25 C
Phnom Penh

ក្រុម​កូដករ​ណាហ្គា​បន្ត​ចេញ​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ និង​ដោះស្រាយ​វិវាទ​ការងារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ប្រមាណ​ជា ២០​នាក់ បន្ត​ចេញ​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ចេញ​មុខ​ដោះស្រាយ​វិវាទ ដើម្បី​ឲ្យ​ពួកគេ​បាន​ចូល​ធ្វើ​ការងារ​វិញ និង​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​មេដឹកនាំ​សហជីព កញ្ញា ឈឹម ស៊ីថរ ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ទាំង​អយុត្តិធម៌​សព្វថ្ងៃ​នេះ​ផង​ដែរ។

ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដែល​នៅ​តស៊ូ​ដើម្បី​រក​យុត្តិធម៌ នាំគ្នា​ចេញ​ធ្វើ​កូដកម្ម​អហិង្សា​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​២ ដែល​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ​ជា​ថ្មី​ទៀត ដោយ​លើក​បដា​មាន​រូប​កញ្ញា ឈឹម ស៊ីថរ ជាដើម ឈរ​បង្ហាញ​ការ​ទាមទារ​ទៅ​កាន់​ថៅកែ​ក្រុមហ៊ុន​ឱ្យ​ចេញ​មុខ​ដោះស្រាយ​វិវាទ​ការងារ ដើម្បី​បញ្ចប់​បញ្ហា​នេះ ជាជាង​ទុក​បណ្តែតបណ្តោយ​ឱ្យ​នៅ​រ៉ាំរ៉ៃ​បន្ត​ទៀត។

ការ​ចេញ​ធ្វើ​កូដកម្ម​អហិង្សា​នេះ ធ្វើឡើង​ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ចេញ​មុខ​ដោះស្រាយ​លើ​វិវាទ​ការងារ​ជាមួយ​ពួកគេ​ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង ២​ឆ្នាំ​កន្លងមក​នេះ។

ជុំវិញ​វិវាទ​ការងារ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នេះ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​លើកឡើង​កាលពី​ដើម​ខែ​មិថុនា កន្លងទៅ​ថា អតីត​បុគ្គលិក​ណាហ្គា​វើលដ៍​ដែល​នៅ​សេសសល់​ចំនួន​តែ​ជាង ៩០​នាក់​ប៉ុណ្ណោះ​ដែល​មិន​ព្រម​ទទួល​យក​ដំណោះស្រាយ​របស់​ក្រុមហ៊ុន។ លោក​បន្ថែម​ថា មិន​មែន​លោក​មិន​ដឹង​ថា​ពួកគេ​កំពុង​ស៊ីឈ្នួល​ធ្វើ​បាតុកម្ម​នោះ​ទេ។

យ៉ាងណា​ក៏ដោយ អ្នក​គ្រប់គ្រង​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ធ្លាប់​អះអាង​ថា ការ​សន្និដ្ឋាន​ផ្ទុយ​ពី​ការពិត គឺ​រឹតតែ​បង្ក​ភាព​ឈឺចាប់​ដល់​ជនរងគ្រោះ​ពិតប្រាកដ និង​ជា​ការ​លើក​ទឹកចិត្ត​ឱ្យ​មាន​ភាព​អយុត្តិធម៌​ក្នុង​សង្គម​កម្ពុជា​កាន់តែ​ច្រើន​ទ្បើងៗ​ទៅវិញ​ប៉ុណ្ណោះ។

លោក ឃុន ថារ៉ូ ត្អូញត្អែរ​ថា​វា​គឺជា​ការ​ឈឺចាប់​បំផុត​សម្រាប់​សង្គម​ខ្មែរ​ដែល​មន្ត្រី​រាជការ​ជា​អ្នក​បម្រើ​រាស្ត្រ​មួយ​ចំនួន​ធំ​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ហូរហៀរ​រាប់​សិប​លាន​ដុល្លារ​អាមេរិក ខណៈ​ប្រជារាស្ត្រ​ខ្មែរ​ដែល​ជា​កម្មករ​សូម្បីតែ​ស្រែក​រក​យុត្តិធម៌​ត្រឹម​មួយ​ចម្អែត​ក្រពះ​ដែល​ជា​ផ្នែក​មួយ​នៃ​សិទ្ធិ​រស់​រាន​មាន​ជីវិត​របស់​ខ្លួន ក៏​មិន​ទទួល​បាន​ផង​នោះ។

កាលពី​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២១ កន្លងទៅ ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន​ប្រកាស​បញ្ឈប់​កម្មករ​និយោជិត​ជាង ១​ពាន់​នាក់ ក្រោម​មូលហេតុ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ប៉ុន្តែ​កម្មករ​និយោជិត​ទាំងនោះ​អះអាង​ថា ការ​លើកឡើង​នេះ​គ្រាន់តែ​ជា​លេស​របស់​ក្រុមហ៊ុន​ក្នុង​ចេតនា​ចង់​រំលាយ​ក្រុម​សហជីព​ដែល​តែងតែ​ជួយ​ការពារ​សិទ្ធិ​កម្មករ​កន្លងមក​ប៉ុណ្ណោះ។

បន្ទាប់ពី​ក្រុមហ៊ុន​បញ្ឈប់​កម្មករ​ដោយ​រំលោភ​បំពាន​ច្បាប់​ការងារ នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ជាង ១៣០០​នាក់ នាំគ្នា​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​នៅ​មុខ​ក្រុមហ៊ុន​ល្បែងស៊ីសង​នេះ ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួលយក​បុគ្គលិក​ទាំង ៣៦៥​នាក់​ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់ ឱ្យ​ចូល​បម្រើ​ការងារ​វិញ ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​ចោទ​ថា​ពួកគេ​បាន​ធ្វើ​ចលនា​បដិវត្តន៍​ពណ៌​ដែល​មាន​ការ​រៀបចំ និង​បណ្តុះបណ្តាល​ដោយ​ពួក​បរទេស។

ចាប់តាំងពី​ថ្ងៃ​ចាប់ផ្តើម​ធ្វើ​កូដកម្ម​នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ រហូត​ដល់​ពេលនេះ​មាន​រយៈពេល​ជិត ២​ឆ្នាំ​ហើយ ប៉ុន្តែ​វិវាទ​នេះ​នៅតែ​គ្មាន​ដំណោះស្រាយ​ដដែល ខណៈ​ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​សាជាថ្មី​ម្តង​ទៀត​កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ កន្លងទៅ និង​ក្រុម​កូដករ​មួយ​ចំនួន​ផ្សេង​ទៀត​កំពុង​រង​នូវ​បណ្តឹង​នានា​តាម​ផ្លូវ​តុលាការ ខណៈ​លោក ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី បែរជា​ចោទ​ថា​ពួកគេ​ស៊ីឈ្នួល​ធ្វើ​បាតុកម្ម​ទៅវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស