31.5 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​ឧកញ៉ា កុក អាន ជា​សញ្ញា​អាសន្ន​ដល់​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ការ​សម្រេច​ចិត្ត​របស់​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក ក្នុង​ការ​បង្កក​ទ្រព្យសម្បត្តិ​សមាជិក​ព្រឹទ្ធសភា​កម្ពុជា លោក កុក អាន និង​បណ្ដាញ​ជំនួញ​របស់​គាត់ គឺជា​សញ្ញា​ប្រកាស​អាសន្ន​មួយ​ដែល​ប្រាប់​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ផុយ​ស្រួយ និង​ប្រឈម​បំផុត​ក្នុង​ពេលនេះ។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៤ មេសា ថា បើ​ពិនិត្យ​ទៅ​លើ​ភាព​ស្មុគស្មាញ និង​ទំហំ​នៃ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ដែល​បាន​ចាក់ឫស​យ៉ាង​ជ្រៅ ដូចជា​ករណី​លោក កុក អាន ដែល​ជា​សមាជិក​ព្រឹទ្ធសភា និង​ក្រុមហ៊ុន​សន្តិសុខ​ផ្ទាល់ខ្លួន ដូចជា អានកូ ប្រាឌ័រ ជាដើម បង្ហាញ​ថា​ការ​លុបបំបាត់​ឧក្រិដ្ឋកម្ម​ឆបោក​នៅ​កម្ពុជា​ឱ្យ​អស់​ត្រឹម​ដំណាច់​ខែ​មេសា នេះ ហាក់ដូចជា​ពិបាក​នឹង​ទៅ​រួច​បំផុត។

លោក សេង វណ្ណលី លើកឡើង​ថា សព្វថ្ងៃ បណ្ដាញ​ទាំងនេះ​មិនមែន​ត្រឹមតែ​ជា​ទីតាំង​ដាច់ដោយឡែក​ទេ ប៉ុន្តែ​វា​គឺជា «អាណាចក្រ​ឆបោក» ដែល​មាន​រចនាសម្ព័ន្ធ​ធំធេង​គ្របដណ្ដប់​ទាំង​លើ​វិស័យ​អចលនទ្រព្យ ធនាគារ និង​សណ្ឋាគារ ដូចជា​ករណី​សណ្ឋាគារ ស៊ីហ៊ូ រីសត និង​ធនាគារ ហេង ហ្វេង ជាដើម ដែល​តម្រូវ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​យ៉ាង​ស៊ីជម្រៅ និង​ប្រើ​ពេលវេលា​យូរ​ដើម្បី​កម្ទេច​ឱ្យ​អស់​ដល់​ឫសគល់​នោះ។

លោក​អះអាង​ថា ទោះបីជា​នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន ម៉ាណែត បង្ហាញ​ពី​ការ​តាំងចិត្ត​បោសសម្អាត​ឧក្រិដ្ឋកម្ម​ទាំងនេះ​យ៉ាងណាក៏ដោយ ក៏​ការ​បង្ក្រាប​កន្លងមក​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ដែល​ជា​ឧបសគ្គ​ធំ​បំផុត គឺ​នៅតែ​មិន​អាច​លុបបំបាត់ «អំណាច​នៃ​និទណ្ឌភាព» របស់​ក្រុម​ឧកញ៉ា និង​មន្ត្រី​មាន​ឥទ្ធិពល​ដែល​នៅ​ពីក្រោយ​ខ្នង​នៃ​អាជីវកម្ម​ខុស​ច្បាប់​ទាំងនេះ។

អ្នក​ឃ្លាំមើល​រូប​នេះ​បញ្ជាក់​ថា ការ​ដែល​អាមេរិក​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​លើ​បុគ្គល​រហូត​ដល់ ២៨​នាក់ និង​អង្គភាព​ពាក់ព័ន្ធ​ជាច្រើន​ទៀត​កាលពី​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៦ នេះ គឺជា​សក្ខីភាព​ដែល​បញ្ជាក់​ថា ឧក្រិដ្ឋកម្ម​នេះ​បាន​រីក​រាលដាល​ខ្លាំង​ហួស​ពី​លទ្ធភាព​នៃ​ការ​បង្ក្រាប​ត្រឹម​រយៈពេល​ខ្លី ជាពិសេស​រយៈពេល​ដែល​នៅ​សល់​ក្នុង​ខែ​មេសា នេះ ដែល​កម្ពុជា​បាន​ដាក់​កំណត់​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​សមាជិក​ព្រឹទ្ធសភា​កម្ពុជា ព្រមទាំង​បុគ្គល និង​ស្ថាប័ន​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​កាលពី​ថ្ងៃទី​២៣ មេសា។

ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស (OFAC) របស់​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក បាន​ដាក់​ទណ្ឌកម្ម​លើ​សមាជិក​ព្រឹទ្ធសភា​កម្ពុជា លោក កុក អាន ព្រមទាំង​បុគ្គល និង​ស្ថាប័ន​ពាក់ព័ន្ធ​សរុប​ចំនួន ២៨​នាក់​កាលពី​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៦ នេះ។

ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក អះអាង​ថា លោក កុក អាន និង​សហការី​របស់​គាត់ បាន​ដំណើរការ និង​ទទួលផល​ចំណេញ​ពី​ទីតាំង​ឆបោក​ដែល​មាន​គោលដៅ​លើ​ពលរដ្ឋ​អាមេរិក ហើយ​ជា​ញឹកញាប់ បាន​ប្រើប្រាស់​ជនរងគ្រោះ​ពី​ការ​ជួញដូរ​មនុស្ស ដែល​ត្រូវ​បង្ខំ​ឱ្យ​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​ក្រោម​ការ​គំរាមកំហែង​នៃ​អំពើ​ហិង្សា។

OFAC បញ្ជាក់​ថា ក្រុម​ឆបោក​បាន​ប្រើប្រាស់​អន្ទាក់​នៃ​ការ​លួងលោម​ក្រោម​រូបភាព​នៃ​ទំនាក់ទំនង​មិត្តភាព ឬ​ស្នេហា ដោយ​ពួកគេ​ព្យាយាម​បញ្ចុះបញ្ចូល​ពលរដ្ឋ​អាមេរិក​ដែល​ងាយ​រងគ្រោះ ឱ្យ​ផ្ទេរ​ប្រាក់​សន្សំ​ទៅ​ឱ្យ​ពួកគេ​ក្នុង​ទម្រង់​ជា​ទ្រព្យសម្បត្តិ​ឌីជីថល ដោយ​ពួកគេ​សន្យា​ថា​នឹង​មាន​ឱកាស​វិនិយោគ រួម​ទាំង​ទទួល​បាន​ប្រាក់ចំណេញ​ខ្ពស់ ប៉ុន្តែ​នេះ​គឺជា​ល្បិច​ដើម្បី​ល្បួង​យក​ប្រាក់​ជនរងគ្រោះ​ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រោយពី​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​២៣ ខែ​មេសា នេះ ដោយ​ចេញ​បញ្ជា​ឱ្យ​សមត្ថកិច្ច និង​កងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់ បន្ត​ការ​បង្ក្រាប​បទល្មើស Scam Online មិន​បង្អង់​ដៃ​ឡើយ។

លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា កម្ពុជា​មាន​ច្បាប់​បង្ក្រាប​ឧក្រិដ្ឋកម្ម​អនឡាញ​ហើយ ដូច្នេះ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវតែ​អនុវត្ត​ឱ្យ​បាន​ម៉ត់ចត់ និង​ឱ្យ​មាន​ប្រសិទ្ធភាព​ដោយ​មិន​បន្ធូរ​ដៃ និង​ដោយ​គ្មាន​ការ​លើកលែង​ដាច់ខាត។

ជុំវិញ​បញ្ហា​នេះ អង្គការ Humanity Research Consultancy បាន​បង្ហាញ​របាយការណ៍​ស៊ើបអង្កេត​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា​មាន​មនុស្ស​យ៉ាងតិច ២៨​នាក់ ដែល​ជា​មេខ្លោង​នៃ​ក្រុម​ឧក្រិដ្ឋកម្ម​អនឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា រួម​មាន៖

  1. សហ​នាយក​សណ្ឋាគារ​អន្តរជាតិ​ណានហៃ ឈ្មោះ អ៊ិក ប៉ោន
  2. ប្រធាន​ក្រុមហ៊ុន ហេង ហឺ ឈ្មោះ ចេន អាលឡេន
  3. នាយិកា​ក្រុមហ៊ុន Amiga Entertainment (Isle of Man) និង​ជា​នាយិកា​ក្រុមហ៊ុន Prince Real Estate របស់​តៃវ៉ាន់ ឈ្មោះ ចិន ស៊ីវលីង
  4. ប្រធាន​ក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group Holdings) និង​ជា​ទីប្រឹក្សា​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​ប្រទេស​ចិន កាលពី​ពេល​ថ្មីៗ​នេះ ឈ្មោះ ចេន ហ្ស៊ី
  5. រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង
  6. នាយក​ក្រុមហ៊ុន Golden Sun Sky Entertainment Co., Ltd ឈ្មោះ ដុង លេឆេង
  7. អគ្គស្នងការរង​នគរបាល​ជាតិ និង​ជា​អគ្គនាយក​នៃ​នាយកដ្ឋាន​សន្តិសុខ​កណ្ដាល និង​ជា​កូនប្រសា​របស់​លោក ហ៊ុន សែន គឺ​លោក ឌី វិជ្ជា
  8. នាយក​ប្រតិបត្តិ (CEO) នៃ​ក្រុមហ៊ុន Prince Real Estate Group ឈ្មោះ អ៊ែដវឺដ លី
  9. ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​ក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) ឈ្មោះ ហ្គាប្រ៊ីយ៉ែល តាន់
  10. មេបញ្ជាការ​កង​អង្គរក្ស​ដែល​ត្រូវ​បាន​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក ដាក់​ទណ្ឌកម្ម​កាលពី​ឆ្នាំ​២០១៨ លោក ហ៊ីង ប៊ុនហៀង
  11. នាយក​ក្រុមហ៊ុន ហួយវ័ន្ត ផេ (Huione Pay), ធនាគារ ផេនដា (Panda Bank) និង​ធនាគារ Heng He ដែល​ត្រូវ​ជា​បងប្អូន​ជីដូនមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត គឺ​ឧកញ៉ា ហ៊ុន តូ
  12. នាយក​ប្រតិបត្តិ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) និង​ជា​ប្រធាន​កាស៊ីណូ Golden Fortune លោក អ៊ឹង ដារ៉ា
  13. សមាជិក​ព្រឹទ្ធសភា និង​ជា​ម្ចាស់​កាស៊ីណូ Crown ឧកញ៉ា កុក អាន
  14. អភិបាល​ខេត្ត​កណ្តាល និង​ជា​អតីត​អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន
  15. នាយក​ក្រុមហ៊ុន ហួយវ័ន្ត (Huione) ឈ្មោះ លី ស៊ុង
  16. អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ឡុង ឌីម៉ង់
  17. សមាជិក​ព្រឹទ្ធសភា និង​ជា​សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បាន​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក ដាក់​ទណ្ឌកម្ម​កាលពី​ឆ្នាំ​២០២៤ ឧកញ៉ា លី យ៉ុងផាត់
  18. ឧបនាយករដ្ឋមន្ត្រី និង​ជា​ក្មួយ​ប្រសា​របស់​លោក ហ៊ុន សែន លោក នេត សាវឿន
  19. ប្រធាន​ក្រុមហ៊ុន K99 Group លោក រីទ្ធី រស្មី
  20. លោក រីទ្ធី សំណាង ដែល​បាន​ទទួល​មរណភាព
  21. សហ​នាយក​សណ្ឋាគារ​អន្តរជាតិ ណានហៃ អ្នកស្រី សាយ អ៊ុងលីន
  22. ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា
  23. នាយក​ធនាគារ​ពាណិជ្ជ ឈ្មោះ ស៊ូ ចុងជៀន
  24. នាយក​ក្រុមហ៊ុន MDS Heng He និង​ជា​ទីប្រឹក្សា​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក ដាក់​ទណ្ឌកម្ម​កាលពី​ឆ្នាំ​២០១៩ គឺ​ឧកញ៉ា ទ្រី ភាព
  25. នាយក​ក្រុមហ៊ុន Huione Insurance លោក យ៉ាន បូរិទ្ធ
  26. នាយក​ក្រុមហ៊ុន Huione Life Insurance និង Heng He លោក យ៉ាន ណារ៉ុង
  27. នាយក​ក្រុមហ៊ុន Huione Pay លោក យ៉ាន សត្យា
  28. សហ​ម្ចាស់​សណ្ឋាគារ និង​កាស៊ីណូ KB ឈ្មោះ ស៊ូ អាយមីន

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ រហូត​ដល់​ម៉ោង​ផ្សាយ​នេះ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស