អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនជាតិចិន ៤នាក់ និងខ្មែរម្នាក់ ដែលពួកគេបានពាក់ព័ន្ធជាមួយនឹងបណ្ដាញក្រុម Hacker នៅឯបរទេស ដោយធ្វើសកម្មភាពហែកចូលតេឡេក្រាមមនុស្សជាច្រើនដើម្បីឆបោកប្រាក់។
ការចុះបង្ក្រាបនេះ ធ្វើឡើងបន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋរងគ្រោះ ដែលត្រូវបានក្រុម Hacker ឆបោកប្រាក់នាពេលថ្មីៗនេះ។
បើតាមហ្វេសប៊ុក Phnom Penh Gendarmerie ចុះផ្សាយនាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ឲ្យដឹងថា កម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ក្នុងនោះមានជនជាតិខ្មែរម្នាក់ និងជនជាតិចិន ៤នាក់ ដែលពួកគេបានពាក់ព័ន្ធជាមួយនឹងបណ្ដាញក្រុម Hacker នៅឯបរទេស ដោយធ្វើសកម្មភាពហែកចូលតេឡេក្រាមមនុស្សជាច្រើន ដើម្បីឆបោកប្រាក់។
ប្រភពដដែលថា កម្លាំងអាវុធហត្ថបានធ្វើសកម្មភាពចុះបង្ក្រាបចាប់ពីចន្លោះថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ ជនជាតិចិន និងខ្មែរទាំង ៥នាក់ ក្នុងនោះឈ្មោះ YU YULONG ជនជាតិចិន ទទួលខុសត្រូវក្នុងការទំនាក់ទំនងជាមួយក្រុម Hacker នៅក្រៅប្រទេស និងឈ្មោះ មាស ស្រីចិន (ហៅស្រីពៅ) ជនជាតិខ្មែរ ប្រពន្ធរបស់ឈ្មោះ YU YULONG ទទួលខុសត្រូវបកប្រែឆាតពីខ្មែរទៅចិន និងពីចិនទៅខ្មែរ ទាំងអក្សរនិងសំឡេងឲ្យក្រុម Hacker។
ចំណែកឈ្មោះ HUANG ZHENG LIANG ជនជាតិចិន ទទួលខុសត្រូវខាងដកលុយចេញពីធនាគារ រកបណ្ដាញបន្ថែម និងពេលខ្លះទំនាក់ទំនងផ្ទាល់ជាមួយក្រុម Hacker ហើយឈ្មោះ ZHANG ZHAOCUN ជនជាតិចិន ទទួលខុសត្រូវខាងដកលុយចេញពីធនាគារ និងឈ្មោះ LI QUEQIN ទទួលខុសត្រូវតម្កល់ប្រាក់នៅធនាគារ ដើម្បីធានាប្រតិបត្តិការឲ្យក្រុម Hacker នៅក្រៅប្រទេស។
បើតាមអាវុធហត្ថរាជធានីភ្នំពេញដកស្រង់ចម្លើយសារភាពរបស់ឈ្មោះ YU YULONG និងប្រពន្ធឈ្មោះ មាស ស្រីចិន បានឲ្យដឹងថា ពួកគេស្គាល់ក្រុម Hacker តាមរយៈវីឆាត (WeChat) ប៉ុណ្ណោះ មិនដឹងថាពួកនោះនៅទីណាទេ គ្រាន់តែធ្លាប់ឮពួកវាប្រាប់ថារស់នៅប្រទេសថៃ ហើយពួកវាប្រាប់ថា អាចហែកតេឡេក្រាមបានតាមរយៈផ្ញើសារ ឬកម្មវិធីអ្វីមួយទៅបុគ្គលណាម្នាក់ ប្រសិនបើបុគ្គលនោះចូលមើល។
ការចូលមើលនេះ តាមជនសង្ស័យឈ្មោះ មាស ស្រីចិន ថានឹងធ្វើឲ្យពួកគេចូលទៅគ្រប់គ្រងកម្មវិធីទូរសព្ទ ឬឈានដល់គ្រប់គ្រងអាខោនធនាគារបាន និងម្យ៉ាងទៀត ប្រសិនបើអ្នកប្រើប្រាស់ ឬប្រជាពលរដ្ឋថតស្គែនលេខតេឡេក្រាម ៥ខ្ទង់ផ្ញើទៅឲ្យពួកគេនោះ ពួកគេក៏អាចគ្រប់គ្រង Telegram បានដូចគ្នាដែរ។
ប្រពន្ធឈ្មោះ YU YULONG បានឲ្យដឹងទៀតថា រាល់ប្រតិបត្តិការជោគជ័យទាំងអស់ ឈ្មោះ YU YULONG និងប្រពន្ធឈ្មោះ មាស ស្រីចិន ទទួលបាន ៧% ឈ្មោះ HUANG ZHENG LIANG ទទួលបាន ៤% ឈ្មោះ ZHANG ZHAOCUN ទទួលបាន ២% ឈ្មោះ LI QUEQIN ទទួលបាន ២% នៅសល់ទាំងប៉ុន្មាន គឺត្រូវផ្ញើទៅឲ្យក្រុម Hacker តាមរយៈធនាគារហ៊ុយវ័ង។
វិធានការរបស់អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើឡើងបន្ទាប់ពីថ្មីៗនេះមានករណីក្រុម Hacker បានហែកចូលតេឡេក្រាមប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ជាច្រើនករណី ដែលបង្កឲ្យមានជនរងគ្រោះមួយចំនួនត្រូវបានខាតបង់ប្រាក់រាប់ពាន់ម៉ឺនដុល្លារដោយសារតែការបោកបញ្ឆោត។ ជាក់ស្តែង កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ អាវុធហត្ថភ្នំពេញបានទទួលបណ្តឹងពីជនរងគ្រោះម្នាក់សុំប្តឹងពីជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ដែលបានហែកចូលតេឡេក្រាមរបស់ខ្លួន និងបានឆាតទៅបងប្អូនមិត្តភ័ក្ដិជាច្រើននាក់ដើម្បីខ្ចីប្រាក់ ព្រមទាំងឆាតទៅគំរាមទារប្រាក់អតិថិជនដែលជំពាក់ខ្លួនផងដែរ។
ជាមួយគ្នានេះដែរ អតិថិជនរបស់ខ្លួនម្នាក់ក៏ត្រូវបានគេហែកចូលតេឡេក្រាមរបស់ជនរងគ្រោះ ដែលដាក់បណ្ដឹងដូចគ្នាដែរ ហើយក៏បានឆាតមកខ្ចីប្រាក់ខ្លួនចំនួន ៦០០០០ដុល្លារ ក្នុងនោះខ្លួនបានវេរទៅឲ្យអស់ ១០០០០ដុល្លារ មុនពេលដឹងថាមានការចាញ់បោកក្រុម Hacker នោះ៕