26.3 C
Phnom Penh

អំពើ​ឆបោក​អនឡាញ​កំពុង​បំប្លែង​ខ្លួន​ទៅ​តាម​តំបន់​សេដ្ឋកិច្ច​ពិសេស រោងចក្រ សណ្ឋាគារ បុរី​ផ្ទះ​ជួល​និង​អគារ​កំពុង​សង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ដែល​រងគ្រោះ​ក្នុង​អំពើ​ឆបោក ទម្លាយ​ថា​អំពើ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា កំពុង​បំប្លែង​ខ្លួន​ទៅ​តាម​តំបន់​សេដ្ឋកិច្ច​ពិសេស តំបន់​រោងចក្រ បុរី ផ្ទះ​ជួល សណ្ឋាគារ និង​អគារ​កំពុង​សាងសង់ ជាដើម។

ការ​បំប្លែង​ខ្លួន​នេះ បន្ទាប់ពី​មាន​ការ​បង្ក្រាប​តាម​អគារ​ធំៗ និង​អគារ​ខ្ពស់ៗ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។

ជនរងគ្រោះ​ក្នុង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​២៧ មេសា ថា អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ត្រូវ​បាន​បង្ក្រាប​តែ​នៅ​តាម​អគារ​ខ្ពស់ៗ និង​អគារ​ធំៗ​ប៉ុណ្ណោះ ប៉ុន្តែ​អគារ​តូចៗ​នៅតែ​បន្ត​ដំណើរការ​ដដែល ហើយ​ក៏​កំពុង​ពង្រីក​ខ្លួន​កាន់តែ​ខ្លាំង​ដែរ ដូចជា​នៅ​តាម​តំបន់​សេដ្ឋកិច្ច​ពិសេស តំបន់​រោងចក្រ សណ្ឋាគារ និង​អគារ​កំពុង​សាងសង់។

ប្រភព​ដដែល ទម្លាយ​ថា សណ្ឋាគារ​ដែល​បង្កប់​អំពើ​ឆបោក​ទាំងនេះ មាន​ដូចជា សណ្ឋាគារ ណានហៃ អន្តរជាតិ សណ្ឋាគារ ស៊ីហ៊ូ រីសត ក្នុង​ក្រុង​ព្រះសីហនុ និង​សណ្ឋាគារ ហ្វូចូ ជាដើម ដែល​សុទ្ធសឹងតែ​ជា​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ។ ចំណែក​តាម​តំបន់​រោងចក្រ ត្រូវ​បាន​គេ​បង្កប់​អំពើ​ឆបោក​តាម​អនឡាញ​ក្រោម​ស្លាក​វិនិយោគ ក្នុង​នោះ ពួកគេ​ប្រើ​ពីរ ឬ​បី​ជាន់​នៃ​អគារ​រោងចក្រ​ទាំងនោះ ដែល​រោងចក្រ​ខ្លះ​មាន​ចាប់ពី ៥​ជាន់​ឡើង​ទៅ ប៉ុន្តែ​ជាន់​នៃ​អគារ​ដែល​ពួកគេ​បាន​បង្កប់​អំពើ​ឆបោក​នោះ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បុគ្គលិក​រោងចក្រ​ចេញ​ចូល ឬ​ធ្វើ​ដំណើរ​តាម​ជណ្តើរ​ទៅ​ដល់​ឡើយ។

ជាង​នេះ​ទៀត អគារ​តាម​តំបន់​សេដ្ឋកិច្ច​ពិសេស ក៏​ត្រូវ​បាន​ពួកគេ​បង្កប់​អំពើ​ឆបោក​ដែរ គឺ​ពួកគេ​បង្កប់​តាម​អគារ​ដែល​កំពុង​សាងសង់ ខណៈ​អគារ​ទាំងនោះ​ត្រូវ​បាន​អូស​បន្លាយ​ពេល​សាងសង់​អគារ​ជាច្រើន​ឆ្នាំ ដែល​មាន​ន័យ​ថា បើ​មើល​ពី​សម្បក​ខាងក្រៅ ហាក់ដូចជា​ការ​សាងសង់​នេះ​កំពុង​ជាប់​គាំង ឬ​ជា​អគារ​ដែល​កំពុង​សាងសង់​ដ៏​យឺតយ៉ាវ ជាដើម។

ដោយឡែក​ក្រុម​ឧក្រិដ្ឋជន​បាន​ផ្លាស់ប្ដូរ​ទីតាំង​នាំគ្នា​ទៅ​រស់នៅ​តាម​បុរី និង​ផ្ទះ​ជួល ក្រោម​ការ​សហការ​រវាង​ម្ចាស់​បុរី និង​អាជ្ញាធរ ហើយ​រាល់​ពេល​មាន​ការ​បង្ក្រាប សមត្ថកិច្ច​តែង​ផ្តល់​ដំណឹង​ដល់​ម្ចាស់​បុរី​ទាំងនោះ ដើម្បី​ជម្លៀស​ក្រុម​ឧក្រិដ្ឋជន​ទាំងអស់​ទៅ​ទីតាំង​ផ្សេង។

ប្រភព​ដដែល បញ្ជាក់​ថា នេះ​គឺជា​យុទ្ធសាស្ត្រ​ថ្មី​ដែល​ក្រុម​ឧក្រិដ្ឋជន​កំពុង​ផ្លាស់ប្ដូរ​ទីតាំង​បោកប្រាស់​ដើម្បី​គេច​ចេញពី​ការ​បង្ក្រាប ខណៈ​ការ​ឆបោក​នៅតែ​ដំណើរការ​ដដែល ដោយ​គ្រាន់តែ​ផ្លាស់ប្ដូរ​ទីតាំង​ប៉ុណ្ណោះ។

ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស OFAC របស់​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក បាន​ដាក់​ទណ្ឌកម្ម​លើ​សមាជិក​ព្រឹទ្ធសភា​កម្ពុជា លោក កុក អាន ព្រមទាំង​បុគ្គល និង​ស្ថាប័ន​ពាក់ព័ន្ធ​សរុប​ចំនួន ២៨​នាក់ ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​កាលពី​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៦ កន្លង​ទៅ​នេះ។

សហរដ្ឋ​អាមេរិក អះអាង​ថា លោក កុក អាន និង​សហការី​របស់​គាត់ បាន​ដំណើរការ និង​ទទួល​ផល​ចំណេញ​ពី​ទីតាំង​ឆបោក ដែល​មាន​គោលដៅ​លើ​ពលរដ្ឋ​អាមេរិកាំង ហើយ​ជា​ញឹកញាប់ បាន​ប្រើប្រាស់​ជនរងគ្រោះ​ពី​ការ​ជួញដូរ​មនុស្ស​ដែល​ត្រូវ​បង្ខំ​ឱ្យ​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់ ក្រោម​ការ​គំរាមកំហែង​នៃ​អំពើ​ហិង្សា។

ជុំវិញ​បញ្ហា​នេះ អង្គការ Humanity Research Consultancy បាន​បង្ហាញ​របាយការណ៍​ស៊ើបអង្កេត​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា មាន​មនុស្ស​យ៉ាងតិច ២៨​នាក់​ដែល​ជា​មេខ្លោង​នៃ​ក្រុម​ឧក្រិដ្ឋកម្ម​អនឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ក្នុង​នោះ​ក៏​មាន​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល និង​មនុស្ស​ជំនិត​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន រួម​ទាំង​សមាជិក​គ្រួសារ​ត្រកូល​ហ៊ុន​ផង​ដែរ ក្រៅពី​សេដ្ឋី​បរទេស​ជាច្រើន​នាក់​ដែល​មាន​ក្នុង​បញ្ជី​ទណ្ឌកម្ម​នោះ។

មនុស្ស​ទាំងនោះ រួម​មាន៖

  • រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង
  • អគ្គស្នងការរង​នគរបាល​ជាតិ និង​ជា​អគ្គនាយក​នៃ​នាយកដ្ឋាន​សន្តិសុខ​កណ្ដាល និង​ជា​កូនប្រសា​របស់​លោក ហ៊ុន សែន គឺ​លោក ឌី វិជ្ជា
  • មេបញ្ជាការ​កង​អង្គរក្ស លោក ហ៊ីង ប៊ុនហៀង
  • អភិបាល​ខេត្ត​កណ្តាល លោក គួច ចំរើន
  • អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ឡុង ឌីម៉ង់
  • ឧកញ៉ា លី យ៉ុងផាត់
  • ក្មួយ​ប្រសា​របស់​លោក ហ៊ុន សែន គឺ​លោក នេត សាវឿន
  • រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា
  • ទីប្រឹក្សា​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន គឺ​ឧកញ៉ា ទ្រី ភាព
  • ហើយ​ចុងក្រោយ​គឺ​សមាជិក​គ្រួសារ​ត្រកូល​ហ៊ុន​តែម្តង គឺ​ឧកញ៉ា ហ៊ុន តូ ដែល​ជា​នាយក​ក្រុមហ៊ុន ហួយវ័ន្ត ផេ (Huione Pay), ធនាគារ ផេនដា (Panda Bank) និង​ធនាគារ Heng He សព្វថ្ងៃ​នេះ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្រុមហ៊ុន​វិភាគ​កាក់​ឌីជីថល Elliptic ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស បាន​លាតត្រដាង​កាលពី​ពេល​កន្លង​ទៅ​ថា លោក ហ៊ុន តូ គឺជា​ម្ចាស់​អាជីវកម្ម​ក្រុមហ៊ុន​បោកប្រាស់​តាម​បណ្ដាញ​អ៊ីនធឺណិត​ខ្មៅ​ដ៏​ធំ​មួយ​ឈ្មោះ ក្រុមហ៊ុន ហួយ អាដេ គ្រុប (Huioun AD Group) ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុម​បោកប្រាស់​អន្តរជាតិ​ឈ្មោះ ហួយ ហ្គែរិនធី (Huioun Guarantee)។

ប្រភព​ដដែល បញ្ជាក់​ថា ក្រុមហ៊ុន​របស់​លោក ហ៊ុន តូ បាន​ធ្វើការ​បោកប្រាស់​តាម​អនឡាញ ដូចជា ការ​បោក​បញ្ឆោត​ក្នុង​ទំនាក់ទំនង​ស្នេហា​ផ្លូវភេទ ការ​បោកប្រាស់​ក្នុង​គម្រោង​វិនិយោគ ការ​លាង​លុយ​កខ្វក់​ដែល​បោកប្រាស់​បាន​ពី​ជនរងគ្រោះ និង​ការ​ចាប់​ជំរិត ជាដើម។

ប្រភព​ពី​មនុស្ស​ដែល​ជិតស្និទ្ធ​នឹង​ឧកញ៉ា ហ៊ុន តូ មួយ​រូប​បាន​ទម្លាយ​ថា ក្មួយប្រុស​លោក ហ៊ុន សែន រូប​នេះ​កំពុង​សាងសង់​ទីតាំង​វាយ​កូនហ្គោល (Golf) នៅ​តំបន់​បឹងតាមោក ក្នុង​តម្លៃ ២៥០​លាន​ដុល្លារ​លើ​ផ្ទៃដី ៤០​ហិកតា។

ជាង​នេះ​ទៀត ក៏​កំពុង​ទិញ​ដី​ពង្រីក​បន្ថែម​ជិត ២០​ហិកតា (១៩​ហិកតា) ទៀត​ដែរ ក្នុង​តម្លៃ​ជិត ៤០​លាន​ដុល្លារ​អាមេរិក (៣៦​លាន​ដុល្លារ) ពី​លោកស្រី​ឧកញ៉ា អ៊ាន អាឡែន។

ប្រភព​ដែល​និយាយ​ថា ឧកញ៉ា ហ៊ុន តូ បាន​កាត់​គាស់​រំលើង​ថ្ម​ពី​ភ្នំ​តាកែន ដែល​ស្ថិត​ក្នុង​ភូមិ​បេង ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ យក​មក​ធ្វើ​ជា​របង​ដី​របស់​គាត់​ថែម​ទៀត​ផង៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស