ឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិ (UN) សម្ដែងក្តីបារម្ភអំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ ចំពោះមុខអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres ពីសកម្មភាពរំលោភបទឈប់បាញ់ដែលបង្កឡើងដោយភាគីថៃ ម្តងហើយម្តងទៀតក្នុងពេលនេះ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) នៅទីក្រុងញូវយ៉ក សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៩ សីហា ថា លោក កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres កាលពីថ្ងៃទី២៩ ខែសីហា នេះ។
ប្រភពដដែលអះអាងថា លោក កែវ ឈា បានរៀបរាប់ពីសកម្មភាពបង្កហេតុថ្មីៗរបស់ភាគីថៃ ជាពិសេសការដាក់លួសបន្លាកាត់យកភូមិពលរដ្ឋខ្មែរ និងបណ្តេញពលរដ្ឋទាំងនោះចេញពីផ្ទះសម្បែងដែលពួកគេបានរស់នៅជាយូរមកហើយនោះ ខណៈទាហានថៃ ក៏បានបំផ្លាញផ្ទះសម្បែងពលរដ្ឋទាំងនោះចោលគ្មានសល់ថែមទៀត។
ជាងនេះទៀត លោក កែវ ឈា ក៏បានច្រានចោលការប្រកាន់របស់ភាគីថៃ ដែលថាកម្ពុជា បានរំលោភបទឈប់បាញ់ ដូចជា ការដាក់មីនថ្មី ជាដើម។ លោកថា កម្ពុជាតែងតែគោរពបទឈប់បាញ់ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា ខណៈកម្ពុជា បានអត់ធ្មត់ខ្ពស់បំផុត ទោះបីជាទាហានថៃ បានធ្វើសកម្មភាពរំលោភបទឈប់បាញ់ម្តងហើយម្តងទៀតជាបន្តបន្ទាប់ក៏ដោយ។
ឯកអគ្គរាជទូតកម្ពុជារូបនេះបញ្ជាក់ថា មីននៅកម្ពុជា គឺជាមីនចាស់ដែលសល់ពីសម័យសង្គ្រាមស៊ីវិល ហើយកម្ពុជាក៏បានពន្យល់ទៅស្ថាប័នពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិរួចហើយដែរ។
លោកគូសបញ្ជាក់ថា កម្ពុជាក៏បានប្រគល់ភស្តុតាងនៃការដាក់រាយបន្លាលួសរបស់ទាហានថៃ កាត់ភូមិពលរដ្ឋកម្ពុជា និងភស្តុតាងនៃការពន្យល់អំពីមីនដែលធ្វើឡើងដោយអង្គភាពសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ថែមទៀត។
សារព័ត៌មានថៃ Enquirer បានចុះផ្សាយកាលពីថ្ងៃទី២៨ សីហា ថា ឯកអគ្គរាជទូតថៃ ប្រចាំអង្គការសហប្រជាជាតិ លោក Cherdchai Chaivaivid បានជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres នៅថ្ងៃព្រហស្បតិ៍ ដោយបង្ហាញពីក្ដីបារម្ភបន្ទាប់ពីទាហាន ៦នាក់រងនូវពិការភាពពីឧប្បត្តិហេតុជាន់មីននាពេលថ្មីៗនេះ។
ប្រភពដដែលអះអាងថា ឯកអគ្គរដ្ឋទូតថៃ រូបនេះ បានចោទកម្ពុជាថាបានប្រើប្រាស់មីនថ្មីចំពោះមុខលោក António Guterres និងស្នើសុំឱ្យមានការបំភ្លឺក្រោមអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្សផងដែរ។
យ៉ាងណាក៏ដោយ អ្នកជំនាញច្បាប់ និងឧក្រិដ្ឋកម្មអន្តរជាតិ លោក ឆាំង យុ បានលើកឡើងកាលពីថ្ងៃទី២៨ សីហា នេះថា ការលើកយកបញ្ហាគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ មកធ្វើជាប្រធានបទ គ្រាន់តែជាយុទ្ធសាស្ត្ររបស់ថៃ ជុំវិញជម្លោះព្រំដែនជាមួយកម្ពុជា ប៉ុណ្ណោះ។
អ្នកជំនាញច្បាប់ឧក្រិដ្ឋកម្មអន្តរជាតិរូបនេះ ជំរុញឱ្យរដ្ឋាភិបាលថៃ បញ្ឈប់ការបង្វែរប្រធានបទទៅរកបញ្ហាមីនដែលជាបញ្ហាបន្ទាប់បន្សំ ដោយងាកទៅដោះស្រាយបញ្ហាចម្បងនៅចំពោះមុខវិញ គឺការប្ដេជ្ញាចិត្តប្រកបដោយតម្លាភាព ស្មោះត្រង់ និងឥតលក្ខខណ្ឌ ដើម្បីសម្រេចបាននូវសន្តិភាពតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

