថ្ងៃ​នេះ បន្ទាប់ពី​តុលាការ​កំពូល​បាន​បើក​សវនាការ​ជំនុំជម្រះ​ក្ដី​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើង​ទៀន កាលពី​ថ្ងៃទី​១២ ខែ​មិថុនា។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក ថាច់ សេដ្ឋា មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​នោះ​ឡើយ ពីព្រោះ​ពាក្យ​សម្ដី​របស់​គាត់​ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ក្នុង​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន នោះ គ្រាន់តែ​ជា​ការ​រំលឹក​ប្រវត្តិសាស្ត្រ​ខ្មែរ​កម្ពុជា​ក្រោម​តែប៉ុណ្ណោះ។

លោក​បន្ថែម​ថា សកម្មភាព​លោក ថាច់ សេដ្ឋា ក៏​មិន​បាន​បញ្ជាក់​ពី​សកម្មភាព​ញុះញង់​ណា​មួយ​ឡើយ ពីព្រោះ​តាំងពី​លោក​មក​ដល់​កម្ពុជា​វិញ លោក​មិន​បាន​កៀរគរ​ប្រជាពលរដ្ឋ​ដែល​នាំ​ឱ្យ​មាន​ការ​រើសអើង ឬ​បង្ក​អសន្តិសុខ​សង្គម​ណា​មួយ​ឡើយ។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ត្រូវ​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៣ ក្រោម​បទ​ចោទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ឬ​ចេញ​សែក​ស្អុយ​ចំនួន ៥​សន្លឹក​កាលពី​អំឡុង​ឆ្នាំ​២០១៩។

ក្រោយពី​ឃុំ​ខ្លួន​ក្រោម​បទ​ចោទ​ចេញ​សែក​ស្អុយ​កាលពី​ចុងខែ​មេសា ឆ្នាំ​២០២៣ លោក ថាច់ សេដ្ឋា ក៏​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​នូវ​បទល្មើស​ចំនួន​ពីរ​បន្ថែម​ទៀត គឺ​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ញុះញង់​ឱ្យ​មាន​ការ​រើសអើង​តាម​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។

ប៉ុន្តែ​ការ​ចាប់​ខ្លួន និង​ចោទប្រកាន់​បទល្មើស​ចំនួន ២ បន្ថែម​ទៀត​នេះ ត្រូវ​ក្រុម​អ្នក​ឃ្លាំមើល អ្នកវិភាគ និង​មន្ត្រី​បក្ស​ភ្លើង​ទៀន ចាត់ទុក​ជា​រឿង​នយោបាយ ដែល​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​គណបក្ស​ភ្លើង​ទៀន​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស