31 C
Phnom Penh

ពួក​បស្ចិម​ប្រទេស​ថា​រុស្ស៊ី​កំពុង​ធ្លាក់​ក្នុង​ការ​បែកបាក់​ជុំវិញ​យុទ្ធសាស្ត្រ​សង្គ្រាម​របស់​លោក ពូទីន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អំពើ​ចលាចល​យោធា​រយៈពេល ២៤​ម៉ោង​កាលពី​ថ្ងៃ​សៅរ៍ ទី​២៥ ខែ​មិថុនា ដែល​ក្រុម​ទាហាន​ស៊ីឈ្នួល Wagner បង្ក​នៅ​ក្នុង​ទឹកដី​រុស្ស៊ី បាន​នាំ​ទៅ​រក​ការ​បញ្ចេញមតិ​របស់​ក្រុម​បស្ចិម​ប្រទេស និង​អ្នក​សង្កេតការណ៍​ដែល​ថា យុទ្ធសាស្ត្រ​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន របស់​លោក ពូទីន ដើរ​ដល់​ចំណុច​ធាក់​ថយក្រោយ​វិញ​ហើយ ព្រោះតែ​អស់​លទ្ធភាព​វាយ​កាន់កាប់​ទឹកដី​អ៊ុយក្រែន។

កាលពី​ថ្ងៃទី​២៥ មិថុនា ពិភពលោក​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ចំពោះ​ក្រុម​ទាហាន​ស៊ីឈ្នួល​ឱ្យ​រុស្ស៊ី ហៅ​ថា Wagner group ដែល​បាន​លើក​ទ័ព​ជាង ២​ម៉ឺន ៥​ពាន់​នាក់​ចូល​ក្នុង​ប្រទេស​រុស្ស៊ី ដោយ​បើក​ការ​វាយប្រហារ​ជាមួយ​ទ័ព​រុស្ស៊ី នៅ​ក្នុង​ទីក្រុង​ចំនួន​ពីរ​នៅ​ក្បែរ​ព្រំដែន​ប្រទេស​អ៊ុយក្រែន។

តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Reuters ឱ្យ​ដឹង​ថា ការ​ប៉ះទង្គិច​គ្នា​នោះ​បណ្ដាល​ឱ្យ​កងទ័ព​ទាំង​សងខាង​រង​របួស ហើយ​ឧទ្ធម្ភាគចក្រ ៣​គ្រឿង​របស់​រុស្ស៊ី​ដែល​វាយប្រហារ​លើ​ក្រុម Wagner ត្រូវ​បាន​បាញ់​ទម្លាក់។

យ៉ាងណា​ក៏ដោយ ដើមចម​ដែល​នាំ​ឱ្យ​ក្រុម Wagner លើក​ទ័ព​សំដៅ​ទៅ​រដ្ឋធានី​មូស្គូ ដោយសារតែ​ក្រុម​នេះ​ទៅ​តវ៉ា​ព្រោះតែ​មេទ័ព​របស់​រុស្ស៊ី ប្រមាថ​មើលងាយ ហើយ​ជាពិសេស​គ្រាប់​មីស៊ីល​មួយ​គ្រាប់​ដែល​បាន​ធ្លាក់​ចូល​ក្នុង​មូលដ្ឋាន​ទ័ព Wagner ដោយ​បាន​បាញ់​ចេញពី​ខាង​ក្នុង​ទឹកដី​រុស្ស៊ី។

ប្រធាន​ក្រុម​ទាហាន​ស៊ីឈ្នួល Wagner លោក Yevgeny Prigozhin ប្រកាស​ថ្កោលទោស​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ហើយ​សម្រេច​បែក​ផ្លូវ​គ្នា​ជាមួយ​នឹង​ការ​ដាក់​សម្ពាធ​ឱ្យ​លោក ពូទីន ដកហូត​តំណែង​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក Sergei Shoigu និង​អគ្គសេនាធិការ​កងទ័ព​ឧត្តមសេនីយ៍ Valery Gerasimov។

ចលាចល​កងទ័ព​ដែល​បង្ក​ឡើង​ដោយ​ក្រុម Wagner ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ក្រុង​មូស្គូ ហៅ​ថា​ជា​សកម្មភាព​ទៅ​រក​ការ​ធ្វើ​រដ្ឋប្រហារ​ក្រោយពី​ក្រុម Wagner បង្វែរ​គោលដៅ​ទៅ​រក​ក្រុង​មូស្គូ ស្រប​ពេល​ដែល​លោក​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បាន​ប្រកាស​ថ្កោលទោស ហើយ​ចោទ​លោក Yevgeny Prigozhin ថា​ជា​ជន​ក្បត់​ជាតិ ដោយ​បញ្ជា​ឱ្យ​កងទ័ព​ជាតិ​តាម​ចាប់​ខ្លួន​មេទ័ព​ក្រុម Wagner យក​មក​កាត់ទោស។

ភ្លាមៗ​ក្រោយពី​លោក ពូទីន ចេញ​បញ្ជា​ឱ្យ​ចាប់​ខ្លួន លោក Prigozhin ប្រកាស​ថា​រុស្ស៊ី​ត្រូវការ​ប្រធានាធិបតី​ថ្មី។ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្រុង​មូស្គូ បាន​ហៅ​ការ​រុល​សំដៅ​ទៅ​ក្រុង​មូស្គូ របស់​ទ័ព Wagner ថា​ជា​រដ្ឋប្រហារ។

តែ​ចលនា​របស់​ទ័ព​ក្រុម Wagner ដែល​សំដៅ​ទៅ​ក្រុង​មូស្គូ បាន​វិលត្រឡប់​ទៅ​ជំរំ​វិញ​ក្រោយពី​លោក ពូទីន ទទួល​យក​ការ​សម្របសម្រួល​ពី​ប្រធានាធិបតី​នៃ​ប្រទេស​បេឡារូស ហើយ​សម្រេច​ដក​បទបញ្ជា​ចាប់​ខ្លួន​លោក Prigozhin ជាមួយ​នឹង​ការ​ទុក​ជា​មោឃៈ​ការ​ចោទ​លោក Prigozhin ថា​ជន​ក្បត់​ជាតិ។ ស្រប​ពេល​នោះ លោក Prigozhin ក៏​ទទួលយក​ការ​និរទេស​ខ្លួន​ទៅ​នៅ​ប្រទេស​បេឡារូស។

តែ​យ៉ាងណា​នេះ​ក្ដី អ្នក​សង្កេតការណ៍ និង​ក្រុម​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រុម​បស្ចិម​ប្រទេស បាន​ហៅ​ស្ថានភាព​នៅ​រុស្ស៊ី ថា​កំពុង​ធ្លាក់​ក្នុង​ការ​បែកបាក់​ជុំវិញ​យុទ្ធសាស្ត្រ​របស់​លោក ពូទីន ធ្វើ​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។

ផ្ដើម​មុនគេ​ដោយ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken បាន​និយាយ​ថា ការ​បះបោរ​របស់​ក្រុម​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី Wagner ប្រឆាំង​នឹង​វិមាន​ក្រឹមឡាំង បាន​បង្ហាញ​ពី «ស្នាម​ប្រេះ» នៅ​ក្នុង​អំណាច​ដឹកនាំ​របស់​លោក​ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បើ​ទោះជា​ការ​បះបោរ​នេះ​ត្រូវ​បញ្ឈប់​ទៅវិញ​នៅ​កណ្ដាល​ទី​ក៏ដោយ។

លោក Blinken ធ្វើការ​កត់សម្គាល់​បែប​នេះ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​កម្មវិធី Face the Nation របស់​ទូរទស្សន៍​អាមេរិក CBS កាលពី​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​មិថុនា និង​បន្ទាប់ពី​ការ​បះបោរ​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី ដឹកនាំ​ដោយ​ថៅកែ​ទាហាន​ស៊ីឈ្នួល Wagner លោក Prigozhin បាន​បញ្ឈប់​ទៅវិញ​ក្រោម​ការ​សម្របសម្រួល​ពី​ប្រធានាធិបតី​បេឡារូស។

នៅ​ក្នុង​បទសម្ភាសន៍​នោះ លោក Blinken បាន​សង្កត់​ធ្ងន់​ថា ការ​បះបោរ​របស់​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី គឺជា​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​ដល់​អំណាច​ដឹកនាំ​របស់​លោក ពូទីន ដែល​នេះ​បាន​បង្ក​ឱ្យ​មាន​ភាព​មិន​ច្បាស់លាស់ និង​បង្ហាញ​ពី​ស្នាម​ប្រេះ​យ៉ាង​ពិតប្រាកដ​នៅ​ក្នុង​អំណាច​ដឹកនាំ​របស់​លោក ពូទីន។

ជាមួយ​គ្នា​នេះ អគ្គលេខាធិការ​អង្គការ​ណាតូ លោក Jens Stoltenberg បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា សកម្មភាព​បះបោរ​ប្រដាប់​អាវុធ​ដែល​ក្រោយ​មក​ត្រូវ​បោះបង់​ចោល​វិញ​របស់​ក្រុម​ទាហាន​ស៊ីឈ្នួល Wagner នៅ​ប្រទេស​រុស្ស៊ី បង្ហាញ​ថា ទីក្រុង​មូស្គូ​បាន​ប្រព្រឹត្ត​កំហុស​ឆ្គង​ផ្នែក​យុទ្ធសាស្ត្រ​ដ៏​ធំ​មួយ​តាមរយៈ​ការ​សម្រេច​ចិត្ត​បង្ក​សង្គ្រាម​នៅ​អ៊ុយក្រែន។

ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​អំឡុង​ទស្សនកិច្ច​ប្រទេស​លីទុយអានី លោក​ប្រមុខ​អង្គការ​ណាតូ បាន​លើកឡើង​ថា៖ ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​កាលពី​ថ្ងៃ​សៅរ៍ គឺជា​បញ្ហា​ផ្ទៃក្នុង​របស់​ប្រទេស​រុស្ស៊ី ហើយ​ជា​ការ​ស្តែង​ឱ្យ​ឃើញ​ជា​ថ្មី​មួយ​ទៀត​អំពី​កំហុស​ផ្នែក​យុទ្ធសាស្ត្រ​ដ៏​ធំ ដែល​លោក ពូទីន បាន​ប្រព្រឹត្ត​តាមរយៈ​ការ​ក្រសោប​យក​តំបន់​ឧបទ្វីប​គ្រីមៀរ ដោយ​ខុស​ច្បាប់ និង​ការ​បង្ក​សង្គ្រាម​ឈ្លានពាន​ប្រឆាំង​លើ​អ៊ុយក្រែន

ជុំវិញ​ការ​បះបោរ​ផ្នែក​យោធា​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ប្រធាន​គោល​នយោបាយ​ការបរទេស​របស់​សហភាព​អឺរ៉ុប លោក Josep Borrell បាន​និយាយ​ថា ការ​បះបោរ​ដោយ​ក្រុម​ទាហាន​ស៊ីឈ្នួល Wagner នៅ​ក្នុង​ប្រទេស​រុស្ស៊ី បាន​បង្ហាញ​ពី​ភាព​ប្រេះឆា​ក្នុង​អំណាច​យោធា​របស់​ទីក្រុង​មូស្គូ ដែល​អាច​បណ្តាល​មកពី​សង្គ្រាម​លើ​ប្រទេស​អ៊ុយក្រែន។

លោក Borrell បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ដូចនេះ​នៅ​ក្នុង​ប្រទេស​លុចហ្សំបួរ មុន​ពេល​លោក​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប។

លោក​បាន​បញ្ជាក់​ថា៖ ប្រព័ន្ធ​នយោបាយ​រុស្ស៊ី កំពុង​បង្ហាញ​ពី​ភាព​ផុយ​ស្រួយ ហើយ​អំណាច​យោធា​កំពុង​ប្រេះឆា ហើយ​ថា​លោក ពូទីន ដែល​ជា​អ្នក​បង្កើត​ក្រុម Wagner ឥឡូវ​ក្រុម​នេះ​កំពុង​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​អ្នក​ដែល​បាន​បង្កើត​ពួកគេ

លោក​ប្រមុខ​កិច្ចការ​បរទេស​សហភាព​អឺរ៉ុប បាន​បន្ថែម​ថា៖ វា​មិនមែន​ជា​រឿង​ល្អ​ទេ​ដែល​មហាអំណាច​នុយក្លេអ៊ែរ​មួយ​នេះ​កំពុង​ឈាន​ចូល​ទៅ​ក្នុង​ដំណាក់កាល​នៃ​អស្ថិរភាព​នយោបាយ

លោក ពូទីន មិន​ត្រឹមតែ​អាម៉ាស់​មុខ​នៅ​ឆាក​អន្តរជាតិ​ករណី​ការ​បះបោរ​របស់​ក្រុម​ទាហាន​ស៊ីឈ្នួល Wagner នោះ​ទេ លោក​អាច​ប្រឈម​នឹង​រលក​រិះគន់​តវ៉ា​ក្នុង​ប្រទេស​រុស្ស៊ី​ថែម​ទៀត បើ​សង្គ្រាម​លើ​ទឹកដី​អ៊ុយក្រែន​កាន់តែ​អូស​បន្លាយ ហើយ​រុស្ស៊ី​ពុំ​មាន​លទ្ធភាព​ឈ្នះ​សង្គ្រាម​ផង​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស