សមាគមខ្មែរកម្ពុជាក្រោមទាមទារឲ្យរដ្ឋាភិបាលវៀតណាម ដោះលែងពលរដ្ឋខ្មែរក្រោមចំនួន ៣នាក់ដែលត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បំពានផលប្រយោជន៍របស់រដ្ឋ និងសិទ្ធិសេរីភាពស្របច្បាប់នៃអង្គការចាត់តាំង និងបុគ្គល» តាមច្បាប់របស់រដ្ឋាភិបាលវៀតណាម និងបញ្ឈប់រាល់ការរឹតត្បិតសេរីភាពខ្មែរក្រោម ដោយចាត់ទុកការធ្វើទុក្ខបុកម្នេញនេះ ថាជាការរំលោភសិទ្ធិមនុស្ស និងបំពានលើគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ។
យោងតាមសេចក្ដីថ្លែងការណ៍របស់សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ឲ្យដឹងថា អាជ្ញាធរវៀតណាមនៅតែបន្តធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្មែរក្រោមដោយបំពានទៅលើគោលការណ៍សិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើមនៃអង្គការសហប្រជាជាតិ។
សមាគមខ្មែរកម្ពុជាក្រោម អំពាវនាវទៅរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោះលែងពលរដ្ឋខ្មែរក្រោមឲ្យមានសេរីភាព និងបញ្ឈប់រាល់ការរឹតត្បិតសេរីភាពរបស់ខ្មែរក្រោមជាបន្ទាន់។ លើសពីនេះ ពួកគេក៏ទាមទារឲ្យរដ្ឋាភិបាលវៀតណាម ត្រូវពិនិត្យឡើងវិញ និងកែតម្រូវច្បាប់ផ្ទៃក្នុងរបស់ខ្លួនឲ្យស្របទៅតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីធានាការគោរពសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើមឲ្យបានពេញលេញផងដែរ។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងនគរបាលនៃរដ្ឋាភិបាលវៀតណាម កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានឡោមព័ទ្ធចាប់ខ្លួន និងឃុំខ្លួនពលរដ្ឋខ្មែរក្រោមជាច្រើននាក់ដោយចោទពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បំពានផលប្រយោជន៍របស់រដ្ឋ និងសិទ្ធិសេរីភាពស្របច្បាប់នៃអង្គការចាត់តាំង និងបុគ្គល» តាមមាត្រា៣៣១ នៃក្រមព្រហ្មទណ្ឌរបស់រដ្ឋាភិបាលវៀតណាម។
សេចក្ដីថ្លែងការណ៍បញ្ជាក់ថា ពលរដ្ឋខ្មែរក្រោមចំនួន ៣នាក់ត្រូវបានអាជ្ញាធរវៀតណាមឃុំខ្លួនបណ្ដោះអាសន្ន ខណៈពលរដ្ឋ ៣នាក់ត្រូវបានដោះលែងបន្ទាប់ពីចាប់ខ្លួនទៅស៊ើបសួរ។ ចំណែកពលរដ្ឋ ២នាក់ត្រូវបានអាជ្ញាធរវៀតណាមឃ្លាំមើល និងរឹតត្បិតយ៉ាងតឹងរ៉ឹង ហើយម្នាក់ទៀតត្រូវបានកោះហៅទៅប៉ុស្តិ៍នគរបាលដើម្បីស៊ើបសួរផងដែរ។
សមាគមខ្មែរកម្ពុជាក្រោមចាត់ទុកទង្វើរបស់អាជ្ញាធរនគរបាលវៀតណាមដែលកំពុងតែប្រព្រឹត្តលើប្រជាពលរដ្ឋខ្មែរក្រោម ថាបានរំលោភសិទ្ធិមនុស្សខ្មែរក្រោមយ៉ាងធ្ងន់ធ្ងរ និងបំពានលើគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ និងសិទ្ធិជនជាតិដើមរបស់អង្គការសហប្រជាជាតិ។
ជាមួយគ្នានេះ អង្គការសមាគមខ្មែរកម្ពុជាក្រោមក៏បានអំពាវនាវដល់អង្គទូតនានាប្រចាំនៅប្រទេសវៀតណាម និងអង្គការជាតិ អន្តរជាតិ ចូលរួមឃ្លាំមើល តាមដានព្រឹត្តិការណ៍នេះដើម្បីផ្តល់យុត្តិធម៌ និងការពារសិទ្ធិសេរីភាពជូនពលរដ្ឋខ្មែរក្រោមទាំងនេះ ក៏ដូចជាពលរដ្ឋខ្មែរក្រោមដែលជាជនជាតិដើមនៅលើទឹកដីកម្ពុជាក្រោមផងដែរ៕