31 C
Phnom Penh

សមត្ថកិច្ច​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម​១១​នាក់​ករណី​បាញ់​សម្លាប់​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​ជនជាតិ​វៀតណាម ១១​នាក់​ពាក់ព័ន្ធ​នឹង​ករណី​បាញ់​សម្លាប់​ជនជាតិ​វៀតណាម​ដូច​គ្នា​ម្នាក់​កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា នៅ​ទល់មុខ​ផ្សារ​ហេងលី ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។

អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា បាន​ប្រាប់​សារព័ត៌មាន​របស់​រដ្ឋាភិបាល Fresh News ថា សមត្ថកិច្ច​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម​ទាំង ១១​នាក់​នេះ​នៅ​ម្ដុំ​ផ្សារ​ហេងលី ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។

ក្រោយពី​ឃាត់​ខ្លួន​បាន​នោះ លោក​ថា​សមត្ថកិច្ច​កំពុង​ធ្វើការ​សួរ​ចម្លើយ​ជនជាតិ​វៀតណាម​ទាំង ១១​នាក់​នៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ ប៉ុន្តែ​យ៉ាងណា គិត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​បង្ហាញ​ឈ្មោះ និង​រូបថត​ជនជាតិ​វៀតណាម ទាំង ១១​នាក់​នៅឡើយ ខណៈ​ជនរងគ្រោះ​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​នោះ ក៏​សមត្ថកិច្ច​មិន​បាន​បង្ហាញ​ជា​ជនជាតិ​អ្វី​ដែរ។

សារព័ត៌មាន The Cambodia Daily នៅ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា និង​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​នៅឡើយ​ទេ​ជុំវិញ​ករណី​នេះ។

បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ដែល​បាន​ចុះ​ឡាយ​ផ្ទាល់​ក្នុង​ហេតុការណ៍​នោះ ឲ្យ​ដឹង​ថា បុរស​ជន​បរទេស​ម្នាក់​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​កាលពី​រសៀល​ថ្ងៃទី​២៩ ខែ​កក្កដា គឺជា​ជនជាតិ​វៀតណាម​ដែរ ហើយ​ការ​បាញ់​សម្លាប់​នេះ​បន្ទាប់ពី​ជនរងគ្រោះ និង​ក្រុម​ជនជាតិ​វៀតណាម បាន​ឈ្លោះ​ទាស់ទែង​គ្នា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស