27 C
Phnom Penh

ជំនួប​រដ្ឋមន្ត្រី​សេដ្ឋកិច្ច G-20 មិន​អាច​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ដោយសារ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​នៃ​ក្រុម​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​មកពី​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន G-20 ដែល​ធ្វើឡើង​នៅ​លើ​ទឹកដី​នៃ​ប្រទេស​ឥណ្ឌា បាន​បិទ​បញ្ចប់​ដោយ​ពុំ​អាច​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ដើម្បី​ធ្វើការ​បូក​សរុប​លទ្ធផល​នៃ​កិច្ចប្រជុំ ដោយសារតែ​មាន​ការ​ខ្វែង​គំនិត​គ្នា​ខ្លាំង​ឈាន​ដល់​ការ​បែងចែក​បក្ខពួក​ព្រោះតែ​ករណី​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។

នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​បាន​ស្រង់​សម្ដី​របស់​មន្ត្រី​ឥណ្ឌា ហើយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែ​កក្កដា នេះ។

ប្រទេស​ឥណ្ឌា​សម្រាប់​ឆ្នាំ​២០២៣ នេះ គឺជា​ប្រទេស​ដែល​មាន​ភារកិច្ច​រៀបចំ​កិច្ចប្រជុំ​របស់​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន G-20 ឋានៈ​ជា​ប្រធាន​វេន​ប្រចាំ​ឆ្នាំ​ផ្ទេរ​ពី​ប្រទេស​ឥណ្ឌូនេស៊ី។ អំឡុង​កិច្ចប្រជុំ​នេះ ឥណ្ឌា​ដែល​ជា​ប្រធាន​ប្តូរ​វេន​របស់ G-20 ឆ្នាំ​២០២៣ នេះ បាន​ព្យាយាម​បង្កើត​ការ​ឯកភាព​គ្នា​លើ​កំណែ​ទម្រង់​ក្នុង​វិស័យ​ធនាគារ​ពហុភាគី នាំ​ទៅ​រក​គោលការណ៍​ណែនាំ​សកល​ស្ដីពី​រូបិយប័ណ្ណ crypto និង​សំដៅ​ពន្លឿន​ការ​ដោះស្រាយ​បំណុល​របស់​ប្រទេស​ងាយ​រងគ្រោះ ប៉ុន្តែ​វិបត្តិ​ជម្លោះ​រុស្ស៊ី-អ៊ុយក្រែន បាន​ក្លាយ​ជា​ស្រមោល​លើ​ការងារ​ការទូត​របស់​ពិភពលោក​ដ៏​តានតឹង។

មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា របៀបវារៈ​ទាំងអស់​អាច​ត្រូវ​លើក​យក​ទៅ​ពិភាក្សា​គ្នា​បន្ត​ទៀត ទាល់តែ​សមាជិក​គ្រប់​គ្នា​យល់ព្រម​ទទួលយក​របៀបវារៈ​នេះ​ជា​មុន​សិន។

ក្នុង​ជំនួប​នោះ គេ​សង្កេត​ឃើញ​ប្រទេស​លោក​ខាងលិច​ភាគច្រើន រួម​ទាំង​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស អាល្លឺម៉ង់ និង​បារាំង បាន​ជំរុញ​ឲ្យ​មាន​ការ​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​រុស្ស៊ី ដែល​បង្កើត​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។ តែ​ក្នុង​នោះ រុស្ស៊ី និង​ចិន បាន​ជំទាស់ ហើយ​ឥណ្ឌា ក្នុង​នាម​ជា​ប្រទេស​ម្ចាស់​ផ្ទះ មិន​អាច​ធ្វើ​សេចក្តី​ព្រាង​សេចក្តី​ប្រកាស​ចុងក្រោយ​ដែល​អាច​ទទួលយក​បាន​សម្រាប់​គ្រប់​សមាជិក​ទាំងអស់​បាន​នោះ​ទេ ខណៈ​ប្រទេស​មួយ​ចំនួន​ទទូច​ឲ្យ​ហៅ​ជម្លោះ​នោះ​ថា​ជា​សង្គ្រាម​ឈ្លានពាន។

សម្រាប់​រុស្ស៊ី​ខ្លួន​គេ​ផ្ទាល់ បាន​ស្នើ​ឱ្យ​ហៅ​ប្រតិបត្តិការ​សឹក​ពិសេស។ សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​មក​ដល់​ពេលនេះ​ចូល​ដល់​ខែ​ទី​១៧ ហើយ។

ប្រទេស​ឥណ្ឌា​បាន​អនុម័ត​នូវ​គម្រោង​ធំ​មួយ​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​ឧស្ម័ន និង​ប្រេងឥន្ធនៈ​ដែល​ចង់​ធ្វើ​ឱ្យ​គ្រប់គ្រាន់​សម្រាប់​ពិភពលោក ដោយ​ទទូច​ឱ្យ​មាន​ដំណោះស្រាយ​ការទូត តែ​ក៏​មាន​ការ​មិន​ចុះសម្រុង​គ្នា​ដែរ ព្រោះ​គេ​ថា​ឥណ្ឌា​ខ្លួនឯង​ផ្ទាល់​នៅតែ​ជា​ប្រទេស​នាំចូល​ឧស្ម័ន និង​ប្រេង​យ៉ាង​ច្រើន​ពី​ប្រទេស​រុស្ស៊ី ខណៈ​ក្រុង​មូស្គូ រង​ទណ្ឌកម្ម​យ៉ាង​ខ្លាំង​ពី​បស្ចិម​ប្រទេស និង​សម្ព័ន្ធមិត្ត​អាមេរិក​ដែល​ប្រឆាំង​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។

មន្ត្រី​ឥណ្ឌា​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ថា ការ​សម្របសម្រួល​របស់​ឥណ្ឌា នៅ​ឯ​ជំនួប G-20 ដើម្បី​ទាញ​ទៅ​រក​រូបមន្ត​សន្តិភាព​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ហើយ​ស្នើ​ឱ្យ​អង្គការ​សហប្រជាជាតិ​ជួយ​អន្តរាគមន៍​ក៏​មិន​អាច​រក​មតិ​រួម​បាន​ដែរ។

ចំពោះ​អ្នកស្រី Janet Yellen រដ្ឋមន្ត្រី​រតនាគារ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា ក្រុង​វ៉ាស៊ីនតោន​ចង់​ឃើញ​កម្លាំង​រួម​គ្នា មាន​គោលដៅ​រួម​គ្នា​ប្រឆាំង​នឹង​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន គឺ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​រុស្ស៊ី។ តែ​ត្រង់​ចំណុច​នេះ ក៏​ពុំ​អាច​រក​មតិ​រួម​បាន​ដែរ ហើយ​ទីបំផុត​បាន​នាំ​ទៅ​រក​បរាជ័យ​ក្នុង​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម។

ជំនួប​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន G-20 ធ្វើឡើង​នៅ​ទីក្រុង Gandhinagar នៃ​រដ្ឋ Gujarat ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា គឺជា​កិច្ចប្រជុំ​ហិរញ្ញវត្ថុ​លើក​ទី​៣ របស់ G-20 ដែល​ប្រទេស​ឥណ្ឌា​ជា​ម្ចាស់​ផ្ទះ។ ចាប់តាំងពី​ទទួល​ឋានៈ​ជា​ប្រធាន G-20 នៅ​ខែ​ធ្នូ ឆ្នាំ​២០២២ មក ឥណ្ឌា​មិន​អាច​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​បាន​ទេ។

ឥណ្ឌា​នៅ​បន្ត​ជា​ប្រធាន G-20 រហូត​ដល់​ដាច់​ខែ​ធ្នូ ឆ្នាំ​២០២៣។ យ៉ាងណា ឥណ្ឌា​ត្រូវ​មាន​ភារកិច្ច​ដ៏​ចម្បង​មួយ​ទៀត គឺ​ការ​រៀបចំ​ជំនួប​កំពូល​នៅ​ក្រុង​ញូវដែលី នៅ​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១០ កញ្ញា។

ក្នុង​ចំណោម​មេដឹកនាំ ២០​ប្រទេស គឺ​មាន​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល ក៏​មាន​គណៈប្រតិភូ​ប្រទេស​រុស្ស៊ី​ចូលរួម​ដែរ ថា​តើ​លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី ចូលរួម​ដែរ​ឬ​ទេ ខណៈ​បុរស​ខ្លាំង​វិមាន​ក្រឹមឡាំង​រូប​នេះ​កាលពី​ប្រជុំ​នៃ​មេដឹកនាំ G-20 នៅ​ឥណ្ឌូនេស៊ី លោក​មិន​បាន​ចូលរួម​ទេ ដោយ​មាន​វត្តមាន​រដ្ឋមន្ត្រី​ការបរទេស លោក ហ្សេហ្គេឡារ៉ូវ មក​ជំនួស។

តែ​លោក ហ្សេហ្គេឡារ៉ូវ បាន​ចូលរួម​ប្រជុំ​បាន​តែ​ត្រឹម​ថ្ងៃទី​១ ដល់​ថ្ងៃទី​២ លោក​ឡើង​យន្តហោះ​ទៅ​ក្រុង​មូស្គូ វិញ ព្រោះតែ​ជំនួប​កំពូល​នៅ​ពេល​នោះ​ឡើង​កំដៅ​ខ្លាំង​ចំ​ពេល​មាន​ការ​វាយប្រហារ​ខ្លាំងៗ​ទៅ​លើ​ក្រុង​មូស្គូ ហើយ​ក៏​ចំ​ពេល​លោក វូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតី​អ៊ុយក្រែន ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ថ្លែង​សុន្ទរកថា​តាមរយៈ​វីដេអូ​អ៊ីនធឺណិត​ទៅ​កាន់​ជំនួប​កំពូល​នៃ​មេដឹកនាំ G-20 ហើយ​នៅ​ពេល​នោះ សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយក្រែន​កំពុង​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​រវាង​កងទ័ព​រុស្ស៊ី និង​អ៊ុយក្រែន។ មក​ដល់​ពេលនេះ សង្គ្រាម​កាន់តែ​សាហាវ​ឡើងៗ ដែល​ជា​សង្គ្រាម​អ៊ុយក្រែន វាយបក​ដើម្បី​រំដោះ​ទឹកដី​ពី​រុស្ស៊ី​មក​វិញ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស