ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (UN) ចោទថា ការលើកឡើងរបស់ឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Türk ជុំវិញការបោះឆ្នោតនៅកម្ពុជា បានបង្កការភាន់ច្រឡំ និងមានលក្ខណៈនយោបាយយ៉ាងស៊ីជម្រៅ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ ចេញសេចក្តីប្រកាសព័ត៌មានមួយដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៨ កក្កដា ថា ការអនុវត្តនូវវិធានការរដ្ឋបាល និងច្បាប់ដើម្បីថែរក្សានីតិរដ្ឋ មិនមែនជាការរឹតត្បិតសេរីភាពរបស់គណបក្សនយោបាយ បេក្ខជននយោបាយ សកម្មជន សហជីពកម្មករ អង្គការមិនមែនរដ្ឋាភិបាល និងអង្គភាពសារព័ត៌មាននានានោះទេ ប៉ុន្តែពួកគេត្រូវតែទទួលខុសត្រូវចំពោះការប្រព្រឹត្តរបស់ខ្លួនដោយស្មើៗគ្នានៅចំពោះមុខច្បាប់របស់ប្រទេសកម្ពុជា។
ប្រភពដដែលលើកឡើងថា ការចោទថាការបោះឆ្នោតនៅកម្ពុជាធ្វើឡើងក្នុងបរិយាកាសរឹតត្បិត គឺមិនត្រឹមត្រូវនោះឡើយ ព្រោះថាចំនួនអ្នកទៅបោះឆ្នោតសរុបទាំងអស់ជាង ៨លាននាក់ដែលជាតួលេខមួយបង្ហាញពីការប្រើប្រាស់សិទ្ធិរបស់ពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ ក្នុងការបោះឆ្នោតជ្រើសរើសគណបក្សនយោបាយដោយសេរី ដែលជាសក្ខីភាពយ៉ាងជាក់ច្បាស់ពីការអនុវត្តនូវរបបលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បញ្ជាក់ថា កម្ពុជានៅតែប្រកាន់ខ្ជាប់ការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះនយោបាយពហុបក្ស ប្រជាធិបតេយ្យ សន្តិភាព និងការលើកកម្ពស់សិទ្ធិមនុស្ស ដូច្នេះឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សគួរតែពិចារណាពីតថភាពទាំងឡាយដែលបានកើតមាននៅកម្ពុជា ព្រមទាំងអនុវត្តការងាររបស់ខ្លួនដោយឈរលើគោលការណ៍អព្យាក្រឹត សត្យានុម័ត និងមិនជ្រើសរើសតែមួយជ្រុងណាមួយមកវិនិច្ឆ័យលើកម្ពុជានោះទេ។
កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Türk បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការបោះឆ្នោតនៅកម្ពុជាដែលលោកមើលឃើញថា ជាការដាក់កម្រិតលើសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងដំណើរការនៃការបោះឆ្នោតនេះ។
លោកបន្ថែមថា ច្បាប់ និងគោលនយោបាយនានាបានរឹតបន្តឹង រារាំងដល់ការចុះឈ្មោះរបស់គណបក្សនយោបាយ និងបេក្ខជននយោបាយយ៉ាងធ្ងន់ធ្ងរ ខណៈគណបក្សប្រឆាំង សហជីព អង្គការក្រៅរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានរងនូវការគំរាមកំហែង បំភិតបំភ័យផងដែរ។
លោក Volker Türk លើកឡើងថា ប្រទេសកម្ពុជាកំពុងធ្លាក់ចុះលំហប្រជាធិបតេយ្យយ៉ាងគំហុកនៅពេលនេះ ដែលនាំទៅដល់ការបំផ្លាញសេរីភាពជាមូលដ្ឋាន និងសិទ្ធិក្នុងការចូលរួមក្នុងកិច្ចការសាធារណៈរបស់ពលរដ្ឋកាន់តែខ្លាំង ព្រោះថាភស្តុតាងជាក់ស្តែង គឺបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ កំពុងប្រឈមមុខនឹងការរឹតបន្តឹង និងការសងសឹកគ្រប់បែបយ៉ាង ដែលគេមើលឃើញថាជាការរារាំងនូវការអនុវត្តសិទ្ធិសេរីភាពមូលដ្ឋានដែលជាកត្តាចាំបាច់សម្រាប់ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សរូបនេះ ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដោះស្រាយ និងកែតម្រូវចំណុចខ្វះខាតរបស់ខ្លួន ដោយការបើកឱកាសឱ្យមានការចូលរួមពិភាក្សាពីគ្រប់គណបក្សនយោបាយ និងតួអង្គសង្គមស៊ីវិល ដើម្បីបង្កើតលំហសិទ្ធិសេរីភាពរបស់ពលរដ្ឋឡើងវិញទៅថ្ងៃមុខ។
ទាក់ទិននឹងការបោះឆ្នោតជាតិនៅកម្ពុជា ឆ្នាំ២០២៣ នេះ សារព័ត៌មានបរទេសដែលមានឈ្មោះថា NIKEI ASIA បានចុះផ្សាយកាលពីថ្ងៃទី២៦ កក្កដា នេះថា ការបោះឆ្នោតដែលគណបក្សប្រជាជនកម្ពុជាទទួលជ័យជម្នះភ្លូកទឹកភ្លូកដីកាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅ គឺជាដំណើរការមួយដែលនៅឆ្ងាយពីលទ្ធិប្រជាធិបតេយ្យយ៉ាងខ្លាំង ដោយសារតែគណបក្សប្រឆាំងដ៏ធំបំផុតត្រូវបានដកហូតសិទ្ធិមិនឱ្យចូលរួម ដូច្នេះដំណើរការទាំងមូលជុំវិញការបោះឆ្នោតនេះ គ្មានអ្វីក្រៅពីការរំលោភអំណាចដើម្បីបំផ្លាញលទ្ធិប្រជាធិបតេយ្យនោះឡើយ៕